ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលមនុស្សជាច្រើន កំពុងតែរង់ចាំនោះ ត្រូវបានក្រុមហ៊ុន Microsoft ប្រកាសនូវកាលបរិច្ឆេទផ្លូវការ សំរាប់ដាក់ចេញ ឲ្យប្រើប្រាស់ហើយ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ តាមការបង្ហើបឲ្យដឹង អតិថិជនរបស់ Windows នឹងអាចធ្វើការតម្លើង ឬ Update កុំព្យូទ័រ និង ទូរស័ព្ទ របស់ពួកគេ ទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Windows 10 បានដោយ ឥតគិតថ្លៃ។

ខាងក្រោមនេះ គឺជាលក្ខណៈពិសេស និងការកែច្នៃ ដ៏ថ្មីស្រឡាង នៅក្នុង Windows 10៖

_Cortana ជាកម្មវិធី ជំនួយការបុគ្គល បែបលក្ខណៈឌីជីថល ដំបូងគេបង្អស់ នៅលើពិភពលោក ដែលអាចជួយអ្នកសម្រេចកិច្ចការ ជាច្រើន។ វាមានសមត្ថភាព អាចយល់ដឹង ពីចំណូលចិត្ត របស់អ្នកប្រើប្រាស់ ដើម្បីបែងចែកនូវសំណើរ ឬការយល់ព្រម ហើយវាក៏អាចផ្តល់ព័ត៌មាន បានលឿនផងដែរ ជាមួយនឹងការផ្តល់ ភាពងាយស្រួល ក្នុងការនិយាយគ្នា ឬវាយអក្សរ។ Cortana អាចប្រើប្រាស់បាន ទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទដៃ។


លក្ខណៈពិសេស នៅក្នុង Windows 10

_Microsoft Edge៖ វាគឺជា Browser ដែលមានការ ច្នៃម៉ូតដ៏ ថ្មីស្រឡាងមួយ ដែលមានភាពរហ័ស ក្នុងការចូលមើលគេហទំព័រ ផ្សេងៗ យ៉ាងងាយស្រួល។ ជាមួយនឹង Cortana វាក៏អាច បង្ហាញនូវ គេហទំព័រ ទាំងឡាយណា ដែលទាក់ទង ទៅនឹងចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ បានយ៉ាងលឿនទាន់ចិត្តផងដែរ។

_Office on Windows៖ វាគឺជាការ បន្ថែមលក្ខណៈពិសេស ទៅដល់កម្មវិធី Office 2016 សម្រាប់កុំព្យូទ័រ ដែលអ្នកប្រើប្រាស់ Windows 10 ទាំងអស់នឹង អាចសាកល្បង នូវកម្មវិធី Windows Word, Excel និង Powerpoint ដ៏ថ្មីស្រឡាង ដែលផ្តល់នូវ ភាពងាយស្រួល និងរហ័ស ជាងមុន ព្រមទាំងមុខងារ ជាច្រើនថែមទៀត។

_Xbox Live និងការរួមបញ្ចូលគ្នា ជាមួយនឹងកម្មវិធី Xbox៖ លក្ខណៈពិសេស មួយនេះគឺបាន នាំមកជាមួយ នឹងការសាកល្បង ហ្គេមថ្មីជាច្រើន សម្រាប់ Windows 10 ដែលវាអាច ឲ្យអ្នកប្រើប្រាស់ កុំព្យូទ័រ និង Tablet ដំណើរការ Windows មួយនេះ ចូលលេងហ្គេម Xbox Live តាមប្រព័ន្ធ network ដែលមានល្បឿនលឿន និងរូបភាពល្អច្បាស់ តែម្តង។

_កម្មវិធីថ្មី ទាក់ទងនឹង រូបថត វីដេអូ ចម្រៀង ផែនទី មនុស្ស អ៊ីម៉ែល និងប្រតិទិន៖ កម្មវិធីទាំងនេះ ត្រូវបានកែប្រែ និងច្នៃម៉ូតថ្មីទាំងអស់ និងអាចចែករំលែក ទៅកាន់ឧបករណ៍ ដទៃទៀត។


ចំណុចពិសេស ផ្សេងៗទៀតរបស់ Windows 10

_Windows Continuum៖ កម្មវិធីនេះ អាចធ្វើឲ្យកុំព្យូទ័រ ២ មានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និទ្ធ។ វាក៏អាច ធ្វើឲ្យមាន ដំណើរការយ៉ាងរលូន ក្នុងផ្លាស់ប្តូរ កម្មវិធីផ្សេងទៀត នៅលើ Tablet ចូលទៅក្នុងកុំព្យូទ័រ ទៀតផង។ ម្យ៉ាងវិញទៀត ទូរស័ព្ទដែល មានប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលមានកម្មវិធី ពិសេសនេះ អាចភ្ជាប់ជាមួយនឹង Monitor, Mouse និង Keyboard ដើម្បីធ្វើឲ្យ ទូរស័ព្ទរបស់ អ្នកក្លាយទៅជា កុំព្យូទ័រ (PC) ផងដែរ។

_Windows Hello៖ លក្ខណៈពិសេស ដ៏ថ្មីស្រឡាងនេះ គឺសម្រាប់ស្វាគមន៍អ្នក ដោយឈ្មោះ និងស្នាមញញឹម ដែលវាអាច ធ្វើឲ្យអ្នកប្រើប្រាស់ ចូលទៅកាន់ (Log) ឧបករណ៍ របស់ពួកគេ ដោយមិនចាំបាច់ មានលេខសំងាត់ និងបានភ្លាមៗ ដោយគ្រាន់តែ ប្រើប្រាស់ ផ្ទៃមុខ ប្រស្រីភ្នែក និងម្រាមដៃ ជាការស្រេច។

_Windows Store៖ មានភាពងាយស្រួល ក្នុងការតម្លើង និងលុបចេញ នូវរាល់កម្មវិធី ដែលគួរឲ្យជឿទុកចិត្តបាន។ រាល់ការបញ្ជាទិញ កម្មវិធី នៅលើ Windows Store មិនមានជាបញ្ហាអ្វីឡើយ ព្រោះអាចប្រើប្រាស់ នូវរាល់សេវាកម្ម បង់ប្រាក់តាមអនឡាញ ជាច្រើនប្រភេទ នៅលើពិភពលោក។

ទាំងនេះគឺជា លក្ខណៈពិសេស ដ៏ថ្មីស្រឡាង ដែលត្រូវបាន ដាក់បញ្ចូលនៅក្នុង Windows 10 ដែលអាចនឹង ដាក់ឲ្យអ្នក ដែលបានទិញយក Windows 8.1 ធ្វើការតម្លើង ដោយឥតគិតថ្លៃ៕


Backgroud សាមញ្ញរបស់ Windows 10

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]