រាជធានី​ភ្នំពេញមន្ត្រី​អង្គរក្ស​ម្នាក់ ​បាន​ប្រើប្រាស់​កាំភ្លើង​របស់​ខ្លួន ​បាញ់ប្រហារ​ដូច​រន្ទះ​ស្រោច ​ទៅ​លើ​បុរស​ម្នាក់​អង្គុយ​ជាប់​គ្នា ដោយ​កាំភ្លើងខ្លី​ម៉ាក CF-98-9 ខណៈ​ពេល​កំពុង​ផឹកស៊ី​ នៅ​ក្នុង​ពិធី​ខួបកំណើត​កូន ​របស់​សាច់ញាតិ​មួយ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា បណ្តាល​ឱ្យ​គ្រាប់កាំភ្លើង​នោះ ​ត្រូវ​ជន​រង​គ្រោះ​សុសសាច់ គ្មាន​ខុស​មួយគ្រាប់​សោះ ដួល​ដេក​នៅ​នឹង​កន្លែង ។

សាក្សី​និយាយ​ថា បាញ់​ស្រោច​ទៅ​លើ​ ដេក​ស្តូក​ហើយ មិន​ព្រម​ឈប់​បាញ់​ទេ គឺ​បាន​ឈរ​បាញ់​ស្រោច ​ថែម​ទៅ​លើ​ជន​រង​គ្រោះ ដែល​កំពុង​ដេក​ដួល​ នោះ​រហូត​អស់ទាំង​១៥​គ្រាប់​តែ​ម្តង​។ បន្ទាប់​មក ជន​នោះ​ប៉ង​ដោះ​ដូរ​បង់​គ្រាប់​បាញ់ប្រហារ​ថែម​ទៀត ប៉ុន្តែ​ត្រូវ​អ្នក​នៅ​ផឹកស៊ី​ជាមួយ​គ្នា​នោះ ស្ទុះ​ទៅ​ចាប់​ដណ្តើម​យក​កាំភ្លើង ​ពី​ដៃ​និង​ចាប់​ជន​នោះ​ដែរ តែ​ចាប់​មិន​ជាប់ ហើយ​ជន​នោះ​បាន​រត់គេច ​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ កក្កដា នៅ​កន្លែង​ប្រារព្ធ​ពិធី​ខួបកំណើត ស្ថិត​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​ដៃដល់​ត្រូវ​ បាន​គេ​ស្គាល់ឈ្មោះ ទឹម សារី អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​អង្គរក្ស​នៅ​នាយកដ្ឋាន​ អង្គរក្ស​ក្រសួងមហាផ្ទៃ មានស្រុក​កំណើត​ នៅ​ក្នុងភូមិ​កាន់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មាន​ប្រពន្ធ​ឈ្មោះ ឈឺ​ន ចាន់​គ្រឹ​ស្នា អាយុ​២៨​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ មន្ត្រី​អង្គរក្ស​រូប​នេះ ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក CF-98-9 លេខ ០១៥០៧២៣៦ ។ ចំណែក​ជន​រង​គ្រោះ​ដែល ​ត្រូវ​បាញ់​សម្លាប់​ឈ្មោះ ស្រី ចាន់​វុ​ទ្ធី អាយុ​៤៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ខាងលើ​ជាមួយ​គ្នា ។

ជុំវិញ​ហេតុការណ៍​បាញ់ប្រហារ​ សុសសាច់​ក្នុង​ចម្ងាយ​ ១​ម៉ែត្រ​ពី​គ្នា​នេះ ត្រូវ​បាន​សាក្សី​ឱ្យ​ដឹង​ថា សាច់ញាតិ​ឈ្មោះ ស៊ឹ​ម ច​ន្ធី បាន​រៀបចំ​ធ្វើ​ ពិធី​ខួបកំណើត​កូន ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ ប្រមាណ​ជាង​៣០​នាក់ ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​ និង​ជន​ដៃដល់​នោះ​ដែរ ដោយ​កម្មវិធី​នោះ​បាន​ចាប់ផ្តើម​ ទ្បើ​ង​តាំងពី​វេលា​ម៉ោង​៥​ល្ងាច ។ ខណៈនោះ​អ្នក​ទាំង​២ គឺ​ជន​រង​គ្រោះ​ពាក់អាវ​ឆ្នូត និង​ជន​ជា​ឃាតករ​ ពាក់អាវ​ពណ៌​ខៀវ​បាន​អង្គុយ​ផឹកស៊ី ​កៅអី​ជាប់​គ្នា ហើយ​មាន​ភាពល្អូកល្អឺន ​នឹង​គ្នា​ខ្លាំង​ណាស់ មិន​មាន​ទំនាស់​គ្នា​ទ្បើ​យ ព្រមទាំង​បាន​ទ្បើ​ង​រាំ​លេង ​កម្សាន្ត​សប្បាយ​រីករាយ​ជាមួយ​គ្នា​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ទឹក​ប្តូរ​និស្ស័យ​ហូរ​ ចូល​ពេញ​ខ្លួន​ហើយ ស្រាប់តែ​ជន​ជា​ ឃាតករ​ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ ​ក្នុង​ចម្ងាយ​កន្លះ​ម៉ែត្រ​ពី​គ្នា បណ្តាល​ឱ្យ​ដួល​ដេក​នៅ​នឹង​កន្លែង ហើយ​ជន​ដៃដល់​នោះ​មិន​បាន​រត់​ទេ គឺ​នៅ​ក្នុង​ពេល​ដែល ​ជន​រង​គ្រោះ​ដួល​ដេក​ហើយ ជន​នោះ​បាន​ឈរ​បង់ ​ជំទែង​បាញ់ប្រហារ​រហូត​អស់​គ្រាប់​ពី​ ក្នុង​បង់​ចំនួន​១៥​គ្រាប់ ដែល​គ្រាប់កាំភ្លើង ​ទាំង​១៥​គ្រាប់​នោះ បាន​ទំ​លុះ​ធ្លុះធ្លាយ ​សុសសាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

