រាជ​ធានី​​​ភ្នំពេញ​ ៖ លោក​​េម​ប៉ុស្តិ៍​​​​ផ្សារ​​ថ្មី​​១ ត្រូវ​រថយន្ត​​វីហ្គោ​ គ្មាន​ស្លាក​លេខ​ បើក​ដេញ​​បំបុក​​ពី​ចំណុច​​​​ផ្លូវ​លេខ៥៣​កែង​ផ្លូវ​​លេខ​​១៣៦​ ហើយ​អូស​​ម៉ូតូ​​និ​ងមនុស្ស​​រហូត​ដល់​​មុខ​ច្រក​​​ទ្វារ​ចូល​​ខាង​កើត​​ផ្សារ​ធំ​ថ្មី​​ចម្ងាយ​​ជាង​​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​​សង្កាត់​​ផ្សារ​ថ្មី​​១ ខណ្ឌ​ដូ​ន​ពេញ​ កាល​ពី​វេលា​ម៉ោង​​៨​និង​៣៥​នាទី​យប់​​​ថ្ងៃ​ទី​​១៧​ កក្កដា​ ​បណ្តាល​​ឱ្យ​របួសធ្ងន់​ធ្ងរ​​ បច្ចុប្បន្ន​​កំពុង​សង្គ្រោះ​​បន្ទាន់​នៅ​​​​​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ។

យោង​តាម​ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ គេ​ឃើញ​​លោក​មេ​ប៉ុស្តិ៍​​​​ផ្សារ​ថ្មី​១​ឈ្មោះ​ នូ ពន្ធុល ​ជិះ​ម៉ូតូ​​ម៉ាក​​វី​វ៉ា ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​​លេខ​​នគរ​បាល​ម្នាក់​ឯង​​ល្បាត​​​តាម​ផ្លូវ​​លេខ​១៣៦​​​ខាង​ត្បូង​​ផ្សារ​ធំ​ថ្មី​​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ លុះ​មក​ដល់​​​កែង​ផ្លូវ​លេខ​​៥៣ ស្រាប់​តែ​មាន​រថយន្ត​​ម៉ាក​វី​ហ្គោ ​គ្មាន​ស្លាក​លេខ​​បើក​លើ​កំណាត់​ផ្លូវ​​លេខ​​៥៣​​ទៅ​ទិស​ខាង​​ជើង​​ក្នុង​ល្បឿន​​យឺត ​ខណៈ​​ពេល​ឃើញ​​​លោក​​​មេ​ប៉ស្តិ៍​​​​ផ្សារ​ថ្មី​​១​ជិះ​​ម៉ូតូ​នៅ​ចំណុច​​ខាង​លើ​​​ក៏​​បើក​​រថយន្ត​បំ​បុក​​​ពី​​ក្រោយ​​ បណ្តាល​​​ឱ្យ​​​ម៉ូតូ​​និង​​មនុស្ស​​​ជាប់​កាង​​មុខ​​រួ​ច​បន្ថែម​​ល្បឿន​​អូស​រហូត​ជាង​​១០​០​ម៉ែត្រ​ លុះ​ដល់​​មុខ​ច្រក​​ទ្វារ​ខាង​​កើត​ចូល​​​ផ្សារ​​ធំ​ថ្មី​​រថយន្ត​នោះ​ដាក់​លេខ​ថយ​ក្រោយ​ ទើប​របូត​ម៉ូតូ​​និង​មនុស្ស​​ចេញ​​ ។

រថយន្ត​​បង្ក​​មិន​​​បាន​ឈប់​​​ឡើយ​ បែរ​ជា​បន្ថែម​​​ល្បឿន​​បើក​គេច​​តាម​​ផ្លូវ​​លេខ​៥៣​ ឆ្ពោះ​​ទៅ​ទិស​ខាង​​ជើង​បាត់​ស្រ​មោល​​ ចំណែ​ក​មេ​ប៉ុស្តិ៍​​​​ផ្សារ​ថ្មី​​១​ត្រូវ​បាន​​​គេ​​ដឹក​ទៅ​មន្ទីរ​​ពេទ្យ​​កាល់​​ម៉ែតដើម្បី​សង្គ្រោះ​​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]