ភ្នំពេញ៖​ ក្នុងចំណោមឈុត កីឡាករក្រុមជម្រើសជាតិបាល់ទាត់ អាយុក្រោម ២៣ឆ្នាំរបស់កម្ពុជា កីឡាករ ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកា មិនត្រឹមតែមានទេពកោសល្យ និងការលេងខ្លាំងពូកែនោះ ទេ ក្នុងនោះរូបគេ ក៏មានរូបសម្បត្តិស្រស់សង្ហា រហូតធ្វើឲ្យអ្នកគាំទ្រដែលជានារីៗ និយមទស្សនាបាល់ទាត់ ជាច្រើននាក់ មានចិត្តលួច ស្រលាញ់ និងខ្លះហ៊ានសារភាពសុំស្រលាញ់ត្រង់ៗ តាមបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

ទោះជាយ៉ាងណាក៏ដោយ កីឡាករ វ័យ២១ ឆ្នាំ មកពីក្លឹបបឹងកេតអង្គររូបនេះ បានមានម្ចាស់បេះដូង រួចទៅហើយ ដែលមានមនុស្សជាច្រើន ដឹងថាមិត្តស្រីវឌ្ឍនាកា ក៏មានឈាមជ័រជាអ្នកកីឡាដូចគ្នា គឺជាកីឡាការិនីឆ្នើម និងស្រស់សោភា របស់ជម្រើសជាតិហែលទឹកកម្ពុជា មានឈ្មោះថា ហែម ថុនវិទិនី។ ក៏ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលបានដឹងពីដំណើរដើមទង ស្នេហារបស់ពួកគេទាំងពីរ ដូច្នេះថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ប្រិយមិត្ត មកអាន ប្រវតិ្តស្នេហារបស់ អត្តពលិកល្បីឈ្មោះទាំងពីររូប។

តាមរយៈកិច្ចសម្ភាសន៍ជាមួយខ្មែរឡូត កីឡាការិនី ហែម ថុនវិទិនី បានប្រាប់ឲ្យដឹងថា រូបគាត់ និងកីឡាករចាន់ វឌ្ឍនាកា បានស្រលាញ់គ្នារយៈពេល ជិតប្រាំឆ្នាំមកហើយ ពោលគឺតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១០ មកម្ល៉េះ។ រំលឹកទៅដល់ ពេលវេលាដែលពួកគេជួបគ្នាដំបូង គឺនៅពេលដែលចាន់ វឌ្ឍនាកា លេងនៅក្នុងឈុត ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម១៦ ឆ្នាំរបស់កម្ពុជា ដែលកាលណោះ វិទិនី គឺទៅគាំទ្រមិត្តភក្តិ របស់នាងដែលលេងនៅក្នុងឈុត ក្រុមបាល់ទាត់ អាយុក្រោម១៦ឆ្នាំ នោះដែរ។

ទោះជាស្គាល់គ្នាចាប់ តាំងពីពេលនោះមកមែន តែកីឡាការិនីវ័យ ២១ ឆ្នាំដដែលបានអះអាងថា រូបនាងមិនដែលនិយាយជាមួយចាន់ វឌ្ឍនាកានោះទេ ដោយសារតែវឌ្ឍនាកា ចូលចិត្តនិយាយឌឺដង និងញោះដើម្បីឲ្យនាងខឹង។ រំលងបានប៉ុន្មានខែ នៅចំថ្ងៃទី៣ នៃបុណ្យអុំទូកឆ្នាំ ២០១០ រូបនាង និងចាន់ វឌ្ឍនាកា រួមជាមួយមិត្តភក្តិមួយចំនួនទៀត ក៏បានទៅដើរលេងជាមួយគ្នា ពេលវេលានោះហើយ គឺជាពេលដែលពួកគេ ចាប់ផ្តើមនិយាយរកគ្នា និងលែងស្អប់គ្នាដូចកាលពីជួបមុខដំបូង។

