ខេត្តពោធិ៍សាត់​ ៖​ ផ្ទះ​ឈើ​មួយ​ខ្នង ​ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ​ ប្រក់​ស្លឹក​ទំហំ​ ៤​ម៉ែ​ត្រ​គុណ​​៥​ម៉ែត្រ ​បាន​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​ក្លាយជា​ ផេះ​ផង់​ក្នុង​រយៈ​ពេល​តែ​មួយ ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ ដោយសារ​កូនស្រី​ម្ចាស់ផ្ទះ ​បង្កាត់ភ្លើង​ដាំបាយ​ប្រើ​ក្រដាស​ដុត ​ហើយ​នៅ​ពេល​ក្រដាស់​ ឆាប​ដៃ​នាង​ក្ដៅ​ក៏​គ្រវាត់​ទៅ​កៀន ជញ្ជាំង​បណ្ដាល​ឲ្យ​ឆេះ ​ជញ្ជាំង​ស្លឹក​រាល​ទៅ​​ឆេះ​ផ្ទះ​ទាំងមូល​តែ​ម្ដង ​​កាលពី​​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ​កក្កដា​ ​២០១៥ នៅ​ចំណុច​ភ្នំ​ត្រប់ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​ ។

​​មន្ត្រី​នគរបាល ​ប៉ុស្តិ៍រដ្ឋបាល​រលាប​ ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ ​ឈ្មោះ​ ជា ប៉ុន​ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ខេត្តពោធិ៍សាត់​ ។ ​នៅ​ព្រឹក​​កើត​ហេតុ​នោះ​ ស្ត្រី​ជា​ម្ដាយ​រវល់​ទៅ​ធ្វើ​ ចម្ការ​ដាំដំឡូង​មី​នៅ​ម្ដុំ​ភ្នំ​ត្រប់ ​ចំណែក​​ឪពុក​ចេញ​ទៅ​ធ្វើការ​នៅ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។ ​

​កូនស្រី​អាយុ​៩​ឆ្នាំ ​ចេញពី​រៀន​មក​ដល់​ផ្ទះ​មុនគេ​ ​បាន​​បង្កាត់ភ្លើង​ដាំបាយ ។ ​ការ​បង្កាត់ភ្លើង​នេះ​ ​កូនស្រី​​បាន​យក​ក្រដាសសៀវភៅ​ដុត​ដើម្បី​ ដាក់​កម្ទេច​កម្ទី​​ឈើ​ពីលើ ប៉ុន្តែ​ពេល​ដែល​ដុត​នោះ​ភ្លើង​ក្រដាសបាន​ ឆាប​ដៃ​ធ្វើ​ឲ្យ​នាង​ក្ដៅ​ភ្ញាក់ ក៍​គ្រវាត់​ទៅ​កៀនជញ្ជាំង​ បណ្ដាល​ឲ្យ​ឆេះ​ជញ្ជាំង​ស្លឹក ​នៅ​ជុំវិញ​ចង្ក្រាន​បាយ​ ហើយដោយ​សារ​នាង​នៅ​ម្នាក់ឯង​ភ័យ​ស្លន់ស្លោ​រ ពុំ​មាន​អ្នក​ណា​ជួយ​ដងទឹក​ពន្លត់​ ទើប​រាល​ដាល​ឆេះ ​ផ្ទះ​ទាំងមូល​​បែប​នេះ ។

​សម្ភា​រ​ក្នុងផ្ទះ​​​មាន​ ទាំង​ប៉ុន្មាន​ត្រូវ​ភ្លើង​ឆេះ​​ហ្មត់​ អស់​​គ្មាន​សល់​ ​​​ដូច​ជា​ ម៉ាស៊ីន​កាត់​ដំឡូង​១ ​កង់​មួយ​គ្រឿង​ ​ទូរទស្សន៍​ ១​គ្រឿង​ ​អង្ករ​៥០​គីឡូក្រាម​ ​អា​គុយ​៥០​អំពែរ​១​​ ស្បៃ​ហាល​ដំឡូង​៣០​ដុំ​ ​ខោអាវ​ ​ចានឆ្នាំង​ និង​សម្ភា​រ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ។​

តាម​ការ​ផ្ដល់​ព័ត៌មាន​ ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​​ បាន​នាំ​យក​អំណោយ ​ទៅ​ផ្ដល់​ជូន​ជា​បន្ទាន់​ផង​ដែរ ​៕​


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]