រាជធានី​ភ្នំពេញ៖ មក​ទល់​ពេល​នេះ ​លោក​សាយ សៀ​រ៉ា មាន​អារម្មណ៍ល្អ ​ដូច​មុន​វិញ​ហើយ បន្ទាប់​ពី​មានការ​បញ្ជាក់​ថា លោក​មិន​ពាក់ព័ន្ធ​ស្នេហា ​ភេទ​ដូច​គ្នា​ ជាមួយ​លោក​យ៉ែ​ម សំ​អូន​ទេ​។ អ្នក​នាង​យ៉ា​ន លី​ន​ដា  បាន​អះអាង​ថា លោក​សាយ សៀ​រ៉ា មិនមែន​ជា​មនុស្ស​ប្រុស ​ដែល​នាង​ចោទ​ថា ​ស្រឡាញ់​ភេទ​ដូច​គ្នា ​ជាមួយ​លោក​យ៉ែ​ម សំ​អូន​ទេ ។

លោក​សាយ សៀ​រ៉ា កាលពី​ពេល ថ្មី​ៗ​នេះ​និយាយ​ថា ​លោក​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​ ភេទ​ដូច​គ្នា​ជាមួយ​ស្វាមី​អ្នក​នាង​យ៉ា​ន លី​ន​ដា បង្ក​ទៅ​ជា​រឿង​រំជួល​ពេញ​ពិភព​សិល្បៈ​។ តាំងពី​មានរឿង​យល់​ច្រឡំ​នោះ​មក លោក​សៀ​រ៉ា​ល្វីងមុខ​ហើយ អ្នក​ណា​ៗ​ក៏​ស្អប់​លោក​ដែរ ។ គេ​គិត​ថា​លោក​អាត្មា​និយម យក​ក្រុម​គ្រួសារ​គេ​មក​លេងសើច បង្ក​ឲ្យ​បែកបាក់​គ្នា​ទាំង​ក្រុម​គ្រួសារ​គេ​មានកូន និង​នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ​។ «​កាលពី​គេ​មិន​ទាន់​ដឹង​រឿង​ពិត ខ្ញុំ​ស្ទើរតែ​អស់​ផ្លូវ​ដើរ​នៅ​លើ​វិ​ថី​សិល្បៈ គ្មាន​អ្នក​ណា​ចង់​និយាយ​រក​ខ្ញុំ​ទេ សូ​ម្បី​តែ​មិត្ត​សិល្បករ​ដែល​ធ្លាប់តែ​រាប់អាន​ទៅ​ណា​មក​ណា​សួរនាំ​ខ្ញុំ និង​ធ្លាប់​និយាយ​លេង ព្រមទាំង​រួម​គ្នា​ថតរូប​ទុកជា​អនុស្សាវរីយ៍​ដែរ​នោះ ក៏​គេ​ពេបជ្រាយ​និយាយ​ចុងមាត់ ចុង​ក មើល​មក​ខ្ញុំ​ជា​មនុស្ស​អាក្រក់​ដែរ ។ ពេល​ដែល​ជួប​រឿង​នោះ​ខ្ញុំ​គ្មាន​លទ្ធភាព​ពន្យល់​ប្រាប់​គេ​ទេ ទោះ​ប្រឹង​បកស្រាយ​យ៉ាងណា វិធី​បែប​ណា ហើយ​ឈាន​ដល់​ការ​ស្បថ​ដាក់​ជីវិត​ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ បើ​រឿង​នោះ​១០០%​គេ​ថា​ខ្ញុំ ។ ជា​សំណាងល្អ​ដែល​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​ចេញ​មុខការ​ពារ លាង​ជម្រះ​រាល់​ការ​សង្ស័យ​លើ​ខ្ញុំ ។ បើសិនជា​មិន​មានការ​បកស្រាយ​ពី​សាមីខ្លួន​ទេ​នោះ ខ្ញុំ​ច្បាស់​ជា​មិន​អាច​ចាប់​អាជីព​សិល្បៈ​តទៅ​ទៀត​បាន​ទេ ។ បាន​អ្នក​នាង​លី​ន​ដា​បកស្រាយ​ទើប​រឿង​ខ្ញុំ​ហាក់​ស្ងប់​វិញ ។ បើ​ខ្ញុំ​និយាយ​តែឯង​គ្មាន​អ្នក​ណា​ជឿ​ទេ ។

