ខេត្ត​កំពង់​ចាម​ ៖ ម៉ូតូ​​ម៉ា​កវ៉េវ​​​១គ្រឿង​​ បាន​​បុក​គ្នា​ជាមួយ​នឹង​ម៉ូតូ​SL នៅលើ​​កំណាត់​ផ្លូវ​​ជាតិ​លេខ​៧ ស្ថិត​នៅភូមិ​​បឹង​ស្នាយ​ ​សង្កាត់​សំបួរ មាស ក្រុង​​​កំពង់​ចាម ​លាន់​ដូច​រន្ទះ ​កាលពី​​​វេលា​​ម៉ោង​​​១២យប់​​ថ្ងៃទី​​​១៩​​ កក្កដា​ ​​បណ្តាល​ឱ្យ​រង​របួសធ្ងន់​​​ចំនួន​៥​នាក់​ ដែល​សុទ្ធ​​តែជាអ្នក​ចេញ​​​​​ពី​ផឹកស៊ី​​នៅ​ក្លិប​​​​កម្សាន្ត​​​​​​ក្រុង​កំពង់​ចាម​ ។

លោក​ស៊ាម  យូសេង ប្រធាន​​​​ការិយាល័យ​ចរាចរ​នៃ​​អធិការដ្ឋាន​​នគរ​បាល​​ក្រុង​កំពង់​ចាម​​ បាន​​ឱ្យ​ដឹង​ថា អ្នក​រងគ្រោះ​​​ទាំង៥​​នាក់​​នោះ​គឺ​​ក្រុម​​​​ជិះ​ម៉ូតូ​​​វ៉េវ​​​​៣នាក់​​ ១​-ឈ្មោះ​​​​ស្រ៊ុន​​ ចាន់​​តេង ភេទ​​ប្រុស អាយុ​​​២៩ឆ្នាំ​ រស់​នៅ​​​​ភូមិ​​​ឡឥដ្ឋ​ ​សង្កាត់​​បឹង​កុក​ ​ក្រុង​​​កំពង់​ចាម​  របួស​​​​បាក់​ជើង​​ និង​​ដៃ​ឆ្វេង​ ២-ឈ្មោះ​​​ទិត នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់​នៅ​​ភូមិ​ថ្ម​​គោល​​ ឃុំ​​រអាង ស្រុកកំពង់​​​​សៀម ​របួស​បែក​ក្បាល ៣-ឈ្មោះ​​ឈឿន ​រ៉ាវុធ  ភេទ​ប្រុស ​អាយុ​២៨ឆ្នាំ  ជាអ្នកឌុបរស់​នៅ​​​​ភូមិ​ពោធិ៍ ឃុំ​ព្រែក​​ក្របៅ ​ស្រុក​​​​​​​កង​មាស ឯ​ក្រុម​​ជិះ​ម៉ូតូ​​ SL មាន​គ្នា​​២​នាក់​ ម្នាក់​​​ឈ្មោះ​ ឡុង​ ​ម៉េង​លាង ភេទ​​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ឌុប​ និង​ម្នាក់​​​ទៀត​​​ឈ្មោះ​​ភា  ភេទ​ប្រុស ​អាយុ​២៣ឆ្នាំ ​របួស​បាក់​​ជើង​ រស់​នៅ​​ភូមិ​តាមូត ឃុំ​​​​គ ស្រុក​ព្រៃ​ឈរ។​ អ្នកទាំង​៥​សុទ្ធ​តែ​​របួស​​ធ្ងន់​ដូចគ្នា​ ។

ភាគី​ខាង​ម៉ូតូ​​វ៉េវ​​​​​​​​ឈ្មោះ​​​ទិត នី ​​ប្រាប់​ឱ្យ​ដឹងថា ពួក​​​គេ​ទាំង​៣នាក់​​​​បាន​នាំគ្នា​​ជិះ​ម៉ូតូ​​ចូល​​​ផឹក​ស៊ី​​​នៅ​ក្លិប​​រាត្រី​​មួយ​ក្បែរ​ទន្លេ​​​​អុំ ​ក្នុង​​ក្រុង​កំពង់​ចាម អស់​ស្រា​​ចំនួន​៥​​ថូ រហូត​ដល់​​​ស្រវឹង ​លុះ​ពាក់​កណ្តាល​អធ្រាត្រ​​​ក៏​នាំគ្នា​​​ជិះម៉ូតូ​​​ត្រឡប់​​​​ទៅ​ផ្ទះវិញ ​ក្នុង​ទិស​ដៅ​ពីលិច​ទៅ​​កើត​ក៏បុក​​ជាមួយ​​ម៉ូតូ​​មួយគ្រឿង​​​​ជិះ​បញ្ច្រាស​​ទិស​គ្នា​​ពេញទំហឹង​​​របួស​រដូក​រណែល​​​ទាំង​​សងខាង​។

លោក​ស៊ាម ​​យូសេង  បញ្ជាក់​ថា អ្នករង​របួស​ធ្ងន់​​បាក់​ជើង​​​ជិះ​​​ម៉ូតូ​SL ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅភ្នំពេញ​​​​ទាំងយប់​​​​​​ ចំណែក​​​ភាគី​​​ជិះ​ម៉ូតូ​​​​វ៉េវ​​​​បញ្ជូន​​ទៅ​សង្គ្រោះ​​​​​នៅគ្លីនិក​​មួយក្នុង​​​ក្រុង​​កំពង់​ចាម​​និង​​បាន​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​​បង្អែក​ខេត្ត៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]