បាងកក៖ មន្រ្តីនាយកដ្ឋាន បង្ការររោគឆ្លងថៃ បានអះអាងថា ជំងឺពងបែកដៃ ជើង និង ក្នុងមាត់ (EV-71) នៅក្នុងប្រទេសថៃ ខណៈនេះ មិនមានសភាពធ្ងន់ធ្ងរនោះទេ បើទោះជាមានអ្នកជំងឺពីរនាក់ អាចប្រឈមជីវិត ក្នុងចំណោម អ្នកជំងឺ១ម៉ឺន នាក់ រីឯសម្រាប់វិធានការ បិទសាលារៀនទូទាំងប្រទេស ដើម្បីកម្ចាត់មេរោគនេះ ទំនងជាមិនអាចទៅរួចនោះទេ។

យោងតាមសារព័ត៌មាន INN នៅថ្ងៃ ចន្ទ ទី ២៣ ខែ កក្កដា នេះបានឲ្យដឹងថា វេជ្ជបណ្ឌិត ផនថេប សិរិវ៉ាណារាំងសាន់ ប្រធាននាយកដ្ឋានបង្ការរោគឆ្លងនៃក្រសួងសុខាភិបាលថៃ បានថ្លែងថា ប្រភេទមេរោគ EV-71 ជាដើមហេតុបង្កឲ្យកើតជម្ងឺ ពងបែកដៃ ជើង និង ក្នុងមាត់ ក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ននេះ មិនមានការធ្ងន់ធ្ងរនោះទេ ព្រោះប្រទេសថៃ បានស្គាល់ប្រភេទមេរោគនេះ រយៈពេលជាង ៥០ ឆ្នាំ មកហើយ។តែអ្វីធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺ ជំងឺពងបែកដៃ ជើង និង ក្នុងមាត់ បាន ឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ និង បានសម្លាប់កុមារ កម្ពុជាជាង៦០ នាក់។

បច្ចុប្បន្នក្រសូងការសុខាភិបាលថៃ កំពុងមានវិធានការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ជាពិសេសនៅតាមសាលារៀន ដែលជាកន្លែង ប្រថុយប្រថាននៃការឆ្លងមេរោគ EV-71។នៅពេលនេះឃើញថាមានលទ្ធផលល្អប្រសើរ ព្រោះបានការសហការយ៉ាងល្អគ្រប់មជ្ឈដ្ឋាន ដើម្បីកំចាត់មេរោគប្រភេទខាងលើ។

លោកវេជ្ជបណ្ឌិតបន្តថា ចំណែកករណី ការបិទសាលារៀនទូទាំងប្រទេស ដើម្បីធ្វើការបោសសំអាតមេរោគ EV-71 គឺមិនអាចធ្វើទៅ រួចនោះទេ ព្រោះបង្កឲ្យមានផលប៉ះពាល់ជាច្រើនផ្នែក តែក្រសួង នៅតែបន្តការងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ចំពោះការរាតត្បាតនៅពេល គឺវាប្រព្រឹត្តិទៅតាមធម្មជាតិ របស់មេរោគ ដែលយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងព្យាយាមទប់ស្កាត់ឲ្យមានបរិមាណតិចបំផុត។

មន្រ្តីសុខាភិបាលថៃ បានបន្តទៀតថា អត្រាអ្នកស្លាប់នៃជំងឺពងបែកដៃ ជើង និង ក្នុងមាត់ គឺមាន ២ នាក់ ក្នុងចំណោម ១ម៉ឺននាក់ ហើយបើសិនមានការព្យាបាលទាន់ពេលវេលា ការប្រឈមមុខដល់អាយុជីវិត មានឱកាសតិចបំផុត៕

Photo by DAP-NEWS

ប្រែដោយ៖ គង់ សុវណ្ណារ៉េត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]