ភ្នំពេញ៖ កាលពីយប់ ថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានរៀបចំការប្រកួត ជុំទី២ វគ្គជម្រុះពានរង្វាន់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដែលធ្វើការប្រកួតរវាងក្រុមជម្រើសជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមជម្រើសជាតិនៃប្រទេសសិង្ហបុរី។

ជាការកត់សំគាល់ឃើញថា ម្សិលមិញនេះ មានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ទាំងក្មេងចាស់ ប្រុសស្រី បាននាំគ្នាទៅលើកទឹកចិត្ត ក្រុមជម្រើស ជាតិហួសពីការស្មាន កម្រឃើញមានពីមុនមក ពោលគឺ កន្លែងអង្គុយរបស់ពហុកីឡដ្ឋានជាតិ ដែលអាចផ្ទុកអ្នកគាំទ្របានប្រមាណ ៥ម៉ឺននាក់នោះ គឺពេញគ្មានសល់ ហៀររហូតដល់កាំជណ្តើរដែលទុកសំរាប់ដើរចេញចូល ទៅកន្លែងអង្គុយ និងអ្នកខ្លះទៀត សុខចិត្តឈរប្រជ្រៀតគ្នា មើលការប្រកួតពេញ ៩០នាទី បើទោះជាមិនមាន កៅអីអង្គុយក៏ដោយ។


ទិដ្ឋភាពពហុកីឡដ្ឋាន ជាតិ មើលពីលើ ក្នុងការប្រកួតរវាងកម្ពុជា និងសិង្ហបុរី

ការប្រកួតទល់នឹង ប្រទេសសិង្ហបុរី គឺជាការប្រកួតជុំទី២ ក្នុងពូល E ដែលក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យដោយលទ្ធផល ០ ទល់នឹង ៤ ដោយលេងវគ្គទី១ បានតែ ៩នាទីកីឡាករ Amri លេខ១៩ ស៊ុតនាំមុខឲ្យក្រុមភ្ញៀវសិង្ហបុរី ១ ទល់នឹង០ ។ សិង្ហបុរីដែលជាក្រុមដ៏ខ្លាំងមួយនៅតំបន់អាស៊ាននៅតែធ្វើការគាបសង្កត់កម្ពុជាយ៉ាងខ្លាំង ហើយនៅនាទី ទី ២១ និង ៣៥ សិង្ហបុរីបានស៊ុតបញ្ចូលទីក្រុមកម្ពុជាជា បន្តបន្ទាប់ ដោយកីឡាករ លេខ២១ Safuwan Baharudin ២គ្រាប់តែម្នាក់ឯង ធ្វើឲ្យចប់ការប្រកួតតង់ទី១ កម្ពុជា ត្រូវសិង្ហបុរីនាំមុខ ០ ទល់នឹង ៣។

បើទោះជាត្រូវគូប្រជែងនាំ មុខច្រើនគ្រាប់យ៉ាងនេះក្តីតែគេនៅតែសង្កេតឃើញថា ក្រុមអ្នកគាំទ្រនៅតែអង្គុយស្រែកហ៊ោ ដោយ មិនបានដើរចេញពីកន្លែងអង្គុយរបស់ពួកគេនោះទេ។ នៅក្នុងវគ្គទី២ ចាប់ផ្តើមការប្រកួតបាន ១០ នាទីពោលគឺនៅនាទីទី៥៥ កីឡាករលេខ ១០ឈ្មោះ Fazrul Shahul បានស៊ុតគ្រាប់ទី៤ បានសំរេចឲ្យក្រុមជម្រើសជាតិសិង្ហបុរី ហើយលទ្ធផល នេះមិនមានការប្រែប្រួលនោះទេ ធ្វើឲ្យចប់ការប្រកួត សិង្ហបុរីបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៤ ទល់នឹង ០។


ទិដ្ឋភាពពហុកីឡដ្ឋានជាតិ មុនចាប់ផ្តើមការប្រកួត និងពេលកំពុងប្រកួត

ក្រោយចប់ការប្រកួតអ្នកចាំទីដៃទី១ ក្រុមជម្រើសជាតិកម្ពុជាកីឡាករស៊ូ យ៉ាទីបាន ធ្វើការសុំទោសដល់អ្នកគាំទ្រកម្ពុជាទាំងអស់ថា៖ "ខ្ញុំសុំទោសចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ ដែលយើងធ្វើមិនបានល្អនៅយប់នេះ។ ពួកយើងពិតជាសុំទោសចំពោះការប្រកួតនេះ ហើយយើងនឹងព្យាយាមធ្វើឲ្យបានល្អនៅប្រកួតក្រោយ។ ជាចុងក្រោយខ្ញុំសូមសំដែងការអរគុណ ចំពោះអ្នករាល់គ្នាដែលតែងតែគាំទ្រ ក្រុមជម្រើសជាតិកម្ពុជារហូតមក"

ដោយឡែកប្រធាន ក្រុមជម្រើសជាតិកម្ពុជាកីឡាករគួច សុកុម្ភះ បានសរសេរនៅលើគណនី ហ្វេសប៊ុករបស់ខ្លួនថា៖ "ខ្ញុំសុំទោសចំពោះអ្នកគាំទ្រទាំងអស់ដែលពួកយើង មិនអាចរកពិន្ទុបាននៅ ការប្រកួតនេះសំរាប់ក្រុមជម្រើសជាតិ សូមអរគុណដល់អ្នករាល់គ្នាដែលគាំទ្រ ហើយពួកយើងព្យាយាមកាន់តែខ្លាំង ត្រៀមសំរាប់ការប្រកួតបន្ទាប់ " 

គួរបញ្ជាក់ផងដែរថា វគ្គជម្រុះពានរង្វាន់ពិភពលោក ប្រទេសរុស្ស៊ីឆ្នាំ ២០១៨ ក្រុមកម្ពុជាបច្ចុប្បន្ន ឈរនៅចំណាត់ទី៤ ក្នុងពូល E ដែលរួមមានប្រទេស ស៊ីរី សិង្ហបុរី ជប៉ុន និងអាហ្វហ្គានីស្ថាន ហើយនៅការប្រកួតបន្ទាប់ កម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា វេលាម៉ោង ៦ និង៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ៕

ទិដ្ឋភាពទូទៅនៃការប្រកួតរវាងកម្ពុជា និងសិង្ហបុរី៖ 













ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]