បច្ចុប្បន្នទំនាក់ទំនងស្នេហារបស់ វឌ្ឍនាកា និងវិទិនី សុទ្ធតែត្រូវបានឪពុកម្តាយ ទាំងសងខាង ដឹងលឺ តែយ៉ាងណា មិញ ពួកគេមិនទាន់គិតពី រឿងមង្គលការនៅឡើយទេ ដោយសារតែទាំង វឌ្ឍនាកា និងវិទិនីខ្លួនឯងនៅមានចិត្ត ស្រលាញ់ការលេងកីឡានៅឡើយ ព្រោះបើសិនជារៀបការ រូបនាង នឹងចូលនិវត្តន៍ពីវិស័យកីឡា ចំពោះពេលនេះរឿងមង្គលការជា គឺរឿងដែលត្រូវគិតនៅពេលក្រោយ។


ចំណងស្នេហ៍របស់អត្តពលិកក្រុមជម្រើសជាតិកម្ពុជាទាំងពីរមានរយៈពេលជិត៥ឆ្នាំមកហើយ

ទាក់ទងទៅនឹងភាពល្បីល្បាញ របស់វឌ្ឍនាកា រហូតដល់ថ្នាក់មាននារីៗ សារភាពស្នេហ៍`សុំស្រលាញ់តាម បណ្តាញសង្គមហ្វេសប៊ុក វិទិនីដែលជាមិត្តស្រី បានប្រាប់ឲ្យដឹងថា មិត្តប្រុសរបស់នាង មិនមែនទើបតែល្បីនៅក្រោយចប់ស៊ីហ្គេម កាលពីពេលថ្មីៗនេះទេ គឺ វឌ្ឍនាកា ល្បីឈ្មោះយូរណាស់មកហើយ។

ចំពោះរឿងដែលមានគេ សុំស្រលាញ់ វឌ្ឍនាកា ត្រង់ៗនោះទៀតសោត គឺមិនបានធ្វើឲ្យនាង មានចិត្តប្រចណ្ឌអ្វីនោះទេ គឺមានតែសប្បាយចិត្តទៅវិញ ដោយសារតែពេលនេះ សន្ទុះនៃការគាំទ្រវិស័យបាល់ទាត់ខ្មែរ កាន់តែខ្លាំងជាងមុន មិនថាបុរស ឬនារី សុទ្ធតែ មានការចាប់អារម្មណ៍ និងគាំទ្រអស់ពីចិត្ត។ វឌ្ឍនាកា ជាកីឡាករក្នុងចិត្ត (Idol) របស់អ្នកគាំទ្រ គឺជារឿងធម្មតា ក្នុងវិស័យកីឡា ដូច្នេះមិនមានអ្វីត្រូវខឹងឡើយ សូម្បីតែរូបនាងផ្ទាល់ក៏មាន កីឡាករនៅក្នុងចិត្តផ្ទាល់ខ្លួនដែរ ដែល Idol របស់វិទិនីគឺជាកីឡាករ​ ហែលទឹកកូនកាត់ ជម្រើសជាតិសិង្ហបុរី ដ៏ល្បីឈ្មោះមួយរូប។

ជាចុងក្រោយ វិទិនីសំណូមពរ ចង់ឃើញអ្នកគាំទ្រខ្មែរ ចាប់អារម្មណ៍ទៅលើ វិញ្ញាសារ កីឡាដទៃទៀតដូចជា តេន្នីស បាល់បោះ តៃក្វាន់ដូ ហែលទឹក ជាដើម ដែលពួកគាត់សុទ្ធតែ ខិតខំប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះ កម្ពុជា លើ ឆាកអន្តរជាតិ តែមិនទាន់ឃើញមាន ការគាំទ្រខ្លាំងក្លាដូចកីឡាបាល់ទាត់ នៅឡើយ។

គួរបញ្ជាក់ផងដែរថាកីឡាករចាន់ វឌ្ឍនាកា បច្ចុប្បន្នកំពុងជាប់ភារកិច្ច ជាមួយក្រុម បឹងកេតអង្គរ ក្នុងយុទ្ធនាការ ពានរង្វាន់បាល់ទាត់ថ្នាក់ជាតិ Cambodia League ដែលទើបតែ ចាប់ផ្តើមកាលពីដើមខែកក្កដានេះ ខណៈដែល កីឡាការិនី ជំរើសជាតិហែលទឹក ហែមទុន វិទិនីកំពុងហ្វឹកហាត់ ត្រៀមចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ៕



កីឡាការិនីជំរើសជាតិហែលទឹកកម្ពុជា ហែមថុន វិទិនី






កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់វឌ្ឍនាកា


ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា