ភ្នំពេញៈ របាំងចែកទ្រូងផ្លូវនៅរាជធានីភ្នំពេញ ត្រូវបានរងគ្រោះខ្ទេចខ្ទាំ ស្ទើរតែរាល់រាត្រី ព្រោះតែក្រុមអ្នកមាន លុយ មានរថយន្តទំនើបជិះ នាំគ្នាដើរលេងផឹកស៊ីស្រវឹង ហើយយកផ្លូវសាធារណៈជាទីលានប្រណាំង ហើយបើក បុកបំបាក់របាំងថ្មជាការកម្សាន្តរបស់ពួកគេ។ ជាក់ស្តែងនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ របាំងថ្មចែកទ្រូងផ្លូវស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបានរថយន្តពីរគ្រឿងបុក ជាបន្តបន្ទាប់បណ្តាលឲ្យបាក់អស់៤កំណាត់។

មន្រ្តីនគរបាលចរាចរណ៍ខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានរថយន្ត CRV មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-0648 ដែលម្ចាស់របស់វាបើកបរក្នុងទិសដៅពីកើតទៅលិច ដែលគេសង្ស័យថា មានអាការស្រវឹងនោះ បានជ្រុលទៅបុករបាំងចែកទ្រូងផ្លូវនៅ តាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បណ្តាលឲ្យបាក់៤កំណាត់ទៅមុខលែងរួច ស្រាប់តែមួយសន្ទុះក្រោយមក មាន រថយន្តកាមរីមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P-4129 ត្រូវបានម្ចាស់របស់វាបើកមកបុក ពីក្រោយរថយន្ត CRV បន្ថែមទៀត បណ្តាលឲ្យមនុស្សផ្អើលមើលស្ទះចរាចរណ៍ទាំងយប់។

មន្រ្តីនគរបាលដដែលនេះ បន្តថា ក្រោយពេលបង្កហេតុហើយនោះ ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ដែលគេ មិនស្គាល់អត្តសញ្ញាណនោះ បាននាំគ្នាចុះពីរថយន្តគេចខ្លួនបាត់អស់ទៅ។

ក្រោយពេលត្រួតពិនិត្យ និងវាស់វែង រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅសាលារាជ ធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការបើកបរបង្កគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈពេលរាត្រី ដោយក្រុមពួក អ្នកផឹកស៊ីស្រវឹង និងក្រុមក្មេងស្ទាវជាកូនអ្នកមាននេះ ទាំងសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និង អភិបាល រាជធានីភ្នំពេញលោក កែប ជុតិមា បានធ្វើការព្រមាន ព្រមទាំងឲ្យធ្វើការផាកពិន័យយ៉ាង ធ្ងន់ធ្ងរចំពោះជនបង្ក ទាំងអស់នេះ។ តែគេសង្កេតឃើញនៅតែមានករណីបង្កគ្រោះថ្នាក់នេះ កើតឡើងជារឿយៗដដែល ហាក់មិនខ្លារ អាអ្វីបន្តិចសោះ។ ដូច្នេះគេគិតថា សាលារាជធានីភ្នំពេញ គួរតែមានវិធានការតឹងរឹង ក៏ដូចជាការផាកពិន័យឲ្យបាន ធ្ងន់ធ្ងរថែមទៀត ដើម្បីកាត់បន្ថយនូវសកម្មភាពទាំងអស់នេះ៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]