ខេត្ត​បាត់​ដំបង​​ ៖ ​កម្លាំង​​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​​តាមបណ្ដាស្រុក​មួយ​ចំនួន​ និង​ខេត្ត​បាន​ចេញ​ប្រតិ​បត្តិ​ការ​គ្រប់​គោល​ដៅ​ ក្រោយ​ពី​មាន​​ព័ត៌​មាន​​ថា​ ​ស្រ្តីមា្នក់​ត្រូវចោរ​២នាក់​ជិះម៉ូតូ​ស្ទាក់​ប្លន់​​តាម​ផ្លូវយក​ ម៉ូតូសេ៊រីខ្ពស់​មួយគ្រឿង​ទៅ​បាត់​កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​១៧​កក្កដា​ លើកំណាត់ផ្លូវ​ជាតិលេខ​៥៧(អតីត​លេខ​១០)​ត្រង់ចំណុច​វាលបឹង​ត្រាវ​ ​ស្ថិតក្នុងភូមិ​ក្រពើ​កើត​​ ឃុំភ្នំ​សំ​ពៅ​ ស្រុក​បាណន់ ។​ ប៉ុន្តែក្រោយ​ពីស្រាវ​ជ្រាវ​ជំហាន​ដំបូង​សមត្ថកិច្ច​ដាក់ការ​សង្ស័យនេះ​​ថា​ ​«អាចជាការ​បំប៉ោង​សភាព​ការណ៍​»​ ។

នាយនគរ​បាល​ប៉ុស្ដិ៍​ឃុំភ្នំសំពៅ​ លោក​ម៉ី ឆេង​លី​ បានប្រាប់ឱ្យ​​ដឹង​ថា​ ស្រ្តីដែល​អះអាង​ថា ​ត្រូវចោរប្លន់​នោះឈ្មោះ​ផាត់​ ស្រី​នូ ​អាយុ​២៨ឆ្នាំ​នៅភូមិ​កម្មករ​ សង្កាត់ស្វាយ​ប៉ោ​ ក្រុងបាត់​ដំបង ​និង​ម៉ូតូដែល​ត្រូវចោរប្លន់​ម៉ាកហុង​ដាឌ្រីម​សេ៊រី​ឆ្នាំ២០១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់​ដំបង​១G-៧៧៧២  ។ លោកនាយ​ប៉ុស្ដិ៍​រូប​នេះ​បាន​បញ្ជាក់​ថា​ ស្រ្តីរង​គ្រោះមិន​បានមក​ប្ដឹងសមត្ថ​កិច្ច​ភ្លាមៗ​ទេ​​ក្រោយ​ពីត្រូវ​ចោរ​ ប្លន់​ ​តែបែរ​ជាធ្វើ​ដំណើរ​ទៅ​ផ្ទះ​ ​លុះម៉ោង​ជាង១០​ នា​​ព្រឹក​នោះ​ទើប​លោក​ទទួ​ល​បានព័ត៌​មាន​​នេះ​ និង​ក្រោយ​មក​បន្តិចទើប​ឃើញនារី​នោះមក​ដាក់ពាក្យ​បណ្ដឹង​នៅកន្លែង​លោក ។

តាម​កា​រស្រង់​​សម្តី​​ស្ត្រី​​រង​គ្រោះ​​​ឈ្មោះ​​ ផាត់ ​ស្រី​នូ ​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា​ នៅ​ព្រឹក​​នោះ​នាង​ជិះ​​ម៉ូតូ​​មក​ព​ី​ផ្ទះ​​ម្តាយ​មីង​​នៅ​ភូមិ​​សំបួរ​មាស ​ ឃុំ​​ស្នឹង ស្រុក​បាណន់ ​ដែល​នាង​បាន​​ទៅ​លេង​​ជិត​១​សប្តាហ៍​​កន្ល​ងមក​នេះ ដើម្បី​​ត្រឡប់​​មក​ផ្ទះ​វិញ​ ។ លុះ​ជិះ​​មក​ដល់​ចំណុច​​ខាង​លើ​​ក៏​ជួប​​មនុស្ស​​២នាក់​​ដែល​ធ្វើ​​ដំណើរ​​ បញ្ច្រាស​ទិស​គ្នា​ ហើយ​បុរស​​២​នាក់​នោះ​​បាន​ជិះ​ហួស​​​នាង​បន្តិច​ ស្រាប់​តែ​ជិះ​​ប​ក​មក​​​ក្រោយ​វិញ ។ ឃើញ​​ដូច្នេះ​​នាង​ប្រឹង​បន្ថែម​​ល្បឿន​ព្រោះ​កន្លែង​​នោះ​ស្ងាត់​ ហើយ​​ស្ថិត​​ក្នុ​ង​ស្ថាន​ភាព​​មិន​​ល្អ​​ទៀត​ ។ ប៉ុន្តែ​​បុរស​២​នាក់​នេះ​ជិះ​មក​​​ទាន់​​​កៀរ​នាង​​ឱ្យ​ឈប់​ រួច​ដក​កាំ​​ភ្លើង​ខ្លី​​ភ្ជង់​​គំរាម​​ឱ្យ​នា​ង​ចុះ​​ពី​លើ​ម៉ូតូ​​ ហើយ​ប្លន់​​យក​ម៉ូតូ​​នាង​ជិះ​​ទៅ​ទិស​ខាង​លិច​បាត់ ។