បន្ទាប់​មក​ជន​ជា​ឃាតករ​នោះ បាន​ប្រុង​ដោះ​ដូរ​បង់​គ្រាប់​ថ្មី ដើម្បី​បាញ់​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​អ្នក​ផឹកស៊ី​ជាមួយ​នាំ​គ្នា​ស្ទុះ​ទៅ​ចាប់ ​ដណ្តើម​យក​បាន​កាំភ្លើង​ពី​ដៃ និង​ចាប់​ជន​នោះ​ដែរ ប៉ុន្តែ​ចាប់​មិន​ឈ្នះ ។ ម្យ៉ាងទៀត ម្តាយ​ជន​នោះ​បាន​ស្រែក​មិន​ឱ្យ ​ចាប់​កូន​របស់​គាត់​ទេ ដោយ​គាត់​ធានា​ថា ចាំ​គាត់​ចេញ​មុខ​ដោះស្រាយ​ តាម​ក្រោយ​បណ្តាល​ឱ្យ​ឃាតករ​ដ៏​កំណាច​នោះ គេចខ្លួន​បាត់​ដោយ ​សុវត្ថិភាព​ទៅ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក រវាង​ជន​រង​គ្រោះ​ និង​ឃាតករ​កំណាច មិន​ធ្លាប់​មាន​ទំនាស់​គ្នា​ទ្បើ​យ គឺ​ពេល​មានកម្ម​វិធី​ផឹកស៊ី​ម្តង​ៗ​ តែងតែបាន​ហៅ​ប្រមូលគ្នា​ទៅ​ ផឹកស៊ី​ជុំ​គ្នា​មិន​ដែល​ខកខាន​ម្តងណា​ទេ ។ ដោយ​ទ្បែ​ក នៅ​ក្នុង​ពេល​កើតហេតុ ក៏​អត់​មាន​ទំនាស់​គ្នា​កើត​ទ្បើ​ង​ដែរ គឺ​បាន​អង្គុយ​នៅ​ជាប់​គ្នា​ថែម​ទៀត ទង្គិច​កែវ​ជាមួយ​គ្នា​ជា​ធម្មតា ។

ក្រោយមក ស្រាប់តែ​ជន​ដៃដល់​បាន​ ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​តែ​ម្តង ហាក់ដូចជា​មាន​គំនុំ​នឹង​គ្នា​រឿង​អ្វីមួយ ដែល​លាក់​ទុក​គឺ​ បាញ់​មិន​ឱ្យ​រស់​ទ្បើ​យ ធ្វើ​យ៉ាងណា​ត្រូវ​តែ​ផ្តាច់ជីវិត ព្រោះ​បាញ់​រហូត​ ដល់​ទៅ​១៥​គ្រាប់​ត្រូវ​សុសសាច់ ។

ពេល​នេះ​កម្លាំង​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ធ្វើការ​សាកសួរ​សាក្សី​និង​ស្រាវជ្រាវ​ជុំវិញ ​កន្លែង​កើតហេតុ​នោះ ដើម្បី​កសាង​សំណុំរឿង​ឈាន​ទៅ​ស្វែងរក​ ចាប់ខ្លួន​ជន​ជា​ឃាតករ​រូប​នេះ ដែល​ពេល​នេះ​ដូរ​ដី​បាត់​ទៅ​ហើយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]