រាជធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​ពេល​ថ្មី​ៗ​នេះ កូនប្រុស​ច្បង​មានឈ្មោះ​មួ​ង រតនៈ​ឃី​ម បាន​មក​លេង​ស្រុក​ខ្មែរ​ក្នុង​ពេល​ទំនេរ​​ពី​ការ​សិក្សា​នៅ​ប្រទេស​ អូស្ត្រាលី​មួយ​រយៈ​។ ក្នុង​ពេល​នៅ​ជុំ​ម្តាយ និង​ប្អូនស្រី កូនប្រុស​របស់​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ឆ្លៀត​រៀន​ព្យា​ណូ​នៅ​ សាលា​​ស្រណោះ​តន្ត្រី ដោយ​ទទួល​បាន​សញ្ញាបត្រ​ជា​សិស្ស​ពូកែ ដោយ​ក្នុង​នោះ​មាន​ ទាំង​កូន​ជនបរទេស​ទៀត សុទ្ធតែ​ដណ្តើម​បាន​ជ័យ​លា​ភី​។ សមិទ្ធផល​ស្នាដៃ​ ការ​សិក្សា​ជំនាញ​តន្ត្រី​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​រំភើប​ជា​ខ្លាំង​នា​ ពិធី​ប្រគល់​សញ្ញាបត្រ ទោះ​ជាមួយ​រយៈកាល​នេះ ម្តាយកូន​ទាំង​២​ឃ្លាត​គ្នា ​យូរ​ឆ្នាំ​ក៏​ដោយ​។

នា​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​ជ័យ​លា​ភី​ដែល​ជា​ការ​រៀបចំ​របស់​ សាលា ​ស្រណោះ​តន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៥ នៅ​ក្នុង​អគារ CJCC ស្ថិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កន្លង​ទៅ​នោះ គេ​សង្កេត​ឃើញ​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតា បិតា សុទ្ធតែ​សម្តែង​ការ​រីករាយ បន្ទាប់​ពី​កូន​របស់​ខ្លួន​អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​ល្អ​ពី​ការ​លេង​ តន្ត្រី​ព្យា​ណូ​។ កម្មវិធី​នោះ ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​វ៉ា បូ​រិ​ន សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ​តំណាង​លោក​ ជំទាវ​ក្រសួង​វប្បធម៌​។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជា​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់ ក៏​បាន​ចូលរួម​នា​ឱកាស​នោះ​ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ដោយសារ​តែ​កូនប្រុស​អ្នក​នាង​បាន​មក​ទទួល​លិខិត​ជាប់​ចំណាត់ថ្នាក់​នោះ​ដែរ មាន​ទាំង​បរទេស និង​កូន​ខ្មែរ​។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​រៀបរាប់​ខ្លះ​ៗ​ជុំវិញ​កូនប្រុស​បាន​រៀន​ព្យា​ណូ និង​ទទួល​ សញ្ញាបត្រ​ពីសា​លា​ស្រណោះ​តន្ត្រី​ថា ការ​ពិត​កូន​មក​លែង​ស្រុក​ខ្មែរ​មួយ​រយៈ​ប៉ុណ្ណោះ តែ​មាន​ពេល​ដូច​ជា​យូរ​ខែ (២​ទៅ​៣​ខែ​) ក៏​កូន​ចង់​រៀន​ព្យា​ណូ ទើប​នាំ​មក​ដាក់​ពាក្យ​សាលា​នេះ​តែ​ម្តង​។ អ្វី​ដែល​សំខាន់​ក្នុង​នាម​ជា​ម្តាយ ពេល​ដឹង​ថា កូន​មានគំនិត​បែប​នេះ សប្បាយចិត្ត ព្រោះ​មិន​ចង់​ឲ្យ​ក្មេង​យក​ពេល​ទៅ​ លេង​ហ្គេ​ម​ខ្ចះ​ខ្ជាយ​ពេលវេលា នេះ​ជា​ការ​បង្កើន​ចំណេះ​មួយ​ផ្នែក​សម្រាប់​ កូនប្រុស​របស់​អ្នក​នាង​ដែរ​។ ម្យ៉ាងទៀត​នេះ​អាច​ថា ជា​ឈាមជ័រ​សិល្បៈ​ដែរ ព្រោះ​គាត់​ស្រាប់តែ​ចូល​ចិត្ត​ភ្លេង ហើយ​អាច​សម្តែង និង​ប្រឡង​បាន រហូត​ទទួល​សញ្ញាបត្រ ពិតជា​ពិសេស​ក្នុង​នាម​ជា​ម្តាយ​ដែល​ចង់​ឃើញ​កូន​ឆ្លាត​។ យ៉ាងណា​ទេព​កោសល្យ​ កូន​ផ្នែក​ព្យា​ណូ​នេះ ទុក​ជូន​លោកគ្រូ​ វាយតម្លៃ​ទៅ​ចុះ ប៉ុន្តែ​ខ្ញុំ​ក៏​ធ្លាប់​ទៅ​មើល​គាត់​សម្តែង​ដែរ និង​យល់​ថា ដូច​ជា​ឆ្លាត​ម្យ៉ាងដែរ​៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]