ភ្នំពេញៈ ដោយការព្រួយបារម្ភ ពីសុខភាពប្រជាពលរដ្ឋ និងកំណើននៃការស្លាប់ ដោយសារការជក់បារី នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ អង្គការចលនាដើម្បី សុខភាពកម្ពុជា រួមសហការជាមួយក្រុមយុវជនស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអនុក្រិត្យ របស់រាជារដ្ឋាភិបាល ស្តីពីវិធានការហាមឃាត់ ការផ្សាយ ពាណិជ្ជកម្មផលិតថ្នាំជក់ នៅតាមទីប្រជុំជន តាមស្ថានីយប្រេង ផ្លូវសាធារណៈនិងតាមផ្សារ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ កក្តដា ឆ្នាំ២០១២ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយអនុក្រិត្យ របស់រាជារដ្ឋាភិបាល ស្តីពីវិធានការ ហាមឃាត់ ចំពោះការផ្សាយពាណិជ្ជ កម្មផលិតផលថ្នាំជក់នេះ មានគោលបំណងផ្តល់ព័ត៌មាន និងក្រើនរំលឹក ដល់អ្នកលក់រាយ និងលក់ដុំនៃផលិតផលថ្នាំជក់ ទាំង អស់ កុំឲ្យបន្តរួមចំណែក នៅក្នុងការផ្សាយពាណិជ្ជកម្មផលិតថ្នាំជក់ ដែលល្មើស ទៅនឹងខ្លឹមសារ នៃអនុក្រិត្យរបស់រាជរដ្ឋាភិបាល។

លោកមុំ គង់ បន្តថា ក្រោយពីដាក់ចេញនូវអនុក្រិត្យ ស្តីពី វិធានការហាមឃាត់ ចំពោះការផ្សាយពាណិជ្ជកម្ម ផលិតថ្នាំជក់ផលិតថ្នាំជក់ នៅថ្ងែទី២៤កុម្ភៈ ឆ្នាំ ២០១១មក ការផ្សាយពាណិជ្ជកម្មបារី គ្រប់រូបភាព បានថយចុះគួរឲ្យកត់សំគាល់។ ប៉ុន្តែទំរង់ នៃការផ្សាយពាណិជ្ជកម្មមួយចំនួន នៅតែបន្តរហូតមានដល់បច្ចុប្បន្ន រួមមានផ្ទាំង ប៉ាណូផ្ទាំងរូបភាព ផ្ទាំងបដា ប្រតិទិន ដែកកេះ ពិសេសការផ្សាយពាណិជ្ជកម្មបារី នៅធុងលក់បារី ដោយប្រើស្ត្រីវ័យក្មេងថែមទៀត។

លោកមេធាវី កែវ សុធា ក្រុមមេធាវី SK និង P ក៏បានឲ្យដឹងដែរថា បើតាមមាត្រាទី១០ នៃអនុក្រិត្យបានបញ្ជាក់ថា អ្នកដែលប្រព្រឹត្តល្មើស ទៅនឹងខ្លឹមសាររបស់រាជ រដ្ឋាភិបាល នៃអនុក្រិត្យនេះ ទាំងអ្នកផ្តួចផ្តើមការផ្សាយពាណិជ្ជកម្ម ទាំងអ្នកពាក់ប័ន្ធ ដូចជាម្ចាស់ហាង ភោជនីយដ្ឋាន ម្ចាស់ហាងលក់កាហ្វេ ផ្ទះ ឬតូបលក់គ្រឿងទេស ត្រូវប្រឈមនឹងការព្រមាន ជាលាយលក្ខណ៍អក្សរ ដកហូតសម្ភារៈ ផ្សាយពាណិជ្ជកម្ម នឹងឈានដល់បិទអាជីវកម្ម ជាបណ្តោះអាសន្ន និងអាចឈានទៅលុប អាជីវកម្មទាំងស្រុង បើនៅតែមិនរៀងចាល។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការ សុខភាពពិភពលោក បានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ ត្រូវបានគេទទួលស្គាល់ទូទាំងពិភព លោកថា បានទាក់ទាញឲ្យមានអ្នកជក់បារីថ្មីៗ ពិសេសក្នុងចំណោមកុមារ ស្ត្រី និងយុវជន ដែលចង់បង្អាក់ដល់អ្នកចង់ផ្តាច់ការជក់បារីផងដែរ ។

លោកថា ស្ត្រីជក់បារី មានពី៣% ទៅ៤% ចំណែកបុរសវិញមាន១៤%។ ដូច្នេះ ទើបមានប្រទេសចំនួន១៦៧ លើភិភពលោក រួមកម្ពុជា បានប្តេជ្ញាចិត្ត តាមរយៈ អនុសញ្ញាត្រួតពិនិត្យថ្នាំជក់ កាត់បន្ថយការស្លាប់ ពិការភាព និងជំងឺផ្សេងៗ ដែលបណ្តាល មកពីការប្រើប្រាស់ថ្នាំជក់ តាមរយៈការហាមឃាត់ការផ្សាយ ពាណិជ្ជកម្ម ផលិតផលថ្នាំជក់នេះ។

តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក គឺការប្រើប្រាស់ថ្នាំជក់ បណ្តាលឲ្យមានអ្នក ស្លាប់ចំនួន ៦លាននាក់ ក្នុង១ឆ្នាំៗ នៅលើពិភពលោក ។ ដោយឡែក នៅប្រទេសកម្ពុជាយើងវិញ មានប្រជាពលរដ្ឋស្លាប់ ដោយសារការជក់បារី មានចំនួនជិត ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ជាងនេះទៅទៀត គ្រោះមហន្តរាយនៃការស្រូប ផ្សែងបារីពីគេ ក៏គ្រោះថ្នាក់ផងដែរ ដែលត្រូវខាតបង់ថវិកាជិត ១០០ លានដុល្លារអាមេរិក ទៅលើការប្រើប្រាស់ថ្នាំជក់នេះ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]