ខេត្ត​ពោធិ៍​សាត់​ ៖ កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ វេលាម៉ោង​៥ល្ងាច​ កម្លាំង​នគរបាល​ការិ​យាល័យ​​ប្រឆាំង​គ្រឿងញៀន​ សហការជា​មួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិតស្រាល​ ​នគរបាល​បច្ចេ​ក​ទេស​​និងវិទ្យា​សាស្ត្រ​នៃស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​​ ​ និងនគរ​បាល​​ក្រុងពោធិ៍​សាត់​ បាន​ចាប់​ឃាត់​​មុខសញ្ញា​​ចែក​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​៥នាក់​ ​ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​​ចែក​ចាយ​ និងប្រើ​ប្រាស់​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​ជាប់​ផ្លូវជាតិ​លេខ​៥​ ស្ថិតក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុងពោធិ៍​សាត់​ ។

សមត្ថ​កិច្ច​ឱ្យដឹង​ថា​ មុខសញ្ញា​ទាំង​៥នាក់​ ១-ឈ្មោះ​ប៊ុត​ រតន​ៈ​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ នៅ​ខេត្ត​បាត់​ដំបង ២-ឈ្មោះ​អឹុម រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ រស់នៅ​ស្រុក​ភ្នំ​ក្រវាញ​ ៣-​ឈ្មោះ​លី លី​ ភេទស្រី​ អាយុ​១៥​​ឆ្នាំ​ ​រស់​នៅ​រាជធានីភ្នំពេញ​​ ៤-​ឈ្មោះ​លី​ ហាន់​ណា​ហ្វី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជ​នជាតិ​ខ្មែរ​អ៊ិស្លាម​ រស់​នៅ​ស្រុក​ភ្នំក្រវាញ​ និង​៥-ឈ្មោះ​ចាន់​​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​​២១ឆ្នាំ​ ​រស់​នៅ​​ក្រុងពោធិ៍​សាត់​ ។ ​​ជាមួយ​គ្នា​នេះ​ យើង​រឹប​អូស​​បាន​វត្ថុតាង​មាន​ម៉ូតូ​១គ្រឿង​ ម៉ាទឹក​កក​​៤​កញ្ចប់​ធំ​និង​១កញ្ចប់​តូច​​ ដបទឹក​​បរិ​សុទ្ធ​ចោះ​រន្ធ​ដាក់​ទុយោ​ចំនួន​៤​ ដែក​កេះ​​៣​ ទូរស័ព្ទ​៧​គ្រឿង​ លុយ​ដុល្លារ​ក្លែង​ក្លាយ​១០០​ដុល្លារ​​ និងលុយ​ខ្មែរ​២២​ម៉ឺន​រៀល​ ។

លោក​វរសេនីយ៍​ត្រី​ ស៊ី​ សាវិន​ ប្រធាន​​ការិ​យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងថា​ ប្រហែល​១០​ថ្ងៃ​មុន​នេះ​មាន​ស្ត្រី​ម្នាក់​មក​ប្តឹង​សមត្ថ​កិច្ច​​យើង​ថា​ ប្តី​របស់​នាងឈ្មោះ​ឆេង​ សុខ​លី​ អាយុ​៣៣ឆ្នាំ​ នៅភូមិ​បឹង​ឈូក​​ ឃុំ​កណ្តៀង​ ស្រុក​កណ្តៀង ជាមនុស្ស​ញៀនថ្នាំ​ហើយ​បាន​ដើរ​បាត់​ៗ​ពី​ផ្ទះ​មិនដឹងទៅណា​ លុះ​ពេល​​តាម​រក​ឃើញ​​ចេញចូល​នៅផ្ទះសំណាក់​សែន​សុខ​ ជាប់​​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​ខាងមុខ​ធនាគារ​កាណាឌី​យ៉ា​ ដោយ​មាន​គូកន​មួយចំនួន​ទៀត​ ​។

បន្ទាប់​​ពី​​ទទួល​បាន​ព័ត៌​មាន​នេះ​យើងក៏ដាក់​ ភ្នាក់ងារ​ឱ្យ​តាម​ដាន​មើល​ លុះ​នៅល្ងាច​ថ្ងៃទី​១៩​ កក្កដា​ ឃើញ​ជន​ខាងលើ​មក​ជួល​ផ្ទះ​សំណាក់​នោះ​ទៀត​ក៏​ដឹក​នាំ​កម្លាំង​ទៅព័ទ្ធ​ចាប់​ ជាក់ស្តែង​ក្នុងបន្ទប់​តែ​ម្តង​ ។ ​ឈ្មោះ​ឆេង​ សុខលី​ យើង​បានបញ្ជូន​ទៅ​ដាក់​នៅមណ្ឌល​អប់រំ​កែប្រែ​ខេត្ត​បាត់​ដំបង​តាម​​សំណូម​ពរ ​​របស់ស្ត្រី​ជាភរិយា​ ចំណែក​៥នាក់​នេះ​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច​ក៏​បាន​បញ្ជូន​ទៅ​សាលា​ដំបូង ​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]