ភ្នំពេញ៖ ចូលមកដល់ វ័យ ៣៣ឆ្នាំ ទៅហើយ តារាចម្រៀង ស្រីស្រស់ សុគន្ធ និសា នៅតែមាន សាច់ស្រស់ស្អាត ភ្លឺថ្លា សមតែជាអ្នក ដែលមាន អាយុម្ភៃឆ្នាំជាង តែប៉ុណ្ណោះ។ កញ្ញា សុគន្ធ និសា ប្រាកដជា មានអាថ៌កំបាំងអ្វី ពិសេសហើយ នៅក្នុងការ ថែសុខភាព ស្បែក ឲ្យបានល្អ ប្រសើរបែបនេះ។

ដើម្បីជា ចំណេះដឹង បន្ថែមផ្នែក សម្រស់ សម្រាប់ឲ្យ ទស្សនិកជន ដែលជានារី អាចយកមក អនុវត្តតាម កញ្ញា សុគន្ធ និសា បានចែករំលែក នូវអាថ៌កំបាំង ប្រចាំថ្ងៃមួយ ជូនដល់ ប្រិយមិត្ត អ្នកអានទាំងអស់។

កញ្ញាបានរៀបរាប់ថា ចំណុចសំខាន់ ដែលស្រ្តីគ្រប់ រូបគួរតែយល់ ដឹងនោះគឺការ គេងឲ្យបាន គ្រប់គ្រាន់។ កញ្ញា បានប្រាប់ថា ចំពោះកញ្ញា បើទោះជា មានការងារ មមាញឹកប៉ុណ្ណា ក៏ដោយ ក៏កញ្ញាតែងតែ ព្យាយាមគេង ឲ្យបានគ្រប់ចំនួន ទើបធ្វើឲ្យស្បែក មិនស្រអាប់ ហើយភ្លឺរលោង និងស្រស់ថ្លា។ កញ្ញា បានបញ្ជាក់ថា នៅពេលដែល កញ្ញា ត្រូវទៅថត វីដេអូចម្រៀង រឺស្ព៉តឲ្យ ក្រុមហ៊ុនម្តងៗ កញ្ញាត្រូវថត ជាប់ពេញ ២៤ម៉ោង ក៏មានដែរ រហូតដល់អត់ មានពេលគេង សោះក៏មាន។ បន្ទាប់មក កញ្ញាក៏សង្កេត ឃើញថាស្បែកកញ្ញា មានសភាព ក្រៀមក្រោះ ស្ងួត និងគ្មានសំណើម មើលទៅ មិនស្រស់ថ្លា ហើយផាត់ម្សៅ មិនងាយចូលឡើយ។ លុះពេលបញ្ចប់ ពីការងារ កញ្ញាព្យាយាម សម្រាកឲ្យ បានគ្រប់គ្រាន់វិញ ក៏សង្កេតឃើញថា សុខភាពស្បែក បានត្រលប់មក រកសភាពដើមវិញ។ តែផ្ទុយទៅវិញ បើចប់ពីការងារហើយ កញ្ញាមិនបានសម្រាក ឲ្យបានគ្រប់គ្រាន់ ហើយព្យាយាម ធ្វើការងារថ្មី បន្តទៀតនោះ សុខភាពស្បែក គឺកាន់តែ ទ្រុឌទ្រោម និងពិបាកថែ ឲ្យដូចដើមណាស់ ដូច្នេះនៅរាល់ពេល ដែលបញ្ចប់ ការងារ កញ្ញា តែងព្យាយាម រកពេលគេងភ្លាម ដើម្បីឲ្យកោសិកា បានសម្រាក ហើយសុខភាពស្បែក វិលត្រលប់មក រកសភាពដើមវិញ ក្នុងរយៈពេល ដ៏ឆាប់រហ័សមួយ។

តារាចម្រៀងស្រី ដ៏ស្រស់ស្អាត ប្រចាំផលិតកម្ម ថោន រូបនេះ បានឲ្យដឹងទៀតថា យ៉ាងហោចណាស់ ក្នុងមួយថ្ងៃ កញ្ញាត្រូវគេង ឲ្យបានពី៧ ទៅ ៨ ម៉ោងដែរ ហើយបើទោះ ជារវល់នៅពេលយប់ មិនបានគេង ក៏កញ្ញា ព្យាយាមគេង បង្គ្រប់ម៉ោងនៅ ពេលព្រឹក រឺថ្ងៃវិញដែរ។ បើសិនជានៅ តែទម្លាប់គេង មិនបានគ្រប់គ្រាន់ នោះស្បែករបស់យើង នឹងចាស់មុនអាយុ មិនខានឡើយ។

លើសពីនេះ ទៅទៀត យើងមិនគួរ ទុកឲ្យស្បែក របស់យើង ស្ងួតនោះឡើយ បន្ថែមពីការ គេងគ្រប់គ្រាន់ ទម្លាប់យ៉ាងសាមញ្ញ ដែលយើងគួរ យកមកប្រើប្រាស់ ដើម្បីកុំឲ្យស្បែកស្ងួត នោះគឺការបរិភោគ ទឹកឲ្យបានច្រើន។

ទាំងនេះសុទ្ធសឹង តែជាបទពិសោធន៍ ដែលកញ្ញាធ្លាប់ ឆ្លងកាត់អស់ ជាច្រើនឆ្នាំ ដោយសារកញ្ញា មានអាជីព ដ៏មមាញឹកមួយ ហើយនេះក៏ ជាការចែករំលែក ដ៏ល្អសម្រាប់ស្រ្តី ដែលមានភាព មមាញឹក ហើយមិនមាន ពេលគិតគូរ ដល់បញ្ហាសម្រស់ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា