អាមេរិក៖ ពិតជាគួរឲ្យសង្វេក និងរញ្ជួលចិត្តខ្លាំងណាស់ បន្ទាប់ពីលឺ នូវសម្តី ដែលលោកយាយម្នាក់ បាននិយាយទៅកាន់ សពប្តីរបស់គាត់ថា៖ “ចាំខ្ញុំផងតា! ខ្ញុំនឹងទៅរក តាឯង ឆាប់ៗនេះហើយ!”។

តើមានមនុស្ស ប៉ុន្មាននាក់ ដែលអាចទប់អារម្មណ៍បាន នៅពេលលឺ ពាក្យនេះ? តើមានគូស្នេហ៍ ប៉ុន្មានគូ ដែលអាចធ្វើបាន ដូចពួកគាត់?


រូបភាព លោកតា និងលោកយាយ ដែលជាគូស្នេហ៍អមតៈមួយគូ

គូស្នេហ៍ចំណាស់ ដូចរលកញីឈ្មោល មួយគូនេះ ត្រូវបានគេស្គាល់ថា ជាលោកតា Alexander Toczko អាយុ​ ៩៥ឆ្នាំ ដែលជាអតីត ទាហានក្នុងសង្គ្រាម លោកលើកទី២ និងលោកយាយ Jeanette អាយុ ៩៦ឆ្នាំ​​ រស់នៅក្នុង ទីក្រុងសាន់ឌីហ្គូ រដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិក។

ពួកគាត់បានរៀបការ ជាមួយគ្នា អស់រយៈពេល ៧៥ឆ្នាំមកហើយ តែចំពោះ មនោសញ្ចេតនា របស់ពួកគាត់ ប្រៀបបានដូចជា គូស្នេហ៍ថ្មីថ្មោង អីចឹង ខណៈគូស្នេហ៍ មួយចំនួនធំ មិនស្មើពួកគាត់ឡើយ។ តែអ្វីដែលគួរឲ្យរន្ធត់ និងស្ទើរតែ ទប់អារម្មណ៍ មិនបាននោះ គឺលោកតា បានស្លាប់ នៅក្នុងរង្វង់ដៃ ប្រពន្ធបណ្តូលចិត្ត របស់គាត់ ដែលវាជាបំណង ដែលគាត់ តែងតែប៉ងប្រាថ្នា មុនពេលស្លាប់ ផងដែរ។

មិនតែប៉ុណ្ណោះ លោកយាយ បានអោប សពលោកតា នៅក្នុងដៃជាប់ ហើយបានពោល ថា៖ “ឃើញទេ! នេះគឺជាអ្វី ដែលតាឯង ចង់បាន។ តាឯង ស្លាប់ក្នុងដៃខ្ញុំហើយ! ដឹងទេ ខ្ញុំពិតជា ស្រលាញ់តាឯង ខ្លាំងណាស់”។ លោកយាយបានបន្ត ទៀតថា៖ “ចាំខ្ញុំណាតា! ខ្ញុំនឹងទៅរក តាវាឯង ឆាប់ៗនេះដែរហើយ”។

ជាមួយគ្នានេះដែរ គិលានុប្បដ្ឋាយិកា ដែលធ្វើការថែទាំ នៅផ្ទះពួកគាត់ បាននិយាយថា វាពិតជា មិនគួរឲ្យជឿសោះ ដែលបានឃើញ ពួកគាត់ទាំងពីរនាក់ នៅជាមួយគ្នា រហូតដល់ ដង្ហើមចុងក្រោយ បែបនេះ។

ពួកគេបន្តទៀតថា លោកតា បានរៀបចំគ្រែ ដោយដាក់ឲ្យ នៅជិតលោកយាយ ដើម្បីឲ្យពួកគាត់ បាននៅជិតគ្នា ជារៀងរហូត ព្រោះពួកគាត់ មិនចូលចិត្ត នៅឆ្ងាយ ពីគ្នានោះទេ។

គួររំលឹកផងដែរថា ពួកគាត់ទាំងពីរនាក់ បានកើតនៅក្នុង ឆ្នាំ១៩១៩ ដូចគ្នា ហើយក៏បាន រៀបការ នៅក្នុងឆ្នាំ ១៩៤០ បន្ទាប់ពី ពួកគាត់ បានស្រលាញ់គ្នា តាំងពីអាយុ ៨ឆ្នាំ មកម្ល៉េះ។

ជាទីបញ្ចប់ លោកតា បានស្លាប់មុន នៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែមិនដល់ ២៤ម៉ោងផង លោកយាយ ក៏បានស្លាប់ ទៅតាមពីក្រោយ លោកតា តែម្តង។ ចំណែកឯសព ពួកគាត់ទាំង២ ត្រូវបានបញ្ចុះ នៅឯកន្លែង បញ្ចុះសពជាតិ Miramar៕


ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]