ភ្នំពេញ៖ សពបុរសពីរនាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្ដែតទឹក ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ដែលសមត្ថកិច្ច អះអាងថា ជាអំពើអត្ដឃាត ដោយលង់ទឹក និងអាចលោតសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្ស កាលពីប៉ុន្មានថ្ងៃមុននេះ ។

មន្ដ្រីនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រទះ ឃើញសពអណ្ដែតទឹក ម្នាក់ជាបុរស ស្ថិតនៅ ចំណុចចុងច្រាំង ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយគ្មាន នរណាម្នាក់ស្គាល់ ពីអត្ដសញ្ញាណ នោះឡើយ។

ក្រោយទទួលបាន ព័ត៌មានពីសំណាក់ ប្រជាពលរដ្ឋ អាជ្ញាធរនិង សមត្ថកិច្ចខាងផ្នែក កោសល្យវិច័យ បាននាំគ្នាចុះទៅពិនិត្យសព ហើយ អះអាងថា សពជនរងគ្រោះ មានអាយុជាង ៣០ឆ្នាំ កម្ពស់១,៧០ម៉ែត្រ សប្បុរខ្មៅ ស្លៀកខោខូវប៊យ ជើងវែង ពណ៌ខ្មៅ ពាក់អាវ យឺតដៃខ្លី ពណ៌ស ក្រវ៉ាត់ក្រមាចង្កេះ ពណ៌ ក្រហម និងស្ពាយកាបូបព័ទ្ធឈាង មួយផងដែរ ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនរងគ្រោះ អាចស្លាប់ដោយសារ លង់ទឹកនិងជា មនុស្សមានជំងឺ សរសៃប្រសាទទៀតផង។ ដោយឡែកនៅ ព្រឹកថ្ងៃដដែលនេះ ប្រជាពលរដ្ឋ ក៏បានប្រទះឃើញ សពបុរសម្នាក់ទៀត អណ្ដែតទឹកទន្លេ បាសាក់ ស្ថិតនៅខាងក្រោម ស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលជនរងគ្រោះ ក៏មិនទាន់ ស្គាល់អត្ដសញ្ញាណផងដែរ ។

មុនដំបូងប្រជាពលរដ្ឋ និងសមត្ថកិច្ច អះអាងថា ជនរងគ្រោះឈ្មោះ ធី អតីតស្មៀន សង្កាត់ក្បាលកោះ ដែលបាត់ខ្លួន ប៉ុន្ដែក្រោយ ពីក្រុមគ្រួសារមកមើលផ្ទាល់ គឺមិនមែន ឈ្មោះ ធី នេះឡើយ ។

តាមសមត្ថកិច្ចដដែល ជនរងគ្រោះបាន លោតសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្ស កាលពីយប់ រំលងអាធ្រាត្រប៉ុន្មានថ្ងៃមុននេះ ប៉ុន្ដែ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្វែងរកក្រុម គ្រួសាររបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]