ភ្នំពេញ៖ ជនដៃដល់ម្នាក់ ដែលបានវាយ សម្លាប់គូជម្លោះ របស់ខ្លួន បណ្ដាលឱ្យបែក ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងដេកលង់លក់នោះ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពី យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

មូលហេតុ ដែលនាំឱ្យជនបង្ក វាយសម្លាប់ គូជម្លោះរបស់ខ្លួន ដែលបានកើតឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ វត្ដមង្គលវ័ន ហៅវត្ដ ថ្វាយដង្គុំ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ព្រោះតែខឹងជន រងគ្រោះបាន ចាក់ខ្លួនមួយកាំបិតចំខ្នង កាលពីចុងឆ្នាំ២០១៣ កន្លងទៅ ។

មន្ដ្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវចាប់ខ្លួន ខាងលើនេះ ឈ្មោះ ធូ ពៅ ហៅ ចាន់  ដោយឡែកជនរងគ្រោះ វិញឈ្មោះ កឺ។

តាមដំណើររឿង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុច កើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងតែដេកលង់លក់ ជាមួយមិត្ដភក្ដិ ម្នាក់ទៀតឈ្មោះ សុខ វាសនា ស្រាប់តែជនសង្ស័យ បានយកដំបងឈើជ្រុង ប្រវែងជិតមួយម៉ែត្រ បានវាយសំពងចំក្បាល ជនរងគ្រោះ បណ្ដាលឱ្យបែក ចេញឈាមនិង ធ្លាក់ស្លាប់តែម្ដង ។

ក្រោយកើតហេតុ ជនសង្ស័យរូបនេះបាន រត់គេចខ្លួន ក៏ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការ ចាប់ខ្លួននៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ធូ ពៅ ហៅចាន់ បានសារភាពថា ខ្លួនមានគំនុំ ជាមួយជនរងគ្រោះ ឈ្មោះ កឺ អស់រយៈពេល ជាយូរមកហើយ ដោយសារតែជនរងគ្រោះ កាលពីចុងឆ្នាំ២០១៣ បានចាក់ ខ្លួនមួយកាំបិត ចំខ្នង បណ្ដាលឱ្យរងរបួសធ្ងន់ ដូច្នេះនៅថ្ងៃ កើតហេតុ ដោយមានឱកាសល្អ ក៏សងសឹក ត្រឡប់ទៅវិញតែម្ដង។

ក្រោយបង្ហាញមុខ ជាសាធារណៈនៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥នេះ ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ ដោយមានការឯកភាព ពីសំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ និង គោលការណ៍ណែនាំ ពីសំណាក់ស្នងការ នគរបាល បានបញ្ជូនជននេះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ បន្ដការសួរនាំ និងចាត់វិធាន ការតាមនីតិវិធី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]