រាជធានីភ្នំពេញ ៖ ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​២ករណី ក្នុង​យប់​តែ​១​​​​គឺ​យប់​ថ្ងៃទី​២២​​​ កក្កដា ក្នុង​​​​ខណ្ឌ​៧​មករា​ និង​ខណ្ឌ​ចំការ​មន​​​​បង្ក​ឡើង​​រវាង​រថយន្ត​និង​​​ម៉ូតូ​​ដែល​ករណីទី​​១​ រថយន្ត​​​ PRIUS ពណ៌​ស​ បើក​ឆ្លង​ផ្លូវ​​ត្រូវ​ម៉ូតូ​​​សេ​​១២៥​ ស៊េរី​​២០០៥​ ពណ៌​ខ្មៅ​​​បើក​ទៅ​បុក​ជាប់​​ឆ្កឹង​​នៅ​ចន្លោះ​កង់​មុខ​ខាង​ឆ្វេង​ តែ​មិន​​​បណ្តាលឱ្យ​ដួល​រង​របួស​ទេ​ ​កាល​ពី​វេលា​ម៉ោង​​១១យប់​ ចំណុច​ផ្លូ​វ​​​លេខ​​​២១៤​កែង​​ផ្លូវ​លេខ​​១១៥ មុខ​ផ្ទះ​​សំណាក់​ឡាក់​គី  ក្នុងសង្កាត់​​បឹង​ព្រ​លឹត​ ខណ្ឌ​៧មករា ។

សាក្សី​​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា ​រថយន្ត​PRIUS ពណ៌​ស​ បើក​បរ​​ដោយ​យុវជន​​​ម្នាក់​ចេញ​ពី​ផ្ទះ​សំណាក់​ខាងលើ​​​ដោយ​បើក​ឆ្លង​ផ្លូវ​​​លេខ​​​១១៥ ពី​ជើង​ទៅ​ត្បូង​​​ ចំណែក​ម៉ូតូ​​សេ​១២៥​ ស៊េរី​​២០០៥ ពណ៌​ខ្មៅ​ បើកបរ​ដោយ​​​​​យុវ​ជន​ម្នាក់​​តាម​ផ្លូវ​លេខ​​២១៤ ពី​កើត​ទៅ​លិច​ ខណៈ​​​មក​ដល់​ចំណុច​ផ្លូវ​​​កែ​ង​រថយន្ត​បើក​ឆ្លង​​ដល់​ពាក់​កណ្តាល​​ផ្លូវ​ស្រាប់​តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចន្លោះ​​កង់​មុខ​​ខាង​ឆ្វេង​​បណ្តាលឱ្យ​ម៉ូត​​ូ​​​នៅ​ជាប់​​ឆ្កឹង​ជាមួយ​រថយន្ត​​តែ​ម្តង ។

ភាគី​ទាំង​ពីរ​​បានធ្វើការ​ដោះស្រាយ​​គ្នា​នៅ​កន្លែង​កើតហេតុ​​ដោយមាន​អន្ត​រាគមន៍​ពី​ប៉ូលិស​​ចូល​រួម​ផង​ដែរ​រហូត​ឈាន​ដល់​​ដំណាក់​កាល​​សម្រប​​សម្រួល​គ្នា​​ដោយ​សុំ​​ស្មើគ្នា មិនមាន​អ្នក​ណា​សង​អ្នក​ណា​ទេ​ ។ករណី​ទី​២ ឪពុក​និង​កូូន​ស្រី​​អាយុ​ប្រមាណ​​៥ឆ្នាំ​​បាន​រង​របួស​​ធ្ងន់​​​ដោយសារ​​រថយន្ត​កាមរី​​​ហាយ​ប្រ៊ីត​ ពណ៌​ស្ករ​ អត់​ស្លាក​លេខ​​បុក​ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​​​បណ្តាល​ឱ្យ​ដួល​​ ហើយ​រថយន្ត​​បន្ថែម​​ល្បឿន​រត់​គេច​បាត់​ កាល​ពី​វេលា​ម៉ោង​​​១១និង​៤៥នាទី​យប់​ ចំណុច​​ច្រមុះ​ជ្រូក​​ក្បាល​ថ្នល់​ តាម​ផ្លូវ​​លេខ​២៧១​កែង​មហា​វិថី​​ព្រះ​​មុនី​វង្ស​​ក្នុងសង្កាត់​​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

ជន​រង​គ្រោះ​​ជា​ឪ​ពុក​​​ឈ្មោះ​កែវ​ សុផល​​អាយុ​៣៣ឆ្នាំ ស្នាក់នៅ​ផ្ទះ​​ជួល​​តាម​ផ្លូវ​ម៉ៃដា ​មាន​ស្រុក​កំណើតនៅ​ស្រុក​កោះ​អណ្តែត​ ខេត្ត​តាកែវ​ ​របួស​បាក់​ជើង​ស្តាំ ។ ចំណែក​​កូន​ស្រី​អាយុ​ប្រមាណ​​៥ឆ្នាំ មិន​ស្គាល់​ឈ្មោះ​​​បែក​មាត់​​ហូរ​ឈាម​​​កក្លាក់​ និង​បាក់​ជើង​ខាង​ស្តាំ​ដែរ ។

សាក្សី​​​បាន​ឱ្យ​ដឹងថា ​ពី​រនាក់​ឪ​ពុក​​​កូន​ជិះ​ម៉ូតូ​​​គ្រីស​​អង្គរ​ ពណ៌​ក្រហម​​ ដោយ​ដាក់​កូន​ស្រី​​អង្គុយ​នៅ​ខាង​មុខ​ ជិ​ះ​តាម​ផ្លូវ​លេខ​​២៧១​ ពី​កើត​ទៅ​លិច​ ចំណែក​រថយន្ត​​​ហាយ​ប្រ៊ីត​ ពណ៌​ស្ករ​ ​អត់​មាន​ស្លាក​លេ​ខ​បើក​ពី​លិច​ទៅ​កើត​​​ ខណៈ​មក​ដល់​ច្រមុះ​ជ្រូក​ក្បាល​​ថ្នល់ រថយន្ត​បត់​ឆ្វេង​​ឆ្ពោះ​ទៅ​​​មហា​វិថី​ព្រះ​​មុនី​វង្ស​​​ជ្រុល​ទៅ​បុក​ម៉ូតូ​​​បណ្តាល​ឱ្យ​​ដួល​រង​របួស​ធ្ងន់​​​ទាំង​ពីរ​នាក់​​​ឪពុកកូន​​ រួច​រថយន្ត​​បន្ថែម​​ល្បឿន​រត់​​បាត់​ស្រមោល ។ក្រោយ​ពេល​កើត​ហេតុ​​ជនរង​គ្រោះ​​​២នាក់​ឪពុក​​និង​កូន​ត្រូវ​​បាន​អ្នក​ឃើញ​ហេតុ​ការណ៍​​នាំ​គ្នា​ជួយ​ដឹក​យក​ទៅ​​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​​ភាព​ខ្មែ​រ-​សូវៀត​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]