សៀមរាបៈ កុមារីម្នាក់ ដែលរលាកទឹកក្តៅ រលួយអស់មួយចំហៀងខ្លួន ហើយត្រូវបាន សប្បុរសជននានា ជួយឧបត្ថម្ភ ជាបន្តបន្ទាប់ ក្នុងពេលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាំងពីដើមរៀងមក រហូតដល់ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២នេះ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីរបួសទាំងឡាយ របស់នាង បានជាសះស្បើយ ទាំងស្រុង ។

នេះក៏ព្រោះតែ ទឹកចិត្តដ៏ថ្លៃថ្លា របស់លោកអ្នក ជាសប្បុរជន ដែលបានខិតខំចំណាយ ថវិកាផ្ទាល់ខ្លួន រួមចំណែក ក្នុងការជួយសង្រ្គោះ កុមារតូចកម្ពុជាម្នាក់ ឱ្យបានរស់រានមានជីវិត រួចផុតពីគ្រោះថ្នាក់ ហើយក៏ ដោយសារតែ ជំនាញពិតប្រាកដ របស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ទើបកុមារីតូច ម៉ាង ស្រីណាន់ ដែលរងរបួស ដោយរលាកទឹកក្តៅយ៉ាងទម្ងន់ តាំងពីជាង១ខែមុននោះ បានជាសះស្បើយ ជាស្ថាពរ ។

ឆ្លើយតប ចំពោះទឹកចិត្ត ដ៏ថ្លៃថ្លា របស់អស់លោកអ្នក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជួសមុខឱ្យ អ្នកស្រី កែវ ច័ន្ទ ម្តាយកុមារីរងគ្រោះ សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបាន ជួយឧបត្ថម្ភ ថវិកា និងសម្ភារៈសង្គ្រោះ កុមារីរងគ្រោះ ឱ្យបានជាសះស្បើយឡើង និងសូមជូនពរ ឱ្យអស់លោកអ្នក ជួបប្រទះ តែសេចក្តីសុខ ចម្រើនរុងរឿង គ្រប់កាលវេលា។

សូមបញ្ជាក់ថា កុមារីរងគ្រោះ ឈ្មោះ ម៉ាង ស្រីណាន់ អាយុ៤ឆ្នាំ បានរស់នៅជាមួយម្តាយ តែ២នាក់ ក្នុងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលឳពុក ទៅរកស៊ីស្រុកឆ្ងាយ ហើយត្រូវបាន រលាកទឹកក្តៅ កាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ នៅពេល ម្តាយរបស់នាង កំពុងធ្វើទុក្ខប្រុង សម្រាលកូនមួយទៀត បណ្តាលឱ្យខ្លួនប្រាណ ទាំងមូល ត្រូវរលួយអស់ មួយចំហៀងខ្លួន បន្ទាប់មកត្រូវបាន ក្រុមគ្រួសារ ញាតិជិតខាង បញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យមួយ ក្នុងក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ។ ដោយសារតែ ស្ថានភាពជំងឺ ចេះតែធ្ងន់ធ្ងរទៅៗ និងដោយបានជំនួយឧបត្ថម្ភ ពីសប្បុរសជនហូរហែ តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ម្តាយរបស់ក្មេងស្រីនេះ បានសម្រេច ចិត្តបញ្ជូន កូនរបស់ខ្លួន ទៅព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ជាមូលហេតុនាំស្ថានភាព ជំងឺរបស់នាង បានប្រសើរឡើងបន្តិចម្តងៗ រហូតបានជាសះស្បើយទាំងស្រុង និងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២នេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈប៊ុនសាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]