ពោធិ៍សាត់ៈ បុរសក្រីក្រវ័យទើបតែ២៨ឆ្នាំ ប្រកបរបរចិញ្ចឹមជីវិត ប្រពន្ធ និងកូនតូចៗពីរនាក់ ដោយការ ត្រាច់ចរសុំទាន កណ្តាលក្រុងពោធិ៍សាត់ បានលង់ទឹកស្ទឹងពោធិ៍សាត់ស្លាប់ ចោលប្រពន្ធកូនទាំងគ្មាន លុយបូជាសព។

នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា សពបុរសសុំទាន យាន ទូច អាយុ ២៨ឆ្នាំ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកស្ទឹងពោធិ៍សាត់ ស្ថិតគល់ស្ពានថ្ម ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្ត ពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២។ បុរសដែលរស់ដោយការសុំទាននេះ មានប្រពន្ធឈ្មោះ យាន ទូច អាយុ ២៨ឆ្នាំ និងកូន តូចៗ២នាក់ ទីលំនៅមិនពិតប្រាកដ ដើរស្នាក់នៅ និងជ្រកតាមសំយ៉ាបផ្ទះរបស់គេ ដើម្បីរំដោះខ្លួន ប្រពន្ធ និងកូនតូចៗ ពីទឹកសន្សើម ភ្លៀង ខ្យល់ ស្ទើរគ្រប់ទីកន្លែង។

មន្រ្តីនគរបាលរូបនេះបានបន្តទៀតថា ក្រោយពេលពិនិត្យបុរសរូបនេះ ពិតជាស្លាប់ដោយការលង់ទឹក តែ គ្មាននរណាដឹង ពីមូលហេតុដែលបណ្តាលឲ្យលង់នោះទេ។

ប្រពន្ធសពជនរងគ្រោះបានរៀបរាប់ទាំងក្តីវិយោគថា “ពួកខ្ញុំពិតជាទីទ័លក្រខ្លាំងណាស់ រាល់ថ្ងៃចិញ្ចឹមជីវិត បានដោយការដាក់ទានពីបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបន្តិចបន្តួច ឥឡូវប្តីរបស់ខ្ញុំស្លាប់បាត់ទៀត តើខ្ញុំ និង កូនតូចៗត្រូវរំពឹងអ្វី ហើយសូម្បីតែលុយសម្រាប់បូជាសពប្តីក៏គ្មានដែរ”។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដែលមានការអានិតអាសូរ បាននាំគ្នាចូលបុណ្យតាម សទ្ធាជ្រះថ្លា ដើម្បីឲ្យ ប្រពន្ធ និងកូនយកសពប្តីទៅបូជា។ ក្រុមប្រជាពលរដ្ឋបាននាំគ្នានិយាយថា វាពិតជាលំបាកខ្លាំងណាស់ពេល នៅរស់រកលុយ ចិញ្ចឹមជីវិតប្រពន្ធ និងកូនៗទាំងលំបាក រស់នៅមិនបានសមរម្យដូច ជាមនុស្សទូទៅ លុះស្លាប់ទៅហើយរឹតតែលំបាកទៀត សូម្បីតែលុយធ្វើបុណ្យ និងបូជាសពឲ្យបានសមរម្យទៅតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ក៏មិនមានដែរ នេះហើយជីវិតអ្នកសុំទាន៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]