ស្ត្រី​រូប​នេះ​​បញ្ជាក់​ថា ​ក្នុង​ចំណោម​​ចោរ​ប្លន់​​២​​នាក់​នោះ ​មាន​​ម្នាក់​ស្លៀក​​ខោ​យោធា​ ជិះ​ម៉ូតូ​ម៉ាក​​វី​វ៉ា​ សេ​១២៥ ពណ៌​ខ្មៅ​ ​។ នាង​បន្ថែម​​ថា ក្រោយ​​ពី​ត្រូវ​​ចោរ​ប្លន់​​នាង​ស្លន់​​ស្លោ​មិន​អាច​​​ទាក់​ទង​​​អ្នក​​ណា ​​បាន​ឡើយ​ ហើយ​អង្គុយ​​ទី​នោះ​មួយ​សន្ទុះ​​ ក៏​កាក់​ម៉ូតូ​​ឌុប​ជិះ​​ទៅ​ផ្ទះ​ នៅ​ក្រុង​បាត់​ដំបង ដើម្ប​ី​ប្រាប់​​បង​ប្អូន​​ឱ្យ​ដឹង និង​​ប៉ុន្មានម៉ោង​​​​ក្រោយ​មក​​ទើប​​​ទៅ​ប្តឹង​​សមត្ថ​កិច្ច​ ។

តាម​ប្រភ​ពព័ត៌​​មាន​ដំបូង​ថា​ ​ក្រោយ​ពេល​ប្លន់​​ជន​សង្ស័យ​​បាន​ធ្វើ​ដំណើរ​សំដៅ​​មក​ក្រុង​​បាត់​ដំបង​​ លុះ​ប៉ុន្មាន​​ម៉ោង​​ក្រោយ​មក​​ពេល​រក​​ស្ត្រី​​រង​គ្រោះ​​ឃើញ​​បែរជា​ ស្ត្រី​​នោះ​ប្រាប់​ថា ​ក្រុម​ចោរ​​ធ្វើ​ដំណើរ​​ទៅ​ទិស​ខេត្ត​ប៉ៃ​លិន​​ទៅ​វិញ ។ បញ្ហា​នេះ​​​បាន​ធ្វើ​​ឱ្យ​សមត្ថ​កិច្ច​​រាប់​សិប​​​នាក់​នៅ​តាម​គោល​ដៅ​​ ស្ទើរ​វិល​ក្បុង​ ។ លោក​​ជេត ​វណ្ណ​នី ​ស្នង​ការ​រង​ខេត្ត​ដែល​ចុះ​​ប្រតិ​បត្តិ​​ការ​ផ្ទាល់​​បាន​និយាយ​ថា​​ ​ក្នុង​ករណី​​ប្លន់​​ដ៏​​ស្រពេច​ស្រពឹល​​នេះ បាន​ធ្វើ​​ឱ្យ​សមត្ថ​កិច្ច​​គ្រប់​ស្ថា​ប័ន​​ និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​​ចុះ​ទប់​ស្កាត់​​មុខ​សញ្ញា​​គ្រប់​​គោល​ដៅ​ ​ទាំង​អស់ ។ ប៉ុន្តែ​លោក​ថា បើ​យោង​លើ​ពេល​វេលា​ យោង​លើ​​ស្ថាន​ភាព​​ទី​កន្លែង​​កើត​ហេតុ​ ​និង​យោង​​លើ​ចម្លើយ​​បំ​ភ្លឺ​ដូចជា​មិន​ទាន់​​ច្បាស់​លាស់​ទេ ​។ ​លោក​សង្ស័យ​​ថា​អាច​​ជា​កា​រ​បំប៉ោង​​សភាព​​​​ការណ៍​ ហើយក៏​​មាន​ការ​ស​ង្ស័យ​​ដែរ​ថា ស្ត្រី​​ឈ្មោះ​ផាត់ ស្រី​នូ ​និង​ជន​​២​នាក់​ដែល​ជា​ចោរ​ប្លន់​ម៉ូតូ​​នាង​​នោះ​ជា​មនុស្ស​​មាន​ទំនាក់​ ទំនង​​​គ្នា​ទៀត ព្រោះ​ករណី​​នេះ​វា​ហាក់​ដូច​ជា​​ស្រប​ពេល​​​គ្នា​បំផុត​ ហើយ​ក៏​​ដូច​ជា​​ការ​​ណាត់​​គ្នា​មុន​ដែរ ។

លោក​ជេត​ វណ្ណនី​ ក៏​បាន​​បញ្ជាក់​ផង​ដែរ​​ថា​ ​បើទោះ​ជា​បែប​​នេះក្ដី​លោកនៅ​តែបញ្ជា​ឱ្យ​កម្លាំង​ជំនាញ​អញ្ជើញ​ ស្រ្តីរងគ្រោះ​នោះមក​បំភ្លឺជាថ្មីទៀត​ ដើម្បីរកឱ្យ​ឃើញការ​ពិត ថា​ តើជា​ករណី​ប្លន់ពិត​ប្រាកដ​ ឬក៏ជា​ការសម្ដែង​រឿង​ដើម្បីបិទបាំងនូវ​បញ្ហា​អ្វីមួយ?​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]