ព្រះសីហនុ៖ ស្រ្តីចំណាស់ម្នាក់ ល្បួងហៅនារី២នាក់ពីភ្នំពេញ ឲ្យមកបំរើសេវាផ្លូវភេទ នៅខេត្ត ព្រះសីហនុ ត្រូវ កម្លាំង កងរាជអាវុធហត្ថខេត្ត ចាប់បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពី មានពាក្យបណ្តឹង ពីស្រ្តីរងគ្រោះទាំងពីរ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ស្រ្តីជនសង្ស័យ មានឈ្មោះ ហ៊ុយ មួយ អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

លោកមេបញ្ជាការ បានបញ្ជាក់ឲ្យដឹងថា ស្រ្តីឈ្មោះ ចាន់ ស្រីស្រស់ អាយុ២៨ឆ្នាំ និងឈ្មោះ វ៉ាន់ ញិប អាយុ៣៤ឆ្នាំ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ បានមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តថា ស្រ្តីជនសង្ស័យខាងលើ បានបង្ខំ ពួកនាងទាំងពីរឲ្យរួមភេទជាមួយភ្ញៀវ ។

យោងតាមការបំភ្លឺ របស់ស្រ្តីរងគ្រោះទាំងពីរ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ស្រ្តីឈ្មោះ ហ៊ុយ មួយ បានជួបពួកនាងនៅវត្តភ្នំ រាជធានីភ្នំពេញ ហើយក៏បានបបួលពួកនាង មកធ្វើការនៅខេត្តព្រះសីហនុ ជាអ្នក បំរើតាមផ្ទះ ប៉ុន្តែពេលមកដល់ ខេត្តព្រះសីហនុស្រ្តីខាងលើនេះ បានបង្ខំពួកនាងទាំងពីរនាក់ ឲ្យបំរើសេវា ផ្លូវភេទទៅវិញ ។  ដោយទ្រាំនិងទង្វើនេះមិនបាន រូបនាង ក៏បានមកប្តឹងសមត្ថកិច្ច កងរាជអាវុធហត្ថតែម្តង ។

យោងតាមចម្លើយសារភាព របស់ស្រ្តីជនសង្ស័យ ក៏បានឲ្យដឹងដែរថា គាត់ពិតជាបាន បបួលស្រ្តីទាំងពីរនាក់នេះ មក ខេត្តព្រះសីហនុពិតមែន ហើយពេលមកដល់ ពួកនាងបានស្ម័គ្រចិត្ត រួមភេទជាមួយភ្ញៀវដោយខ្លួនឯង តែកម្រៃ សេវាយកពាក់កណ្តាលម្នាក់ ។  បច្ចុប្បន្នស្រ្តី ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]