រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជា​ភេទ​ទី​៣ ម្នាក់​​ត្រូវ​គេ​ចោទ​​ប្រកាន់​ពី​បទ​លួច​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង និង​វិទ្យុ​​ទាក់​ទង​មួយ​គ្រឿង ខណៈ​ពេល​សន្តិ​សុខ​កំពុង​តែ​សម្រាក ហើយ​​លប​ទៅ​ស្ទាប​ប្រដាប់​ភេទ​របស់​គេ​បង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​​ ឆោឡោ​រត់​ដេញ​តាម​វាយ​ទ្រម​ខ្លួន កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​​២២ កក្កដា ​នៅ​មុខ​វត្ត​ទួល​ទំពូង តាម​មហា​វិថី​​ម៉ៅសេទុង​កែងផ្លូវ​លេខ​​១៥៥ ​ក្នុង​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន។

​ប្រភពព័ត៌​មាន​​ពី​​សន្តិ​សុខ​​យាម​នៅ​ជិត​កន្លែង​​ កើតហេតុ​ឈ្មោះ​សៀក ​ទីន ភេទប្រុស​ អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​ជួល​សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​៨ កក្កដា កន្លង​មក ជនសង្ស័យ​ភេទ​ទី​៣​ឈ្មោះ​តែង ណាត ​អាយុ​២៩​ឆ្នាំ ​ជា​ចុងភៅ​ ស្នាក់​នៅ​ម្តុំ​ទួល​ទំពូង ​បាន​មក​លេង​ជា​មួយ​រូប​គេ ហើយ​លួច​យក​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង និង​វិទ្យុ​ទាក់​ទង​មួយ​គ្រឿង​​​យក​ទៅ​បាត់ ។

ប្រភព​ដដែល​បន្ត​​ទៀតថា ​នៅយប់​កើត​ហេតុ​​ ស្រាប់តែ​​ជន​សង្ស័យ​លេច​មុខ​មក​និយាយ​លេង​ជា​មួយ​រូបគេ​ទៀត​ ព្រម​ទាំង​​ចាក់​វីដេអូ​អាស​អាភាស​តាម​ទូរស័ព្ទ​​ដៃ​ឱ្យ​មើល​ ។ បន្ទាប់​ពី​មើល​ហើយ​ស្រាប់​តែ​ជន​សង្ស័យ​បន្លំ​លូក​ស្ទាប​ប្រដាប់​​ភេទរបស់​ គេ ធ្វើ​ឱ្យ​គេ​ខឹង និង​គុំ​រឿង​លួច​របស់​របរ​កាល​ពី​ថ្ងៃ​មុន​ផង ក៏​ស្រែក​​ថា ចោរ បណ្តាល​ឱ្យ​អ្ន​ក​ឃើញ​ហេតុ​ការណ៍​នាំ​គ្នា​ជួយ​​ដេញ វាយ​រហូត​ទ្រម​ខ្លួន ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​​នាំ​យក​ទៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​បឹង​កេង​កង​ ៣ ដើម្បី​​សួរ​នាំ និង​ធ្វើ​កំណត់​ហេតុ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]