បាត់ដំបងៈ ជនល្មើសម្នាក់ជិះម៉ូតូយប់ អត់ពាក់មួកសុវត្ថិភាព និងអត់ស្លាកលេខ ពេលនគរបាលចរាចរឃាត់ផាកពិន័យ ស្ទុះកញ្ឆក់ដណ្តើមដំបងឆក់ពីនគរបាល បាន យកមកវ៉ៃសមត្ថកិច្ចវិញ បណ្តាលឲ្យបែកក្បាល កាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចចុងស្ពាន ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានកម្លាំងអន្តរាគមន៍ មកជួយចាប់ឃាត់ រួចបញ្ជូនមកស្នងការដ្ឋានទាំងយប់ ធ្វើការសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។

លោក មៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន២នាក់ មាន ៖ ទី១ ឈ្មោះ ទូច ភារុណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ សិស្សពេទ្យទាហាន ទើបរៀនចប់ ស្នាក់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជនដៃដល់), ទី២ ឈ្មោះ ស្រេង ស៊ីណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់ខោអាវជជុះ នៅភូមិជាមួយគ្នាខាងលើ។ ចំណែកជនរងគ្រោះ ជាមន្រ្តីនគរបាលចរាចរខេត្ត រងរបួសបែកក្បាល។

លោក មៀន ឡាយ បានបន្តថា តាមសម្តីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ក្រុមការងាររបស់គេ បានចុះពង្រឹងច្បាប់ចរាចរណ៍ នៅពេលយប់ នៅគោល ដៅចុងស្ពាន ស ខេង ខាងលិចស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តាំងពីក្បាលព្រលប់។ លុះដល់ម៉ោង៩យប់ ថ្ងៃទី១៩ ខែកក្កដា មាន ម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ១គ្រឿង បានជិះម្នាក់ឯង ដោយសភាពស្រវឹងជោកជាំ សមត្ថកិច្ចបានកាក់ឲ្យឈប់ ដើម្បីធ្វើការផាកពិន័យ ហើយបានធ្វើលិខិតដក ហូតម៉ូតូ យកទៅទុកនៅការិយាល័យចរាចរណ៍ខេត្ត រួចឲ្យមនុស្សត្រឡប់ទៅផ្ទះវិញ។ មួយសន្ទុះក្រោយមក ជនល្មើសបាននាំបក្ខពួក២ទៅ៣នាក់ មកឈ្លោះជាមួយ សមត្ថកិច្ចបានជេរប្រមាថគ្នា រួចជនដៃដល់បានស្ទុះទៅកញ្ឆក់យកដំបងឆក់ របស់សមត្ថកិច្ចពីដៃបាន យកមកវ៉ៃជនរងគ្រោះជាមន្រ្តីនគរបាលចរាចរ ១ដំបង បណ្តាល ឲ្យរងរបួសបែកក្បាល ភ្លាមៗនោះកម្លាំងផ្សេង បានទំនាក់ទំនងទៅកម្លាំងអន្តរាគមន៍ ពិសេសឲ្យមកជួយ និងធ្វើការឃាត់ខ្លួនបានចំនួន ២នាក់ នាំយកមកស្នងការ ទាំង យប់ធ្វើការសាកសួរ។

ជនដៃដល់ឈ្មោះ ទូច ភារុណ បានឆ្លើយសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹង ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងអត់ស្លាកលេខនៅពេលយប់ ហើយត្រូវសមត្ថកិច្ច ឃាត់ម៉ូតូទុក រួចឲ្យខ្លួនត្រឡប់ទៅផ្ទះវិញពិតប្រាកដមែន។ ពេលកំពុងផាក ខ្លួនបានសុំប្រគល់លុយ ជូនសមត្ថកិច្ចចំនួន ១០.០០០រៀល ពិតប្រាកដមែន តែសមត្ថកិច្ច មិនព្រមយក ដោយសារឃើញខ្លួនស្រវឹង ក៏ឲ្យទៅផ្ទះវិញ។ ក្រោយពីខ្លួនបានទៅដល់ផ្ទះហើយ ខ្លួនបានទៅបបួលមិត្តភក្តិ ឲ្យមកជួយវ៉ៃនគរបាលចរាចរឲ្យបាន ដើម្បី សងសឹក។ ពេលខ្លួននាំបក្ខពួកមកដល់ ក៏បានប្រព្រឹត្តវ៉ៃទៅលើសមត្ថកិច្ចតែម្តង ភ្លាមនោះស្រាប់តែមានក្រុមអន្តរាគមន៍ មកនាំខ្លួនយកទៅស្នងការទាំងយប់តែម្តង។

គួរំលឹកថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ គឺមានសិស្សពេទ្យទាហាន ៣នាក់ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្ត ពីបទឆក់ខ្សែក តាមដងផ្លូវ ដែល រៀនវគ្គទី៨ ជាមួយគ្នានេះតែម្តង។

លោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌បានបញ្ជាក់ថា ជនល្មើសដែលសមត្ថកិច្ចឃាត់ខ្លួននេះ ពីដំបូង គឺបានបង្កបទល្មើសចរាចរទេ ជិះម៉ូតូគ្មាន ពាក់មួក និងអត់ស្លាកលេខ ហើយសមត្ថកិច្ចគ្រាន់តែឃាត់ម៉ូតូទុក ដើម្បីធ្វើការដោះស្រាយ តាមច្បាប់ចរាចរណ៍ប៉ុណ្ណោះ តែជនល្មើសបានបង្កទៅនាំគ្នាមកវ៉ៃ កម្លាំង សមត្ថកិច្ចថែមទៀត ដែលបានបង្កទៅលើបទល្មើសព្រហ្មទណ្ឌ ១ករណីទៀត។

ដោយបានអនុវត្ត តាមបញ្ជារបស់លោកព្រះរាជអាជ្ញា នួន សានផង បច្ចុប្បន្នលោកបានបញ្ជា ឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ម៉ូតូបង្ក ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២០ ខែកក្កដានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

www.dap-news.com

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]