ភ្នំពេញ៖ កំហុសព្រោះខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យក្មេងស្រីអាយុ ៥ម្នាក់ស្លាប់ យ៉ាង អាណោចអាធ័មនៅក្រោមកង់រថយន្តកូរ៉េ ២តោនកន្លះ ខណៈដែលបុរសម្នាក់ជាម្ចាស់ រថយន្តបើកថយ ក្រោយមិនបានមើល ក៏ជ្រុលបុក និងកិនក្មេងស្រី ដែលកំពុងអង្គុយលេងនៅមុខផ្ទះ។

គ្រោះថ្នាក់ ដែលបណ្តាលមកការធ្វេសប្រហេសរបស់អ្នកបើកបររថយន្ត បន្សល់នូវភាពឈឺចាប់សម្រាប់ អាណាព្យាបាល ដែលពោរពេញដោយក្តីស្រឡាញ់ ចំពោះកូនស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៤០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១២ នៅចំណុចផ្លូវក្នុងភូមិបូរីកម្មករ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះ ដែលយំឱបកូនដូចអកព្រាត់គូ បានឲ្យដឹងថា កូនស្រីរបស់ គាត់ ឈ្មោះ ប្រាជ្ញ ស៊ីណេត អាយុ ៥ឆ្នាំ។

យោងទៅតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញបុរសម្នាក់បើករថយន្ត ចូលទៅក្នុងការដ្ឋានសិប្បកម្មមួយនៅទល់មុខកន្លែងកើតហេតុ មួយសន្ទុះ ក្រោយមកក៏បានបើកថយក្រោយវិញយ៉ាងលឿន ដូចជាក្នុងបំណងចង់សាកម៉ាស៊ីនរថយន្តអីចឹង ខណៈ ដែលក្មេងស្រីរងគ្រោះកំពុងតែអង្គុយលេងនៅមុខផ្ទះ ក៏ត្រូវរថយន្តថយមកបុកពេញទំហឹង រួចមិនអស់ ល្បឿននៅតែបន្តថយក្រោយទៀត ក៏បណ្តាលឲ្យកិនចំក្បាលក្មេងស្រីរងគ្រោះសា្លប់បាត់បង់ជីវិតភ្លាមៗ តែម្តង។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯសពក្មេងស្រីរងគ្រោះនៅជាប់និងកង់ ខាងឆ្វេងនៅគូថរថយន្តស្លាប់យ៉ាងអណោចអាធ័មបំផុត។

ក្រោយពេលវាស់វែង កម្លាំងសមត្ថកិច្ចបានអូសយករថយន្ត បង្កហេតុម៉ាកកូរ៉េ ចំណុះ ២តោនកន្លះ ពណ៌ ខៀវ ពាក់ស្លាកលេខ កំពត ២A-០០៦៤ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បី រង់ចាំភាគីម្ចាស់រថយន្តបង្កចូលទៅដោះស្រាយតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]