រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖

 

គជប ប្រកាសសាកល្បង ចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ នៅចុងឆ្នាំ២០១៥


ភ្នំពេញ: គជប ស្នើឲ្យភាគីសហគមន៍អ៊ឺរ៉ុប និងក្រុមការងារជប៉ុន អន្តរាគមន៍ផ្តល់ជំនួយកុំព្យូទ័រ ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត សាកល្បងតាមប្រព័ន្ធថ្មី ត្រឹមចុងឆ្នាំ២០១៥ ដើម្បីត្រៀម សម្រាប់ការចុះឈ្មោះ ឆ្នាំ២០១៦ ដែលនាំទៅរកការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០១៧។ នេះបើតាមលោក ស៊ិក ប៊ុនហុក ប្រធានគជប។ ប្រភព៖ CEN 

 

ជប៉ុនចូលរួមជាមួយ គ.ជ.ប ក្នុងការរៀបចំកែលម្អបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ភាគីជប៉ុនបានស្នើចូលរួមសហការជាមួយ គ.ជ.ប ក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោតតាំងពីដំបូង ពោលគឺចាប់តាំងពីការសរសេរបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតទៅ ។ លោកបន្តថា គ.ជ.ប បានស្វាគមន៍ឲ្យភាគីជប៉ុនចូលរួម នៅក្នុងដំណើរការនេះ បើទោះបីជាបទបញ្ជាផ្ទៃក្នុង និងនីតិវិធីនេះ សម្រេចបានប្រមាណ ៨០ភាគរយហើយក៏ដោយ ដោយលោក អះអាងថា ភាគីជប៉ុននៅតែអាច ពិនិត្យមើលឡើងវិញ និងចូលរួម កែលម្អ សេចក្ដីព្រាងនោះ ទាំងមូល។ ប្រភព៖ VOD

 

លោក ហោ ណាំហុង អួលដើម ក ពេលរម្លឹក ពីបេសកកម្ម ការពារបូរណភាពទឹកដី


លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានរម្លឹកពីប្រវត្តិលំបាករបស់ខ្លួន ជាមួយ សហការីខ្លួន ទាំងអួលដើម ក នៅពេលដែលលោក និងសហការី បំពេញបេសកម្ម ដើម្បីបុព្វហេតុ ការពារបូរណភាពទឹកដីកម្ពុជា កន្លងមក។ ការរម្លឹកពីភាពលំបាក របស់លោក ហោ ណាំហុងនះ បានធ្វើឡើងនៅក្នុង បទអត្ថាធិប្បាយរបស់ខ្លួន ពាក់ព័ន្ធ នឹងបញ្ហាព្រំដែន កម្ពុជា ជាមួយប្រទេសជិតខាង ជាពិសេស ជាមួយ ប្រទេសវៀតណាម ក្នុងវេទិកាតុមូល រៀបចំឡើង ដោយទីស្តីការ គណរដ្ឋមន្ត្រី ដែលផ្សព្វផ្សាយ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៥។ ប្រភព៖ ថ្មីៗ 

 

ក្រសួងការបរទេស ព្រមានតំណាង ភ្នាក់ងារចំនួន៤ របស់អង្គការ សហប្រជាជាតិ


ភ្នំពេញ: ក្រសួងការបរទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងប្រតិកម្មចំពោះការទិតៀន របស់លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យ នៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា និងអង្គការ យូនីសេហ្វ អង្គការមូលនីធិប្រជាជន អ.ស.ប និងស្ថាប័ន អ.ស.ប ដើម្បីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចស្ត្រី ទាក់ទង សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដែលបានចុះផ្សាយនៅក្នុង កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៥ ក្នុងអត្ថបទ ដែលមាន ចំណងជើងថា «សារ:សំខាន់នៃការជឿទុកចិត្ត»។ ប្រភព៖ CEN 

 

លោក សម រង្ស៊ី បញ្ជាក់ជាថ្មីថា រូបលោក និងលោក កឹម សុខា ជាមនុស្សតែមួយ គ្មានថ្ងៃបែកគ្នា!


សម្តីដែលអះអាងថា សម រង្ស៊ី និងលោក កឹម សុខា គឺជាមនុស្សតែមួយ ហើយគ្មានថ្ងៃបែកបាក់គ្នាទេនោះ គឺជាពាក្យដែលលោក សម រង្ស៊ី និងលោក កឹម សុខា តែងតែនិយាយសឹងមិនលុះពេល នៅពេលដែល អ្នកកាសែត សួរលោក អំពីបញ្ហាផ្ទៃក្នុងរបស់បក្ស ជាពិសេស ពីចំណងមិត្តភាពរបស់លោកទាំងពីរ ។ ពីសហរដ្ឋអាមរិក តាមរយៈវិទ្យុអាស៊ីសេរី ជាថ្មីម្តងទៀត កាលពីថ្ងៃទី ១៤ ខែ ឧសភា កន្លងទៅ លោក សម រង្ស៊ី បានបញ្ជាក់ជំហរយ៉ាងនេះថា៖ «ខ្ញុំ និងលោក កឹម សុខា គឺជាមនុស្សតែមួយ ហើយលោកទាំងពីរ គ្មានថ្ងៃ បែកបាក់គ្នាឡើយ ។ ហើយខ្ញុំនិងលោក កឹម សុខា គឺជាដៃគូ ស្លាប់រស់ជាមួយគ្នា ដើម្បីសង្គ្រោះជាតិ ប្រទេសជាតិ ហើយនៅតែរក្សា ជំហរស្មោះត្រង់ ចំពោះប្រទេសជាតិនិងប្រជាជន» ។ ប្រភព៖ ថ្មីៗ