ក្រោយ​ចប់​បញ្ហា​មួយ​នេះ ខ្ញុំ​នៅ​ទទួល​បានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់ ខ្ញុំ​ទទួល​បានការ​ងារ​ថត​រឿង​ពី​២​ទៅ​៣​រឿង​ក្នុង​ពេល​តែ​មួយ ព្រមទាំង​ទទួល​ការងារ​ចេញ​ទៅ​សម្តែង​តាម​ពិធីជប់លៀង​អាពាហ៍ពិពាហ៍ ខួបកំណើត​ដូច​មុន ។ ប្រ​សិន​គ្មាន​ការ​បកស្រាយ​ច្បាស់លាស់​ទេ​នោះ​ខ្ញុំ​អាច​ជា​មនុស្ស​មិនល្អ​ដែល​ជា​ភាព​អយុត្តិធម៌ ហើយ​ស្អុយឈ្មោះ​ពេញ​ពិភព​សិល្បៈ​» ។  លោក​សាយ សៀ​រ៉ា និយាយ​បែប​នេះ ។

ក្រៅពី​លោក​សាយ សៀ​រ៉ា ដែល​ត្រូវ​គេ​សង្ស័យ​ពាក់ព័ន្ធ​ស្នេហ៍​ភេទ​ដូច​គ្នា​នោះ​លោក​អ៊ុ​ន  សុធា ក៏​ត្រូវ​គេ​សង្ស័យ​ដែរ ។ លោក​សាយ សៀ​រ៉ា និយាយ​ថា លោក​គ្មាន​បំណង​ចង់​យកឈ្នះ​ជាមួយ​អ្នក​ណា​ដែល​ចោទ​រូប​លោក​ទេ ដ្បិត​លោក​មិន​បាន​ធ្វើ​បែប​នោះ ។  លោក​សៀ​រ៉ា តែងតែ​ទប់ចិត្ត​មិន​តប​តទៅ​រករឿង​គេ​វិញ​ដោយ​សម្តី​ធ្ងន់​ទេ ក្រៅពី​សួរនាំ​ក្នុង​សភាព​ទន់ភ្លន់ ។

ពេល​នេះ​លោក​សៀ​រ៉ា​មិន​ចង់​ជួប​ព័ត៌មាន​មិនល្អ​ណាមួយ​ទៀត​ឡើយ ។ បើ​មាន​បញ្ហា​អ្វី​លោក​សៀ​រ៉ា​ចង់ឱ្យ​អ្នក​ពាក់ព័ន្ធ​សួរ​រក​ឫសគល់​សិន​ដើម្បី​ចៀសវាង​ខុស ម្ខាង​ៗ​នាំ​ឱ្យ​គេ​យល់​ច្រឡំ ។

លោក​សាយ សៀ​រ៉ា ជា​អ្នក​ខេត្តកំពង់ចាម​បាន​ដើរ​លើ​វិ​ថី​សិល្បៈ​ជិត​១០​ឆ្នាំ​មក​ហើយ ។ តស៊ូ​ជាមួយ​ការងារ​តាំងពី​តួអង្គ​រាយរង​ទម្រាំ​លោក​សៀ​រ៉ា​បាន​ក្លាយជា​តួអង្គ​សំខាន់ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោក​សាយ សៀ​រ៉ា ថត​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​បាន​ច្រើន​ឱ្យ​ផលិតកម្ម​ក្រៅប្រទេស​ដូច​ជា​ផលិតកម្ម​រៃ​មាស តោ​មាស និង​ផលិតកម្ម​បុប្ផា​ជាដើម ។ ក្រៅពី​នេះ​លោក​សៀ​រ៉ា​ត្រូវ​មហាជន​ទទួលស្គាល់​បន្ទាប់​ពី​ចាប់​ដៃគូ​សម្តែង​ជាមួយ​នាង​នី មុនីនាថ ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