ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ ស្រវឹងស្រា បានបើករថយន្ត ក្នុងល្បឿនលឿន រេចង្កូតទៅ បុករថយន្ត TACOMA របស់មន្រ្តីយោធា នៅចំណុចមុខ សណ្ឋាគារអាស៊ាន ហើយបានព្យាយាម បើករត់ដល់មុខ វិទ្យាល័យវត្តភ្នំ មានការ អន្តរាគមន៍មកយក អ្នកបើករថយន្ត បង្កចេញពីកន្លែង កើតហេតុភ្លាមៗ និងមានអ្នកកាង មកចង្អុលមុខ ហាមអ្នក សារព័ត៌មាន មិនឱ្យថតរូប យកទៅផ្សាយ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទី យប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៥ នៅចំណុចមុខ សណ្ឋាគារអាស៊ាន តាមបណ្តោយផ្លូវ លេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តតាកូម៉ា ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ព្រៃវែង 2A-0023 ជារបស់មន្រ្តីយោធា នៃកងវិស្វកម្ម បានបើកក្នុង ទិសដៅពីជើងទៅត្បូង ខណះមកដល់ ចំណុចកើតហេតុស្រាប់ តែមានរថយន្ត ម៉ាកសឺដែស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-7839 បើកទិស ដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿន យ៉ាងលឿន បានរេចង្កូត ទៅខាងឆ្វេងដៃ បុករថយន្ត មន្រ្តីយោធា បណ្តាល ឱ្យដាច់កាឡេកង់ក្រោយ ហើយរថយន្តបង្ក បានព្យាយាមបើក រត់ដល់ចំណុចមុខ វិទ្យាល័យ វត្តភ្នំ ក៏ត្រូវគេដេញឃាត់បាន ។

មន្រ្តីនគរបាល បន្តថា ភ្លាមៗនោះអ្នកបើក រថយន្តបង្កបាន ចុះពីលើរថយន្ត ទាំងខ្លួនឈរមិនចង់នឹង ដោយសារ ស្រវឹងស្រាជោគជាំ និងបានខលទូរស័ព្ទ ហើយមួយសន្ទុះ ក្រោយមកក៏មាន សមត្ថកិច្ចជាច្រើននាក់ បានមកធ្វើការ អន្តរាគមន៍យកជនបង្ក ចេញពីកន្លែងកើតហេតុភ្លាមៗ ដោយបុរសម្នាក់នោះ ត្រូវបានគេសន្និដ្ឋានថា ជាមន្រ្តីនគរបាលមាន ស័ក្តធំម្នាក់ ។

ក្រោយពីទទួលបាន ដំណឹងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អ្នកយកព័ត៌មាន បានចុះទៅផ្តិត យករូបភាពនៅកន្លែងកើតហេតុ ប៉ុន្តែត្រូវបានអ្នក ដែលចុះទៅអន្តរាគមន៍នោះ ចង្អុលមុខនិងបាន គំរាមមិនឱ្យ ថតចុះផ្សាយដោយបាននិយាយ ថាមេរបស់ខ្លួន ជាអ្នកបើករថយន្ត ខាងលើនេះ ជាអ្នកមានអំណាច ។ ហើយក្រោយមក ដោយមិនចង់មាន រឿងវែងឆ្ងាយ ម៉្យាងវិញទៀត ភាគីបង្កបាន ចេញសងនូវ ថ្លៃខូចខាតចំនួន ៤០០ដុល្លារ ដើម្បី បញ្ចប់រឿង ចំណែកភាគីខាង រថយន្តរងគ្រោះ ក៏ព្រមទទួល ដោយមិនចង់មាន រឿងវែងឆ្ងាយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]