 

លោក ហ៊ុន សែន បដិសេធថាលោកមិនបានព្យាយាមបំបែកគណបក្សសង្គ្រោះជាតិទេ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មខ្លាំងៗ ចំពោះគណបក្ស សង្គ្រោះជាតិ សារជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអង្គារនេះ ចំពោះការរិះគន់ដែលថា គណបក្សកាន់អំណាច កំពុងតែព្យាយាម បំបែកគណបក្សប្រឆាំង និងគំរាមបោះឆ្នោត ទម្លាក់លោក កឹម សុខា អនុប្រធាន គណបក្សរូបនេះចេញពីតំណែង អនុប្រធានរដ្ឋសភា នាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រី សំអាងថា គូភាគីគឺគណបក្ស សង្គ្រោះជាតិ បានបំពាន លើកិច្ចព្រមព្រៀងនយោបាយ។ ដោយមិនបញ្ចេញឈ្មោះ លោក កឹម សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា បានប្រកាស នៅក្នុងពិធី ចែកសញ្ញាប័ត្រនៅ សកលវិទ្យាល័យមួយ នាទីក្រុងភ្នំពេញថា លោកអនុប្រធាន គណបក្សជំទាស់រូបនេះ បានរំលោភ លើកិច្ចព្រម ព្រៀងនយោបាយ ដែលមានឈ្មោះថា «វប្បធម៌សន្ទនា» ដែលបានបង្កើតឡើង រវាងគណបក្ស ទាំងពីរ ដែលមានអាសនៈ នៅក្នុងរដ្ឋសភា។ ប្រភព៖ VOA

 

កម្ពុជាមិនពេញចិត្តនឹងការរិះគន់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក


កម្ពុជាមិនពេញ ចំពោះការរិះគន់ របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង ភ្នំពេញ លោក វីល្លៀម ថត (William E. Todd) ជុំវិញសេចក្ដីព្រាង ច្បាប់ ស្ដីពី ការគ្រប់គ្រងសមាគម អង្គការក្រៅ រដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់គ្រប់គ្រង សហជីព និងច្បាប់ស្ដីពី ការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជាថា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី២០ ខែឧសភា ជូនឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក វីល្លៀម ថត ថាមិនគួរព្រហើន ហ៊ានលូកដៃ ចូលក្នុងកិច្ចការ របស់កម្ពុជា ឡើយ បើទោះបី លោកតំណាងឲ្យប្រទេស មហាអំណាចក៏ដោយ។ ប្រភព៖ RFA

 

លោក ហ៊ុន សែន ទម្លាយសារសំងាត់ជាមួយលោក សម រង្ស៊ី ពីផែនការទម្លាក់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភា


លោក ហ៊ុន សែន បញ្ជាក់ពីសារ ដែលលោកបានប្រាប់ ទៅលោក សម រង្ស៊ី យ៉ាងនេះថា៖ « ប្រយ័ត្ន SMS ចុងក្រោយ របស់ខ្ញុំ ប្រាប់ទៅរង្ស៊ី ។ខ្ញុំបានប្រាប់ទៅ រង្ស៊ីថា ឡើងតាមសំឡេង គណបក្សប្រជាជនកម្ពុជា ធ្លាក់មកវិញ ក៏ធ្លាក់តាមសន្លឹកឆ្នោត គណបក្ស ប្រជាជនកម្ពុជាដែរ»។ លោក ហ៊ុន សែន បរិយាយបែបនេះ ទៀតថា៖ «កុំព្រហើន វប្បធម៌សន្ទនាតម្រូវឲ្យមានការគោរពគ្នា ជជែកគ្នា តែខ្លួន ( លោក កឹម សុខា ) ចូលចិត្តតែកេះ ជេរគេ ដៀមដាមគេ ។ គេធ្វើតាមច្បាប់ គេមិនមិនពេញចេញ គេទម្លាក់ ជារឿងរបស់គេ ។ កុំថា គេគំរាម គឺធ្វើពិតតែម្តង» ។ ប្រភព៖ ថ្មីៗ 

 

លោក ហ៊ុន សែន ជំរុញឲ្យ គ្រប់ស្ថាប័ន រដ្ឋចាយវាយ ថវិកាឲ្យបានត្រឹមត្រូវ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យគ្រប់ក្រសួង និងស្ថាប័នទាំងអស់នៅកម្ពុជា ពង្រឹងការគ្រប់គ្រង និងអនុវត្តថវិការបស់ខ្លួនឲ្យបានត្រឹមត្រូវ។ លើសពីនេះ លោកក៏ជំរុញ ឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំ ឲ្យបានសុក្រឹត នូវកម្មវិធី ចំណូល-ចំណាយ ជាប្រចាំ ដើម្បីជួយរដ្ឋាភិបាលបញ្ចៀសឲ្យបាន នូវបំណុល សាច់ប្រាក់ និងការខ្វះខាតសាច់ប្រាក់ ដូចដែលរដ្ឋាភិបាល ធ្លាប់បាន ជួបប្រទះ ក្នុងពេលកន្លងមក។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយ ប្រសិទ្ធភាព គឺជាមូលដ្ឋាន គ្រឹះ ដ៏ចាំបាច់ មិនអាចខ្វះបាន សម្រាប់ជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាជន។ ប្រភព៖ RFA

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