ខេត្ត​កំពត​​​​​​​ ៖ ​​ស្ត្រី​មេ​ម៉ាយ​​កូន​​២​​ម្នាក់​ ​បា​ន​​​ស្រែក​​យំ​​​ ហើយ​រត់​ទៅ​ប្តឹង​​សមត្ថ​​កិច្ច​​នគរ​បាល​​ក្រុង​កំពត​​ឱ្យ​ជួយ​​អន្តរា​គមន៍ ​​ដោយ​សារ​ខ្លួន​​​ចាញ់​បោក​ស្ត្រី​​​​២នាក់​​ក្នុង​ផ្សារ​​​សាមគ្គី​ ទី​រួម​ខេត្ត​​​កំពត ​នាំ​ទៅ​ដោះ​​យក​ខ្សែ​ក​ ចិញ្ចៀន​ កង​ដៃ ​ជា​មាស​ និង​ប្លា​ទីន ​ព្រម​ទាំង​​ប្រាក់​​​​១លាន​រៀល​អស់​​រលីង​​ពី​ខ្លួន ​ដោយ​​ស្ត្រី​​​២នាក់​​នោះ​កុហក​​​ថា រើស​​លុយ​បាន​​៣​ម៉ឺន​ដុល្លារ​ ហើយ​ហៅស្ត្រី​​រូប​នេះ​​​ទៅ​ចែក​គ្នា​​នៅ​កន្លែង​​ស្ងាត់ ។ ​ហេតុ​ការណ៍​នេះ​​កើត​ឡើង​​កាលពី​​​​វេលា​ម៉ោង​​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​២១​ ក​ក្កដា ​នៅ​ក្នុង​ផ្សារ​​សាម​គ្គី​​ ទី​រួម​ខេត្ត​ ។

ស្ត្រី​ដែល​​ចាញ់​បោក​​គេ​នេះ​ ​​ឈ្មោះ​ចិន ចន្ថា ​ហៅ​ដា អាយុ​​៣០​ឆ្នាំ ​មាន​ទី​លំនៅ​​​ក្នុង​ភូមិ​ដំណាក់​​ចំបក់ ​សង្កាត់​​អូ​រ​ក្រសារ ​ក្រុង​កែប ​។ ស្ត្រី​​រូប​នេះ​​​បាន​​រៀប​រាប់​​​ប្រាប់​​សមត្ថ​កិច្ច​​ថា ​នៅ​វេលា​ម៉ោង​ជាង​៩​​ព្រឹក​​នោះ​គាត់​​​​បាន​​មក​​​ផ្សារ​​ទី​រួម​ខេត្ត​ ហើយ​​ក្រោយ​​ពី​​ផ្ញើ​ម៉ូតូ​​រួច​ក៏​​ចូល​ផ្សារ​​​​​ក្នុង​​គោល​បំណង​​ទៅ​ទិញ​​​ខោ​អាវ​យក​​ទៅ​លក់​​នៅ​ក្រុង​កែប ។ ពេល​​ដើរ​ចូល​​បាន​មួយ​សន្ទុះ​​ពុំទាន់​​បាន​ទិញ​​ខោ​អាវ​​នៅ​ឡើយ​ទេ ​​ស្រាប់​តែ​​មាន​ស្ត្រី​​២នាក់​​ អាយុ​ប្រហាក់​ប្រហែល​​នឹង​​គាត់​​​ដែរ ​​មក​ខ្សឹប​​​ប្រាប់​ថា ​ពួក​គេ​​រើស​បាន​​ប្រាក់​​​៣ម៉ឺន​ដុល្លារ​ ដែល​​ប្រាក់​នេះ​​ច្រើនណាស់​​​​​គួរ​ទៅ​ចែក​គ្នា​ឱ្យ​ឆ្ងាយ​​ពី​គេ​ ក្រែង​ម្នាក់​​ដែល​​​ជ្រុះ​នោះ​គេ​ដឹង​​រួច​ក៏​​ដឹក​ដៃ​​គាត់​​​ចេញ​មក​​ខាង​​ជើង​​ផ្សារ​​សាម​គ្គី​ ។

