ភ្នំពេញ៖ បុរសម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ មួយប៉ព្រិចភ្នែក ដែលប្រភពបាន រាយការណ៍ មកថា ដោយសារតែជនរងគ្រោះព្យាយាម ជិះម៉ូតូគេច នឹងក្រុមចោរដែលប៉ុនប៉ងប្លន់ យកម៉ូតូ ។ ហើយដោយ សារបើកម៉ូតូល្បឿនលឿនពេក ក៍បានទៅបុកនឹងគុម្ពផ្កាដែលគេដាក់ នៅមុខផ្ទះ។

ហេតុការណ៍បាត់ជីវិតមនុស្សនិងបន្សល់ទុកអ្នករងរបួសនេះ បានកើតឡើងកាលពីវេលា ម៉ោង២ និង១០នាទី រំលងអាធាត្រឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចក្បែរ ផ្លូវរថភ្លើងកែង ផ្សារដីហុយ តាម បណ្ដោយផ្លូវ លេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីមន្ដ្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនរងគ្រោះ មានគ្នា២នាក់ ជិះម៉ូតូ ម៉ាក វីវ៉ាពណ៌ខ្មៅ អ្នក ដែលស្លាប់មានឈ្មោះ រឿន វិន អាយុប្រមាណ៣០ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិស្លែង រលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកអ្នកដែលរងរបួសមានឈ្មោះ យាន ថាយ អាយុប្រមាណ២៩ឆ្នាំ។

ប្រភពដដែលបន្ដថា នៅមុនពេល កើតហេតុជនរងគ្រោះទាំង២នាក់ បាននាំគ្នាទៅផឹកស៊ីនៅ ក្លឹបរាត្រីមួយតាម បណ្ដោយផ្លូវលេខ១៩៨៦ រហូតដល់ម៉ោង២ រំលងអាធាត្រ ទើបនាំគ្នាចាក ចេញ ដោយជិះម៉ូតូមួយ ២នាក់។ ពេលមក ដល់ចំណុច ភ្លើងស្ដុបកែង ផ្សារដីហុយ ស្រាប់តែ មានបុរស២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ដេញ តាមពីក្រោយ ព្រមទាំងដកកាំ ភ្លើងខ្លីភ្ជង់ ដោយសារការភ័យខ្លាច ទើបជនរងគ្រោះ បន្លែមល្បឿនម៉ូតូ ហើយ ជ្រុល ទៅបុកគុម្ពផ្កា ដែលគេដាំសម្រាប់លម្អ មុខផ្ទះ បណ្ដាលឲ្យ បាក់ក ស្លាប់ឈ្មោះ រឿង វិន ភ្លាមៗនៅកន្លែង កើតហេតុតែម្តងទៅ៕

 ដោយៈជួន សុជាតិ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]