បរទេស៖ កាលពីពេលថ្មីៗនេះ អង្គការណាសា រួមជាមួយនឹង អង្គការថែរក្សា សុវត្ថិភាព គ្រាប់នុយក្លេអ៊ែរ ជាតិរបស់សហរដ្ឋ អាមេរិក បានចេញសេចក្តី ប្រកាសមួយដោយ បានបញ្ជាក់ អំពីការត្រៀមធ្វើ កិច្ចសហប្រតិបត្តិការ​ ដ៏ធំមួយក្នុងការ កំទេចដុំ អាចម៍ផ្កាយ (ផ្កាយព្រះគ្រោះ) ដែលស្ថិតនៅ ក្នុងលំហអាកាស ដើម្បីសង្រ្គោះ ពិភពលោកឲ្យ គេចផុតពីការ វិនាសហិនហោច។

ផ្អែកលើរបាយការណ៍ ដែលអះអាងដោយ អង្គការណាសា បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានអាចម៍ផ្កាយ ជាង១លានដុំ ដែលកំពុងតែ រសាត់អណ្តែត នៅក្នុងលំហអាកាស ហើយពួកវា គឺជាកត្តាគំរាមកំហែង ដល់សុវត្ថិភាព របស់ភពផែនដី របស់យើង យ៉ាងខ្លាំង ព្រោះថាប្រសិនណា បើពួកវា ហោះមកបុក ឬក៏ធ្លាក់មកចំ ផែនដីនោះ មិនថាជីវិតមនុស្ស ឬក៏សត្វនោះទេ​ សុទ្ធតែត្រូវ ទទួលរងគ្រោះថ្នាក់ ជាក់ជាមិនខាន។

ការអះអាងនេះ ក៏មានភ្ជាប់មកជាមួយ នូវភស្តុតាងដែល បង្ហាញពីវត្តមាន របស់អាចម៍ផ្កាយ ដែលបានធ្លាប់ ធ្លាក់ចំភពផែនដី របស់យើងដែលនោះ គឺកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំមុន មានការធ្លាក់ អាចម៍ផ្កាយដ៏ធំមួយ នៅក្នុងតំបន់ Chelyabinsk នៃប្រទេសរុស្ស៊ី ហើយកម្លាំងរបស់ វាគឺមានឥទ្ធិពល ខ្លាំងជាង គ្រាប់បែកប្រល័យលោក ដែលត្រូវបានទម្លាក់ នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ២០ ឬក៏៣០ដង ឯណោះ។

លោក Bruce Betts នាយកផ្នែក វិទ្យាសាស្ត្រនិង បច្ចេកវិទ្យានៅឯ វិទ្យាស្ថាន Planetary Society បាននិយាយថា “វាជារឿងល្អយ៉ាងខ្លាំង ដែលអង្គការ ទាំង២នេះ បើកកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយ ក៏ដូចជាកំចាត់ចោល នូវអាចម៍ផ្កាយ ដែលស្ថិតក្នុង លំហអាកាស ទាំងនោះ ដោយសារតែពួកវា គឺជាកត្តាមួយ ក្នុងការនាំឲ្យ ពិភពលោក ឈានដល់ថ្ងៃ អវសាន”។

មានការបញ្ជាក់ បន្ថែមផងទៀតថា អង្គការទាំង២ នឹងមានគម្រោង ប្រើប្រាស់រ៉ុកកែត ដើម្បីបាញ់ បង្ហោះអាវុធ នុយក្លេអ៊ែរ ទៅកំទេចអាចម៍ផ្កាយ ទាំងនោះ ព្រោះថានេះជា ដំណោះស្រាយ ដ៏ល្អមួយ ដើម្បីជួយសង្រ្គោះ ភពផែនដី បើទោះជា អាចនឹងមាន ផលប៉ះពាល់ បន្តិចបន្តួច ព្រោះតែកំទេចកំទី នៃអាចម៍ផ្កាយ ដែលត្រូវបាន កំទេចទាំងនោះ យ៉ាងណាក៏ដោយ។

នេះគឺជាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់មនុស្ស ជាច្រើនជុំវិញ ពិភពលោក ហើយគ្រប់គ្នា ក៏កំពុងតែ រង់ចាំមើលអំពី លទ្ធផលនៃគម្រោង របស់កិច្ចសហប្រតិបត្តិការ មួយនេះផងដែរ៕


រូបភាពបង្ហាញពី ការរសាត់អណ្តែត របស់ដុំអាចម៍ផ្កាយ មកប៉ះជាមួយ នឹងភពផែនដី របស់យើង

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]