ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ជា​កង​កម្លាំង​​វិស្វ​កម្ម​ធ្វើ​ស្ពានបេតុង​នៅ​ភូមិ​ពានា ស្រុក​សន្ធរ​កណ្ដាល ខណៈ​កំពុង​​ឈរ​មើល​គេ​ជិះសេះ​ហោះ​នៅ​មុខ​វត្ដ​ពានា ស្រាប់តែ​មាន​ជនសង្ស័យ​​លប​កាប់​នឹង​ដាវ​សាំ​មូ​រ៉ៃ​ដាច់​ប្រអប់ដៃ​ឆ្វេង​​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ កុម្ភៈ។

យុវជន​រង​គ្រោះ​ឈ្មោះ​ក្លូ​ត នី អាយុ​១៩​ឆ្នាំ ជា​​កង​កម្លាំង​វិស្វកម្ម​ធ្វើ​ស្ពានបេតុង មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​ញំ​ង​ក្រ​ប៉ៅ ឃុំ​ធ្លុង​ពពក ស្រុក​ទឹកផុស ខេត្ដកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា រូបគេ​​ស្នាក់​នៅ​ធ្វើ​ស្ពានបេតុង​នៅ​ភូមិ​ពានា ស្រុក​សន្ធរ កណ្ដាលនេះ រយៈពេល​ជិត​៣​ខែ​កន្លង​មក​ហើយ។ ​នៅ​យប់​កើតហេតុ​នៅ​​វត្ដ​ពានា​មាន​គេ​ដាក់​សេះ​ហោះ​សំរាប់​ជួល​ជិះ​កម្សាន្ដ ហើយ​រូបគេ​និង​មិត្ដភក្ដិ​បាន​ទៅ​ឈរ​មើល​ស្រាប់តែ​មាន​ជន​សង្ស័យ​​​មិន​ស្គាល់​​មុខ​លប​កាប់​នឹង​ដាវ​សាំ​មូ​រ៉ៃ ត្រូវ​ប្រអប់​​​ដៃ​ឆ្វេង រួច​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ​និង​ត្រូវ​មេការ​ដឹក​​បន្ត​តាម​រថយន្ដ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

ជន​រង​គ្រោះ​បាន​អះអាង​ថា ការ​កាប់​នេះ​អាច​ជា​ការ​​​កាប់​ច្រឡំ​មនុស្ស ដោយសារ​ថា ខ្លួន​ទើប​​ស្នាក់​នៅ​ទីនោះ​បណ្ដោះ​អាសន្ន​ក្នុង​ពេល​សាង​សង់​ស្ពានបេតុង​នេះ​ប៉ុណ្ណោះ មិន​ដែល​មាន​ទំនាក់​ទំនង ឬ​ទំនាស់​ជាមួយ​អ្នក​ណា​ក្នុង​ភូមិ​នេះ​​ទេ ៕

ដោយប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]