ចិន៖ កាម៉េរ៉ាសន្តិសុខ (CCTV) មួយកន្លែង បានថតជាប់ នូវសកម្មភាព គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យតក់ស្លុតមួយ ដែលរថយន្ត ដឹកអ្នកដំណើរមួយគ្រឿង មានផ្ទុកមនុស្សច្រើននាក់ បានបើករ៉េចង្កូត ធ្លាក់ចុះពីលើស្ពាន បណ្តាលឲ្យស្លាប់ម​នុស្សជាច្រើននាក់។


ទិដ្ឋភាពរថយន្តដឹកអ្នកដំណើរក្រោយពេលធ្លាក់ពីលើស្ពាន

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅនេះ នៅឯក្រុង Jian ភាគឦសាន ប្រទេសចិន បណ្តាលឲ្យ ស្លាប់មន្ត្រីសាធារណៈ កូរ៉េខាងត្បូង ចំនួន ១០នាក់ និងអ្នកបើកបររថយន្ត ជាជនជាតិចិនម្នាក់ផងដែរ។

រថយន្តដឹកអ្នកដំណើរនោះ មានផ្ទុកមន្ត្រីសាធារណៈកូរ៉េខាងត្បូង ចំនួន ២៦​នាក់ និងជនជាតិចិន ចំនួន២នាក់ ដោយក្នុងនោះ មន្ត្រីសារធារណៈកូរ៉េខាងត្បូងទាំង ២៦នាក់ខាងលើ ស្ថិតក្នុងចំណោម មន្រ្តី ១៤៨នាក់ទៀត ដែលបានមកចូលរួមក្នុង វគ្គបណ្តុះបណ្តាល នៅក្នុងប្រទេសចិន ដែលរៀបចំឡើងដោយ វិទ្យាស្ថានអភិវឌ្ឍន៍មន្ត្រីក្នុងតំបន់។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើ កើតឡើងដោយសារ អ្នកបើកបររថយន្ត ជាជនជាតិចិន បានបើកក្នុងល្បឿនលឿន រួចរេចង្កូតទៅបុក នឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្ត ជ្រុលធ្លាក់ទៅដល់ដីតែម្តង។

បច្ចុប្បន្ននេះ អ្នករងរបួស ១៦នាក់ ក្នុងគ្រោះថា្នក់ខាងលើនេះ កំពុងស្ថិតក្នុងការជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសចិន ហើយចំនែកសាកសព របស់មន្ត្រីកូរ៉េ ក៏ត្រូវបានបញ្ជូនមកកាន់មាតុភូមិវិញផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖​

ប្រភព Shanghaiist | yonhapnews

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]