ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះ ដែលត្រូវជាថ្ងៃ នៃការប្រកួតលក្ខណៈ មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់ នៃប្រទេសកម្ពុជា និង ក្រុមបាល់ទាត់ នៃប្រទេសឡាវ នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិច មានមសនុស្ស រាប់ម៉ឺននាក់ បានចូលរួមទស្សនា ដើម្បីជាការ លើកទឹកចិត្ត ដល់ក្រុមរបស់ខ្លួន។



អ្នកគាំទ្រ ក្រុមបាល់ទាត់ កម្ពុជា បានធ្វើដំនើរ មកទស្សនា ការប្រកួត យ៉ាងច្រើនកុះករ

ជាមួយគ្នានេះដែរ អ្នកគាំទ្រ របស់ក្រុមបាល់ទាត់ នៃប្រទេសកម្ពុជា បានចូលរួម យ៉ាងច្រើនកុះករ ប្រមាណជា ៥ម៉ឺននាក់ ខណៈអ្នកគាំទ្រ របស់ក្រុមបាល់ទាត់ នៃប្រទេសឡាវ ក៏ត្រូវបានគេឃើញ ចូលរួមគាំទ្រ ក្នុងការប្រកួត ជាច្រើននាក់ ផងដែរ។

នៅក្នុងការប្រកួត រវាងក្រុមបាល់ទាត់ កម្ពុជា និងក្រុមបាល់ទាត់ ឡាវ នេះ គឺពិតជា ការប្រកួតមួយ ដល់ស្វិតស្វាញ មែនទែន ប៉ុន្តែនៅក្នុងតង់ទី១ មិនមាន ក្រុមណាមួយ អាចស៊ុតបញ្ចូលទី បានឡើយ គឺគ្រាន់តែសម្រុក ទៅវិញទៅមក ប៉ុណ្ណោះ។ ចូលដល់តង់ទី២ភ្លាម ក្រុមបាល់ទាត់កម្ពុជា បានរកគ្រាប់បាល់ បាន១គ្រាប់ ដែលស៊ុតបញ្ចូលទី ដោយកីឡាករ ឃួន ឡាបូរ៉ាវី ពាក់អាវលេខ៩ ប៉ុន្តែបានតាមពីក្រោយ ភ្លាមៗវិញផងដែរ ពីក្រុមបាល់ទាត់ ឡាវ។ លទ្ធផលនេះ បានរក្សារហូត ដល់ចប់ម៉ោង ដោយក្រុមបាល់ទាត់ កម្ពុជា ស្មើនឹង ក្រុមបាល់ទាត់ ឡាវ ១ ទល់នឹង ១។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ ក្រុមបាល់ទាត់កម្ពុជា ត្រូវបានគេសង្កេតឃើញថា ពិតជាស្មោះស្ម័គ្រ ខណៈមុនពេលប្រកួតនោះ មេឃបានបង្អុរភ្លៀង ធ្លាក់មកយ៉ាងខ្លាំង ប៉ុន្តែអ្នកគាំទ្រ របស់កម្ពុជា នៅតែមិនរុញរារ ដោយអ្នកគាំទ្រខ្លះ បានយកឆ័ត្រ មកជាមួយ ក៏ទទូលក្រោមឆ័ត្រ រីឯអ្នកគាំទ្រខ្លះទៀត បានប្រញាប់ប្រញាល់ ទៅទិញអាវភ្លៀង យកមកពាក់ ដើម្បីការពារទឹកភ្លៀង និងរង់ចាំទស្សនា ការប្រកួតជាបន្ត។ ជាងនេះទៅទៀត ក៏មានអ្នកគាំទ្រ មួយចំនួនទៀត សុខចិត្តអង្គុយហាលភ្លៀង ដើម្បីរង់ចាំ ការប្រកួតចាប់ផ្តើម ដោយមិនខ្លាចអ្វីទាំងអស់។


ទិដ្ឋភាពទីលាន មុនពេលប្រកួត


ទិដ្ឋភាពទីលាន មុនពេលប្រកួត ខណៈកីឡាករទាំងសងខាង កំពុងកំដៅសាច់ដុំ


អ្នកគាំទ្រកម្ពុជា អង្គុយហាលភ្លៀង រង់ចាំទស្សនាការប្រកួត


អ្នកគាំទ្រកម្ពុជា អង្គុយហាលភ្លៀង រង់ចាំទស្សនាការប្រកួត

ភ្លៀងនៅតែធ្លាក់មក មិនព្រមឈប់ ខណៈការប្រកួត បានចាប់ផ្តើម រហូតដល់ ចប់ការប្រកួត ប៉ុន្តែបើនិយាយពី អ្នកគាំទ្រ របស់ក្រុមបាល់ទាត់ កម្ពុជាវិញ បានធ្វើដំណើរ មកចូលរួមទស្សនា និងគាំទ្រ ជាហូរហែរ រហូតដល់ណែន ស្ទើរពេញពហុកីឡាដ្ឋាន និងរកកន្លែងអង្គុយ ស្ទើរគ្មាន។



អ្នកគាំទ្រកម្ពុជា ជាច្រើនម៉ឺននាក់ កំពុងទស្សនាការប្រកួត ខណៈមេឃភ្លៀងមិនឈប់

បើតាមសម្តីអ្នកគាំទ្រ របស់ក្រុមបាល់ទាត់ កម្ពុជា ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះបានឃើញ អ្នកគាំទ្ររបស់កម្ពុជា យ៉ាងច្រើនកុះករ មកចូលរួម ទស្សនា និងលើកទឹកចិត្ត ដល់ក្រុមបាល់ទាត់ កម្ពុជា ទោះបីជាលទ្ធផល បានត្រឹមតែស្មើ គ្នាក៏ដោយ។ ខ្ញុំក៏សូមសរសើរ ដល់អ្នកគាំទ្រមួយចំនួន ដែលសុខចិត្តពុះពារ ដើម្បីបានទស្សនា ទាំងមេឃភ្លៀង តាំងពីមិនទាន់ប្រកួត រហូតដល់ប្រកួតចប់...។”

យ៉ាងណាមិញ ក្រោយពីបញ្ចប់ការប្រកួត គេបានសង្កេតឃើញ យុវជនខ្មែរ ជាច្រើនក្រុម បាននាំគ្នាកាន់ថង់ ដើរប្រមូលសម្រាម ពីលើកន្លែងអង្គុយទស្សនា នៅក្នុងពហុកីឡាដ្ឋានជាតិ ដោយទឹកមុខ សប្បាយរីករាយ ទៀតផង ដែលនេះហើយ គឺជាទង្វើមួយ ដែលគួរអោយសរសើរ និងស្ញប់ស្ញែងបំផុត សម្រាប់យុវជនខ្មែរយើង៕



អ្នកគាំទ្រកម្ពុជា ដើរប្រមូលសម្រាម ក្រោយបញ្ចប់ការប្រកួត

សូមទស្សនាវីដេអូ នៃការប្រកួត ខាងក្រោមនេះ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]