កណ្ដាល ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រា អាឡិចហ្សង់វីស្គី ជាមួយមិត្តភ័ក្ដអស់១០ដប ក៏បញ្ចេញចរិតខ្លា ទៅបង្ក ជម្លោះជាមួយបងស្រី រហូតទាញកាំបិតផ្គាក់ ទៅកាប់ស្រ្តីម្នាក់ ជាបងស្រីខ្លួនឯង ចំកញ្ចឹងករយះ ដូចគេអារ កមាន់ ចង់មួយចំអាម រួចហើយទាញដុំថ្មមួយដុំធំ គប់ទៅលើបុរសម្នាក់ជាអ្នកជិតខាង ដែលចូលទៅជួយ ចំលើចិញ្ចើម រយះបាញ់ឈាមដូចគ្នា។ ករណីនេះបានកើតឡើង កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យក្នុងអំពើហឹង្សាកាប់ និងគប់ទៅលើបងស្រី និងអ្នកជិតខាងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ខាងលើ នេះ ហើយក្រោយមកត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះ ត្រូវបានគេស្គាល់ឈ្មោះ សែន ឬទ្ធីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាកម្មករក្បឿង ស្នាក់នៅផ្ទះក្បែរកន្លែងកើតហេតុ។ ចំណែក ជនរងគ្រោះ មានពីរនាក់ ដោយទីមួយមានឈ្មោះ សែន ស្រីឡែន ភេទស្រីអាយុ២៨ឆ្នាំ ស្នាក់ នៅផ្ទះកន្លែងកើតហេតុ មានមុខរបរជា កម្មការិនីកាត់ដេរ និងត្រូវជាបងស្រីរបស់ជនសង្ស័យបង្កើត បាន រងរបួសរយះត្រង់ក ផ្នែកខាងក្រោយ។

ជនរងគ្រោះទីពីរមានឈ្មោះ សេន ទិត្យ ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ មិន មានមុខ របរមិនពិតប្រាកដ ត្រូវជនសង្ស័យរើសថ្មមួយដុំធំគប់ទៅលើ ខណៈចូលទៅឃាត់ជន សង្ស័យកុំឲ្យបង្ក ជម្លោះ និងកាប់ទៅលើបងស្រីរបស់ខ្លួនឯង បណ្ដាលឲ្យត្រូវចំលើចិញ្ចើមខាងស្ដាំ រយះហូឈាម ជោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្ករួមជាមួយមិត្តភ័ក្ដ និងអ្នកជិត ខាងបាន បបួលគ្នាទិញស្រាអាំឡិចហ្សង់វីស្គី យកមកផឹកជុំគ្នានៅផ្ទះ ដោយផឹកអស់ រហូតដល់ទៅ ១០ដប។ ក្រោយ ផឹកស្រវឹងជនបង្ក បានដើរទៅផ្ទះបងស្រីរបស់ខ្លួន និយាយចុះឡើង ក៏កើតទៅជាជម្លោះ នឹងគ្នារវាងបងប្អូន បង្កើត ទាំងពីរនាក់ ស្រាប់តែប្អូនប្រុស ដែលស្រវឹង ក៏ស្ទុះទៅយកកាំបិតផ្គាក់អត់ដង យកទៅកាប់ លើបងស្ត្រី របស់ខ្លួន បណ្ដាលឲ្យត្រូវចំកញ្ចឹងក ផ្នែកខាងក្រោយរយះរងរបួសធ្ងន់តែម្ដង។

ចំណែកជនរងគ្រោះទី២ ពេលឃើញប្អូនកាប់បងដូច្នេះ ក៏ស្ទុះចូលទៅជួយក៏ត្រូវជនបង្កស្ទុះ ទៅរើស យកដុំថ្ម មួយដុំធំ គប់ទៅលើ បណ្ដាលឲ្យត្រូវលើចិញ្ចើមបែករយះតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការ តាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]