ស្ត្រី​​ឈ្មោះ​ចិន ចន្ថា​ រៀប​រាប់​​ទៀត​ថា ពេល​នាំ​​មក​​ដល់​ខាង​ជើង​​ផ្សារ​​​ក៏​​ឱ្យ​គាត់​​​ឡើង​ជិះ​ម៉ូតូ​​សេ​១២៥ ​ពណ៌​ខ្មៅមួយ​គ្រឿង​​ ​មិន​ចាំ​ស៊េរី ​បើក​​​បរ​​ដោយ​បុរ​​ស​ម្នាក់​​ស្លៀក​ពាក់​​​ឯក​សណ្ឋាន​​ឈុត​ខ្មៅ ​ដូច​ឯ​ក​សណ្ឋាន​​អង្គ​រក្ស​ ​ពាក់​មួក​​សុវត្ថិ​ភាព​ តែ​​មិន​បើក​​កញ្ចក់​​ឱ្យ​​ស្គាល់​​មុខ​ទេ ។ ​រី​ឯ​ស្ត្រី​​២​នាក់​​នោះ​​ជិះ​ម៉ូតូ​​បុរសម្នាក់​​ផ្សេង​​ទៀត​ ម៉ាក​ដូច​គ្នា​ រួច​ឌុប​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​​លេខ​៣ ទៅ​ទិស​​​​ខាង​ជើង​ផ្សារ​ ។​ លុះ​ពេល​ចេញ​​មក​បាន​​ចម្ងាយ​​ប្រហែល​​ជាង​​៣គី​ឡូ​ម៉ែត្រ​ ហួស​ស្ពាន​​ស្រះ​ប៉ោងបន្តិច​ ​មាន​ចម្ការ​​ស្វាយ​​​មួយ​ពួក​​គេ​​ក៏​ឈប់​​នៅ​កន្លែង​នោះ​​រួច​ហើយនិយាយ​ថា ឥ​ឡូវ​នេះ​​លុយ​​យើ​ង​ដល់​​​ទៅ​​៣​ម៉ឺន​ដុល្លារ​ ​ត្រូវ​​ចែក​ឱ្យ​ស្មើ​​​គ្នា​​ ដូច្នេះ​​ដើម្បី​​ស្តែង​ចេញ​ពី​ការទុក​ចិត្ត​​គ្នា​​ត្រូវ​ដោះ​​ខ្សែ​ដៃ កង​ដៃ ​ចិញ្ចៀន ​និង​លុយ​កាក់​​ឱ្យ​អស់​រលីង​​ពី​ខ្លួន​​​ដូច​គ្នា ​ហើយ​​ឱ្យ​គ្នា​​គេ​ម្នាក់​​ធ្វើ​​មេ​ចំណែក​​ចែក​​ឱ្យ​ស្មើ​​គ្នា ។

ប្រភព​​ដដែល​​បន្តថា ​ពួក​នោះ​និយាយ​​បណ្តើរ​​ ម្នាក់​ទៀត​​ជា​អ្នក​ដោះ​​កង​ចេញ​​ពី​ដៃ​ និង​គ្រឿង​អល​ង្កា​រ​ផ្សេង​​ទៀត​​បណ្តើរ​ ក្នុង​នោះ​មាន​​ខ្សែ​.ក​មាស​​​៣​ជី ​កងដៃ​​ប្លា​ទីន​​​ឈុត​​១​កង ​ចិញ្ចៀន​​ប្លាទីន​​ដាំត្បូង​​មួយវង់​​ទម្ងន់​​​៥​ហ៊ុន ​ទូរស័ព្ទដៃ​ម៉ាក​​សាំ​ស៊ុង​​ចិន​​មួយ​​គ្រឿង​​ កាបូប​​ស្ពាយ​មួយ និង​ប្រាក់​​១​លាន​រៀល​ ។ ក្រោយ​​ពេល​ពួក​គេ​​ដោះ​​គ្រឿង​​អល​ង្កា​រ​អស់​​ និង​យក​ប្រាក់​​អស់​ពី​ខ្លួន​​ហើយ​ ក៏​ធ្វើ​​របៀប​ជា​​ខ្លាច​​ប៉ូលិស​​មក​​​ទាន់​​ ហើយ​​​គេច​​ខ្លួន​ឡើង​ជិះ​ម៉ូតូ​​​​​នាំ​គ្នា​​​ទៅ​អស់ ដោយ​​ទុក​​​គាត់​ជា​​អ្នក​រង​គ្រោះ​​ចោល​​​ម្នាក់​ឯង​​នៅ​កន្លែង​​ដោះ​​គ្រឿង​អល​ង្កា​រនោះ​​ ។

ក្រោយ​ពី​​ពួក​គេ​​ទៅ​បាត់​​ទើ​ប​​គាត់​​​ជិះ​ម៉ូតូ​ឌុប​​មក​កន្លែង​​ផ្ញើ​ម៉ូតូ​​នៅ​ផ្សារ​​សាម​គ្គី​ទី​រួម​ខេត្ត​កំពត​វិញ ព្រម​ទាំង​​​​​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​ជួយ​​អន្តរា​​​គមន៍​​​​ ប៉ុន្តែ​​អ្វីៗ​ហួស​ពេល​អស់​​ទៅ​ហើយ ​មិន​ខុស​ពី​​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​នោះ​ទេ ​ដែ​ល​ទាំ​ង​អស់​​​នេះ​​មក​តែ​ពី​​ការ​ចង់​បាន​​​អ្វី​ក្រៅពី​​ទ្រព្យ​​​ដែល​​​ខ្លួន​មាន ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]