ភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពស្រវឹង បុរស២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន បណ្ដាលឲ្យ ដួលបោកក្បាល និងថ្នល់ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គុង សុខឡេង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ(ស្លាប់) និងម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានដឹកយក ទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ។

ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ស៊េរី២០០៨ ពាក់ស្លាកលេខកណ្ដាល 1H.9692 ទិសដៅពីកើត ទៅលិច តាមបណ្ដោយ ៦០ម៉ែត្រ ក្នុងល្បឿនលឿន ត្រូវបានដួល អូសជិត១០ ម៉ែត្រ មនុស្សបោកក្បាល និងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបាន រថយន្តសាមុយដឹកយក ទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ សពត្រូវបាន ប្រគល់ ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាម ប្រពៃណី។ រីឯម៉ូតូក៏ ប្រគល់ឲ្យ ទៅក្រុមគ្រួសារ សពផងដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]