ខេត្ត​សៀម​រាប ៖ បង្គោល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​​មួយ​ដើម​ដែល​ជា​ជំនួយ​ របស់​សាធារណរដ្ឋ​កូរ៉េ​ ដល់​អាជ្ញាធរ​អប្សរា​ មាន​តម្លៃរាប់​ពាន់​ដុល្លារ​ត្រូវ​​រថយន្ដ​ដឹកឈើ​គគីរ​របស់​​​មន្ដ្រី​យោធា​ ម្នាក់​ក្នុង​អង្គភាព​មួយបុក​ឱ្យ​អន្ដរាយ​ទាំង​កណ្ដាល​រាត្រី​ ។ ​ឧប្បត្តិ​ហេតុ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ ​ទី​១៨ ក​ក្ដ​ដា​ នៅ​ចំណុច​ផ្លូវកែង​ក្នុងភូមិ​-​ឃុំ​ព្រះ​ដាក់​ ស្រុក​បន្ទាយ​ស្រី​ ខណៈ​រថយន្ដ​របស់​មន្ដ្រី​យោធា​ខាងលើ​​​បុក​ជាមួយ​រថយន្ដ​ទួរីស​ដ​ឹក​បន្លែ​ មួយ​គ្រឿង​ទៀត​ទាំង​កំរោល ​។

លោក ​ព្រំ​ ករុណា​ ប្រធាន​ស្ដីទី​នៃ​នាយកដ្ឋាន​សហប្រតិបត្ដិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន មាន​ប្រសាសន៍​ថា បង្គោល​ភ្លើង​ដែលបាក់នោះ​ ​ជា​ជំនួយ​របស់​ក្រុមហ៊ុន Asiana airline នៃ​សាធារណរ​ដ្ធ​កូរ៉េ​ ផ្ដល់​ជូន​អាជ្ញាធរ​អប្សរា​ ក្នុង​ចំណោម​បង្គោល​ចំនួន​១៦​បង្គោល​ដែល​បាន​ដាំ​នៅ​ទីតាំង​សំខាន់​ៗ​មួយ​ ចំនួន​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ ។ លោក​បាន​បញ្ជា​ក់ថា​ បង្គោល​ភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិ​ត្យនេះមិន​មាន​​ដាក់​លក់​នៅ​លើ ​ទីផ្សារ​កម្ពុជា​ទេ​ ហើយ​តម្លៃរបស់​វា​ទំនងជា​ដល់​ទៅ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ដើម​ៗ​ ដូច្នេះ​ពេល​នេះ​ខាង​អាជ្ញា​ធរអប្សរា​កំពុង​តែ​ទាមទារ​តាម​ផ្លូវច្បាប់​ឱ្យ​ មានការ​ទទួលខុសត្រូវ​។

ទាក់ទិន​នឹង​ហេតុការណ៍​នោះ​ដែរ​ លោក​អនុសេនីយ៍ទោ​ ជា​ សំ​អូន​ នាយ​ប៉ុ​ស្ដិ៍រដ្ឋបាល​ឃុំ ព្រះ​ដាក់​ដែល​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​នៃ​គ្រោះ​ថា្ន​ក់​ចរាចរណ៍​នោះ​ បានឱ្យ​ដឹង​ថា​​ រថយន្ដ​​​​ម៉ាក​​វី​ហ្គោ​ព​ណ៌ត្រេអុី បើក​​ដោយ​ឈ្មោះ​ សុខ​ វ​ណ្ណា ប៉ុន្ដែ​មិន​បានដឹង​ពីមុខ​ងារ​ពិតប្រាកដ​​ទេ ​ព្រោះ​ក្រោយពេល​កើតហេតុ​ភ្លាម​ៗ​ជន​នោះ​បាន​ទុករថយន្ត​ចោល​ហើយ​គេច​ខ្លួន​ បាត់​ ។
ថ្វីបើ​យ៉ាងនេះ​ក្ដី​ ប្រភព​ពី​មន្ដ្រី​យោធា​ម្នាក់​ដែល​សុំមិន​​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង ​ថា​ អ្នកបើក​រថយន្ដ​វីហ្គោ​នោះ គឺ​ឈ្មោះ​​ម៉ៅ​ វ​ណ្ណា ហៅ​ខ្នុ​យ​ ជាម​ន្ដ្រី​យោធា​​​មាន​ទីលំនៅ​ក្នុង​តំបន់​អូរ​កូនតឹង​ ឃុំ​ស្រែ​ណូ​យ​ ​ដែល​កន្លង​មក មន្ត្រី​យោធា​រូប​នោះ​​​ ធ្វើ​សកម្មភាព​ក្នុង​ការ​ដើរ​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​នៅ​ក្នុង​ភូមិ​ សាស្រ្ត​របស់​ខ្លួន​មកលក់​បន្ដ​ទៅ​ឱ្យ​ឈ្មួញ​ឈើ​​នៅ​ក្រុង​ទេសចរណ៍​សៀមរាប​​ នេះ ។

លោក​មេ​ប៉ុ​ស្ដិ៍​បាន​បញ្ជាក់ថា​  មុន​ពេល​កើត​ហេតុ​រថយន្ដ​វី​ហ្គោ​​នោះ​បើក​មក​ពី​ទិស​ខាងកើត​ដោយ​មាន​ដឹកឈើ​ គគីរមុខកាត់​ធំ​ៗ​​ពេញ​គូទ​រថយន្ត​ លុះ​មក​ដល់​ចំណុច​ផ្លូវបំ​បែក​ភូមិ​ព្រះ​ដាក់ ស្រាប់​តែ​​មាន​រថយន្ដ​ទូ​រី​ស​ដឹក​បន្លែ​មួយ​គ្រឿង​បើកមក​ពី​​ខាងត្បូង​​ ទំនងជា​បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ក៏បុក​គ្នា​ពេញ​ទំហឹ​ង​ បណ្ដាល​ឱ្យ​​រថយន្ដ​ដឹកឈើ​ខ្ទាត​ទៅ​បុក​​ង្គោល​ភ្លើងបាក់រាប​ដល់ដី​​ តែមិន​បណ្ដាល​​ឱ្យ​​មនុស្ស​ណាម្នាក់​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិតទេ ។ លោក​បាន​បន្ថែម​ថា​ ​ចំពោះ​ករណី​នេះ​ខាង​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ រថយន្ដ​ណាមួយ​ត្រូវ​ ឬ​ខុស​បាន​នៅឡើយ​ទេ​ គឺ​បាន​ត្រឹមតែ​បញ្ជូន​រថយន្ដ​​ទាំងពីរគ្រឿង​ទៅ​ឱ្យ​ថ្នាក់​លើដើម្បី​​​ដោះ​ ស្រាយបន្ត ។

ទោះជា​យ៉ាងនេះ​ក្ដី​ ពេញ​មួយ​រសៀល​ថ្ងៃ​ទី​១៨​ ​កក្កដា គេ​មិន​អាច​ស្វែង​ជួប​លោក​អនុ​សេនី​យ៍ទោ​ ម៉ៅ​ វ​ណ្ណា ​ដើម្បី​សួរនាំ​ជុំវិញ​ករណី​ខាង​លើ​នេះ​បានទេ ​តែ​មនុស្ស​ដែល​ស្និទ្ធជាមួយ​គាត់​ប្រាប់​ថា​ លោក វណ្ណា បាន​រង​របួសធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍នោះ​ ​ត្រូវ​បាន​ដឹក​​​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]