ភ្នំពេញ៖ រថយន្តរត់ពន្ធឈើប្រណិតមួយគ្រឿង ម៉ាក KIV ផ្ទុកពេញទៅដោយឈើ ព្រោះតែខ្លាចសមត្ថកិច្ច ចាប់បាននោះ បង្ខំចិត្តបើកបរក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករថយន្ត កាមរីឆ្លាមមួយគ្រឿង បណ្តាលឲ្យរថយន្តម៉ាក KIV ក្រឡាប់ផ្ងារកណ្តាលផ្លូវ និងក្បាលរថយន្តកាមរីឆ្លាមខូចខ្ទេច។

មន្រ្តីនគរបាលដែលចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបណ្តាល មកពីរថយន្តរត់ពន្ធឈើប្រណិត ដែលជាប្រភេទឈើបេង នាងនួន និងធ្នង់នេះ បានកើតឡើង កាលពី វេលាម៉ោង ៤និង០០នាទីទៀបភ្លឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចផ្លូវលេខ ៤៣២កែងផ្លូវលេខ ១៥៥ ជិតសាលាវិទ្យាល័យទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដដែលនេះ បានឲ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាក KIV  ពណ៌ខៀវ ពាក់ស្លាកលេខបណ្តោះអាសន្ន២៨៦៨ ផ្ទុកឈើប្រណិតប្រភេទបេង នាងនួន និងធ្នង់ ចំនួន ៣០ដុំ ចំណែករថយន្តរងគ្រោះម៉ាក កាមរីឆ្លាម ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេ 2G-3939 បើកបរ ដោយឈ្មោះ អេង ធី ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុក កំណើតនៅខេត្តព្រៃវែង ។

សាក្សីដែលឃើញហេតុការណ៍នេះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនោះ គេបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅ ពីលិចទៅកើតតាមបណ្តោយផ្លូវលេខ ៤៣២ ដោយបានបើក ក្នុង ល្បឿនយ៉ាងលឿនហាក់បីដូចជាបើកក្នុងបំណងរត់គេចពីសមត្ថកិច្ចខ្លាចចាប់ឈើដែលពួកគេដឹក។ លុះបើកមកដល់ចំណុចខាងលើនេះ ស្រាប់តែមានរថយន្តកាមរីឆ្លាមមួយគ្រឿងបើកលឿនដូចហោះចេញ ពីផ្លូវលេខ១៥៥ ក្នុងទិសដៅពីត្បូងទៅជើងនោះ ក៏ទុចដំណើរជាមួយរថយន្តបង្កហេតុចាប់ហ្រាំ្វងមិនទាន់ ជ្រុលចង្កូតបុកចំក្បាលរថយន្ត កាមរីពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តបង្កខ្ទាតផ្លោងហោះ ក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែឈើប្រណិតរាយប៉ាយពេញផ្លូវ ចំណែករថយន្តកាមរីឆ្លាមវិញខ្ទាតទៅ ផ្ទុបនឹងខឿនចិញ្ចើមខ្ទេចក្បាលរថយន្តតែម្តង។

គួរបញ្ជាក់ថាក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយតែរថយន្តទាំងពីរ ត្រូវរងការខូចខាត់យ៉ាងដំណំ។ បន្ទាប់ពីកើតហេតុនោះ ម្ចាស់រថយន្តបង្កភ័យខ្លាំងពេក បានរត់ គេចខ្លួនទុករថយន្តចោលនៅនឹងចំណុចកើតហេតុ។

ក្រោយពេលវាស់វែងហើយនោះ មន្រ្តីនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ខណ្ឌចំការមន បានអូស យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយនាពេល ក្រោយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ វាសនា-ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]