សួនច្បារថ្មីមួយមានឈ្មោះថា សួនបាសាក់ ដែលមានទីតាំងនៅប្រប មាត់ទន្លេបាសាក់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែល ទើបតែស្ថាបនារួច ត្រូវបានប្រារព្ធពិធីម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២។

តាមរបាយការណ៏ លោក សេង វណ្ណៈ ប្រធានការិយាល័យនគរូប នីយកម្ម សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងសួននេះ ពីមុនជាអតីត ចំណតនាវាកំសាន្តកប៉ាល់ណាហ្គា ដែលផ្ទៃសួនមានលក្ខណៈតូច និង បានបាត់បង់សោភ័ណភាព និងភាពទាក់ទាញ ទើបសាលារាជធានីភ្នំពេញ សម្រេច​បានឲ្យមាការរៀបចំ និង ប្រែក្លាយទីនេះឲ្យទៅជាតំបន់បៃតងសាធារណៈ សំរាប់ ប្រជាពលរដ្ឋបានមកលំហែកំសាន្ត​។ លោកបានបន្តទៀតថា ការកែសំរួលទីតាំងសួននេះប្រើរយៈពេលជាង ៦ខែ ចាប់ពីថ្ងៃទី២០ មិថុនា ឆ្នាំ២០១១ ដល់ ថ្ងៃបិទការដ្ឋានជាស្ថាពរនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ ដោយចំណាយ ថវិការបស់សាលារាជធានីភ្នំពេញអស់ចំនួន ៧៣១.១៣០.៤០០រៀល ដោយពង្រីកផ្ទៃសួនកើនដល់ ៥.៤២២ម២ មានរៀបចំប្រព័ន្ធលូទឹកភ្លៀងថ្មី រៀបចំចិញ្ចើមថ្មើរជើងព័ទ្ធជុំវិញសួនដែលមានទទឹង ៤,២ម. និងមានប្រវែង ១៨០ម. សរុបចំនួន ១.១៧៣ម២ ផ្លូវដើរក្នុងសួនក្រាលការ៉ូខ្មែរមានផ្ទៃក្រលាចំនួន ១.១៩៨ម២ ក្រាល ស្មៅលើផ្ទៃសួនចំនួន ២.២៥២ម២ ដាំបង្គោលបំភ្លឺសាធារណៈចំនួន ១៩ដើម ដាក់បង់អង្គុយចំនួន ៣៨បង់ រួមនឹងបង់ខឿនធំ មូល ជុំវិញដើមត្នោតចំនួន ២ ដាំដើមគគីរ, អង្គារបុស្ស, ចំប៉ី, ត្នោត, ក្ងោក, សាគូរ៉ា, ត្របែកព្រៃ ។ល។ សរុបចំនួន ៥៧ដើម ដើមឈើមានស្រាប់មានចំនួន ៦ដើម និងដាំរុក្ខជាតិលំអជាច្រើនប្រភេទ ទៀតនៅលើផ្ទៃដី ៨០០ម២។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានគូស បញ្ជាក់ថា បន្ទាប់ពីនាវាកំសាន្តណាហ្គា ត្រូវផ្ទេទីតាំងទៅសណ្ឋាគារ NAGA WORLD បានធ្វើឲ្យទីតាំងនៅជាប់មាត់ទន្លេចតុមុខនេះ ក្លាយជាដីទំនេរ ហើយ បានធ្វើឲ្យមានការទាក់ទាញ និងចាប់អារម្មណ៏សម្រាប់គម្រោងអាជីវកម្មនានា របស់ក្រុមហ៊ុនឯកជនជាច្រើន ។ ប៉ុន្តែក្រោមការគិតគូរយកចិត្តទុកដាក់ និង ការដាស់តឿនពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌឹត ឲ្យមានការស្ថាបនាសួនលំហែកាយ និងទីកន្លែងហាត់ប្រាណ សម្រាប់ ប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ ក៏​បានស្ថាបនាសួននេះឡើងវិញ ជាប្រយោជន៏ដល់ប្រជាពលរដ្ឋបាន លំហែកំសាន្ត និងហាត់ប្រាណដើម្បីលើកកំពស់សុខុមាលភាពរបស់ខ្លួន ក៏ដូចជាបានលើកសោភ័ណភាពរាជធានីភ្នំពេញផងដែរ ដើម្បីឲ្យសក្តិសមជាទីក្រុងដ៏ស្រស់ប្រឹមប្រីយ៏។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលមកលំហែកំសាន្តនៅលើ សួនបាសាក់នេះ ត្រូវចូលរួមថែរក្សាការពារ ដោយសហការ ជាមួយអាជ្ញាធរខណ្ឌដូនពេញ និងសង្កាត់ចតុមុខ ធ្វើយ៉ាងណាឲ្យសួនច្បារនេះបានល្អស្អាតជានិច្ចត រៀងទៅ ។

ដកស្រង់ពី សាលាក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]