បាត់ដំបងៈ កម្លាំងនគរបាលស្រុកបវេល ធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពីបទប្រើអំពើហិង្សាមកលើជនជាតិចិនគ្នាឯង កាលពី វេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចកណ្តាលឃុំក្តុលតាហែន ស្រុកបវេល នាំយកមកសាកសួរនៅអធិការស្រុក រួចកសាងសំណុំ រឿងបញ្ជូនខ្លួនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ឌី សារ៉េត អធិការរង នគរបាលស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ជៀង មុហុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន (ជាអ្នកម៉ៅការ) ធ្វើផ្លូវថ្នល់ពីស្រុកបវេល ទៅស្រុកកំរៀង បច្ចុប្បន្នស្នាក់នៅចំណុចក្បាលស្ពាន ក្នុងភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល។ ចំណែកជនរងគ្រោះ មានឈ្មោះ ខាង ប៊ិនស៊ាវ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិនដូចគ្នា និងជាវិស្វករធ្វើផ្លូវថ្នល់ ស្នាក់នៅបណ្តោះអាសន្ន នៅស្រុកបវេល។

លោក ឌី សារ៉េត បន្តដកស្រង់សម្តីជនរងគ្រោះ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ថា ជនរងគ្រោះបានជិះរថយន្ត ជាមួយអ្នកបើកបរខ្មែរម្នាក់ ដើរមើលផ្លូវ ដែល បានធ្វើរួច។ លុះមកដល់ចំណុចភូមិកណ្តាល ឃុំក្តុលតាហែន ស្រុកបវេល ស្រាប់តែបានជួប ឈ្មោះ ហ្វាង ជិហ៊រ ភេទប្រុស អាយុ ៦១ឆ្នាំ (ថៅកែម៉ៅការធំ) និងឈ្មោះ ជៀង មុហុង (ជនសង្ស័យ) កំពុងជិះម៉ូតូ រួចក៏ដេញតាម មកស្ទាក់ពីមុខរថយន្តជនរងគ្រោះ ហៅឲ្យចុះ រួចធាក់ជនរងគ្រោះ១ជើង លត់ជង្គង់ ហើយឲ្យឡើងរថយន្តខ្លួន តែជនរងគ្រោះមិនព្រមឡើង រួចក៏ឡើងជិះរថយន្តខ្លួនវិញ។ រយៈពេលកន្លងមក ជនសង្ស័យនិងថៅកែ ត្រូវបានជនរងគ្រោះ(វិស្វករ) ណែនាំជាច្រើនលើកមកហើយ ឲ្យធ្វើផ្លូវថ្នល់ ត្រូវតាមស្តង់ដារ តែជនសង្ស័យនិងថៅកែ មិនព្រមធ្វើតាម ដោយវិស្វករបានបញ្ជាឲ្យរុះរើធ្វើថ្មី ជាច្រើនលើក ដែលបណ្តាលឲ្យជនសង្ស័យខឹងខ្លាំង ទើប ឈានដល់ប្រើអំពើហិង្សាទៅលើវិស្វករដូច្នេះ។ ក្រោយហេតុការណ៍បានកើតឡើងហើយ ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនជនសង្ស័យ ធ្វើតាមច្បាប់។ តែថៅកែធំ ឈ្មោះ ហ្វាង ជិហ៊រ បានគេចខ្លួនបាត់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានតែមេការម្នាក់ នាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើថ្នល់ហើយអស់ជាច្រើនកន្លែង តែលោកវិស្វករបានឲ្យខ្លួនរើចេញធ្វើម្តងទៀត ដែលបណ្តាលឲ្យខ្លួនទទួលការខូចខាត លុយច្រើន ទើបខ្លួនខឹងបានធ្វើបែបនេះ។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ មកស្នងការខេត្ត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ដើម្បីចាត់ការបន្តតាមច្បាប់៕

www.dap-news.com

ដោយ៖ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]