រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ក្រសួងមហាផ្ទៃ​បាន​ឆ្មក់ ​ចូល​សណ្ឋាគារ​លុ​ច​សារី​វើ​ល ស្ថិត​នៅ​អគារ​លេខ​៥៨ ផ្លូវ​លេខ​២០៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី ​២ កក្កដា ។

មន្ត្រី​នគរបាល បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​និង​វៀតណាម​ ជា​ច្រើន​នាក់​កំពុង​ស្នាក់​ នៅ​ខុសច្បាប់​ក្នុង​សណ្ឋាគារ​មួយ​នេះ ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​ លិខិត​ស្នាម​ឃើញ​ថា​មាន ​ស្ត្រី​ជនជាតិ​វៀតណាម ​៧​នាក់​ ជា​អ្នកបម្រើ​ការ​ម៉ាស្សា​និង​ខារ៉ាអូខេ ​ពុំ​មាន​លិខិតស្នាម​ត្រឹមត្រូវ​ ហើយ​បាន​បញ្ជូន​ទៅ​កាន់​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​ការ​សួរនាំ​ និង​បណ្តេញ​ចេញ ពី​ប្រទេស​កម្ពុជា ។

មន្ត្រី​នគរបាល​ដដែល​ឱ្យ​ដឹង​ទៀត​ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥​នេះ បាន​រក​ឃើញ​ ជនអន្តោប្រវេសន៍​ខុសច្បាប់ ១.២០០​នាក់​ក្នុង​នោះ​៩៨​ភាគរយ​ ជា​ជនជាតិ​វៀតណាម​ហើយ ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ ពី​កម្ពុជា ។ ជនជាតិ​វៀតណាម​បាន​ហូរ ​ចូល​តាម​ប៉ុស្តិ៍​ព្រំដែន ​ប្រមាណ​២០-៣០​ភាគរយ ក្រៅពី​នោះ​ហូរ​ចូល​ តាម​ច្រករបៀង​ផ្សេង​ៗ ។

លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​ អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ទី​១ កក្កដា​កន្លង​មក​ថា កម្លាំង​នគរបាល ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នឹង​ចុះ​ប្រតិបត្តិការ​ធ្វើ​ជំរឿន​ស្វែងរក​ជន អន្តោប្រវេសន៍​នៅ ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ស្នើ​ឲ្យ​ អភិបាលខេត្ត​និង​កម្លាំង​ សមត្ថកិច្ច​គ្រប់​រាជធានី​-​ខេត្ត ជួយ​សហការ​ដើម្បី ​ស្វែងរក​និង​គ្រប់គ្រង ​ជនអន្តោប្រវេសន៍​ នេះ​ផង​ដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]