ទីក្រុងឌូបៃ - ប្រទេសអារ៉ាប់រួម៖ វាគឺជារឿងដ៏ចម្លែក និងគួរឲ្យ ភ្ញាក់ផ្អើលមួយ ខណៈបញ្ហា គ្មានការងារធ្វើ និងឧក្រិដ្ឋកម្ម ផ្សេងៗ មិនមែនជាបញ្ហា សម្រាប់ទីក្រុងឌូបៃ ឡើយ ប៉ុន្តែអ្វីដែលជា បញ្ហាធំ របស់ទីក្រុង មួយនេះ គឺជាការ បោះបង់ចោល នូវរថយន្ត សេរ៊ីទំនើបៗ ដែលមានតម្លៃថ្លៃ រាប់ពាន់គ្រឿង នៅលើដងផ្លូវ ហាក់បីដូចជា សំរាមអីចឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រថយន្តសេរ៊ីទំនើប ដែលរួមមាន រថយន្តម៉ាក Roll Royce, Audi, Lamboghini, Porsches, Ferrari និង Mercedes Benz ជាច្រើនគ្រឿង ត្រូវបានគេ បោះបង់ចោល នៅតាមដងផ្លូវ ក្នុងទីក្រុងឌូបៃ និងនៅតាមចំណត នៃអាកាសយានដ្ឋាន មួយចំនួន ខណៈម្ចាស់រថយន្ត ទាំងនោះ បានរត់គេចខ្លួន ដោយសារ ការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ។


រថយន្តម៉ាក Lamboghini

នៅក្រោមច្បាប់ Sharia ការដែលមិនសងបំណុល គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជនល្មើស នឹងត្រូវប្រឈម ចំពោះហានិភ័យ នៃការជាប់ពន្ធធនាគារ។ ប៉ុន្តែ ប្រទេសអារ៉ាប់រួម មិនមានចំណាត់ការ ផ្លូវច្បាប់ ចំពោះអ្នក ក្ស័យធន នោះទេ ដូច្នេះគ្មានការ ការពារណាមួយ ដែលតម្រូវឲ្យ អ្នកក្ស័យធន សងថ្លៃរថយន្ត សងកាតឥណទាន ឬប្រាក់កម្ចីទិញផ្ទះ នោះទេ។ ជាលទ្ធផល មានន័យថា ជនបរទេស និងអ្នកស្រុក សុខចិត្តបោះបង់ចោល រថយន្តសេរ៊ីទំនើប ដែលមានតម្លៃថ្លៃ របស់ពួកគេចោល ដើម្បីជៀសវាង ពីការជាប់ពន្ធធនាគារ។


រថយន្តម៉ាក Audi

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១១ មានរបាយការណ៏មួយ បានឲ្យដឹងថា រថយន្តម៉ាក Ferrari Enzo តម្លៃជាង ២លានដុល្លារ ក៏ត្រូវបានគេ បោះបង់ចោល នៅក្នុងចំណងរថយន្ត ក្នុងអាកាសយានដ្ឋាន មួយផងដែរ។


រថយន្តម៉ាក Ferrari Enzo តម្លៃជាង ២លានដុល្លារ

ជាមួយគ្នានេះដែរ បើយោងតាមសារព័ត៌មាន Gulf News បានឲ្យដឹងថា រថយន្តចន្លោះពី ២០០០ ដល់ ៣០០០ គ្រឿង ត្រូវបានគេបោះបង់ចោល ជារៀងរាល់ឆ្នាំ នៅក្នុងទីក្រុងឌូបៃ។

យ៉ាងណាក៏ដោយ ការព្រមាន ក៏ដូចជា សេចក្តីជូនដំណឹងមួយ ត្រូវបានផ្សាយចេញ ជាលើកដំបូងថា ប្រសិនបើម្ចាស់រថយន្ត មិនបានបង្ហាញខ្លួន ក្នុងរយៈពេល ១៥ថ្ងៃនោះទេ រថយន្តទាំងនោះ នឹងត្រូវដាក់លក់ដេញថ្លៃ ក្នុងតម្លៃមួយ ដែលទាបជាងតម្លៃដើម។

គួរបញ្ជាក់ផងដែរថា ទីក្រុងឌូបៃ បានជួបការលំបាក ដោយសារ ផលប៉ះពាល់ នៃវិបត្តិហិរញ្ញវត្ថុសកល និងការធ្លាក់ចុះ នៃតម្លៃប្រេង ដែលជនបរទេស ភាគច្រើន បានចាកចេញ ពីទីក្រុង ដោយសារ មិនអាចទប់ទល់ នឹងការចំនាយខ្ពស់ ក្នុងការរស់នៅ ប្រចាំថ្ងៃបាន៕


រថយន្តម៉ាក Maserati


រថយន្តម៉ាក Roll Royce (ឆ្វេង) និង Porsches (ស្តាំ)

ប្រភព ៖ Express

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]