ចិន៖ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ត្រូវបានគេ ប្រទះឃើញថា រូបគេត្រូវបាន ឪពុកម្តាយ ដាក់ឲ្យរស់នៅ ក្នុងទ្រុងជ្រូក ជាមួយសត្វជ្រូក ជារៀងរាល់ថ្ងៃ។


ក្រុមស្ម័គ្រចិត្ត កំពុងជួយ សម្អាតខ្លួន ក្មេងប្រុស Hongbo

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស ដ៏គួរឲ្យអាណិត ម្នាក់នោះ មានឈ្មោះថា Hongbo ត្រូវបាន ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកសារព័ត៌មាន ប្រទះឃើញរូបគេ រស់នៅក្នុងទ្រុងជ្រូក ខាងក្រៅផ្ទះ នៅឯតំបន់ Puyang ខេត្ត Henan ប្រទេសចិន បន្ទាប់ពីត្រូវ ឪពុកម្តាយ ដាក់ឲ្យរស់នៅ ទីនោះ។

ក្មេងប្រុស Hongbo បានរស់នៅ ក្នុងទ្រុងជ្រូក ខាងក្រៅផ្ទះ ដែលមានភាពកខ្វក់ និងមានក្លិនស្អុយ រយៈពេល ប្រហែល ១ឆ្នាំមកហើយ បើទោះបីជា អាកាសធាតុ មានភ្លៀង និងព្រិល យ៉ាងណា ក៏ដោយ។

ឪពុករបស់ Hongbo មានឈ្មោះថា Liu Zhenxue អាយុ ៤៦ឆ្នាំ គឺជាអ្នកចិញ្ចឹមជ្រូក និង​ម្តាយ របស់គេ ជាមនុស្ស ដែលមាន ជំងឺឡប់សតិ។ ជារៀងរាល់ព្រឹក លោក Liu តែងតែ បើករថយន្ត កញ្ចាស់មួយគ្រឿង ឡើងទៅទីក្រុង ដើម្បីប្រមូល កាកសំណល់ ចំណីអាហារ ពីតាមហាងនានា យកមកឲ្យ ជ្រូកស៊ី ហើយជីវភាព របស់គាត់ មានភាព យ៉ាប់យុឺនខ្លាំង និង​មិនមាន ចំណីអាហារ ដើម្បីបរិភោគ គ្រប់គ្រាន់ នោះទេ។

បើតាមអ្នកភូមិ ដែលនៅក្បែរនោះ បាននិយាយថា ម្តាយរបស់ Hongbo មានកូន៥នាក់ ប៉ុន្តែស្លាប់អស់ ៣នាក់ ទៅហើយ ដែលមើលទៅ ទំនងជា មកពីអាកប្បកិរិយា មិនប្រក្រតី របស់គាត់ ទើបបណ្តាលឲ្យ កូនៗស្លាប់ ដូចនេះ។ អ្នកភូមិម្នាក់ បាននិយាយថា៖ "មានពេលខ្លះ ខ្ញុំបានលឺសំលេង ម្តាយ Hongbo បោកក្បាល កូនរបស់គាត់ ទៅនឹងទ្វារ និងដី ៣-៤ដង រហូតដល់គេយំ"។ 

អ្នកភូមិជាច្រើន មានសេចក្តី អាណិតអាសូរ ទៅដល់ Hongbo និងតែងតែ លួចផ្តល់ជា សំលៀកបំពាក់ និងចំណីអាហារ ទៅដល់រូបគេ ផងដែរ។

អ្នកស្ម័គ្រចិត្តម្នាក់ ឈ្មោះ Zhang Jiwen បាននិយាយថា៖ "ខ្ញុំពិតជាចង់ យកក្មេងនោះ មកចិញ្ចឹមណាស់ ប៉ុន្តែខ្ញុំមិនមែនជា អ្នកមាន ឬធូរធារអ្វីនោះទេ តែយ៉ាងហោចណាស់ ខ្ញុំអាចរ៉ាប់រង ទៅនឹងការចំណាយ លើការសិក្សា និងការហូបចុក របស់គេបាន"។

យ៉ាងណាមិញ បន្ទាប់ពីលេចលឺ ព័ត៌មានដូចនេះ គេនៅមិនទាន់ បានដឹងនៅឡើយទេថា ស្ថានភាព Hongbo និងក្រុមគ្រួសារ របស់គេ បច្ចុប្បន្ននេះ បានក្លាយទៅជា យ៉ាងណា ទៅហើយ៕



ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]