អាមេរិក៖ ទន្ទឹមនឹង មនុស្សសឹងតែ ជុំវិញពិភពលោក សុទ្ធតែនិយមប្រើប្រាស់ ឧបករណ៍ដែល ពោរពេញទៅដោយ បច្ចេកវិទ្យាខ្ពស់ ក្នុងនោះ Smartphones ត្រូវបានគេ ដឹងថាគឺជា ឧបករណ៍ ដ៏សំខាន់ដែល មនុស្សភាគច្រើន មិនអាចខ្វះបាន។

តែថ្មីៗនេះ ក្រុមអ្នកជំនាញ ច្នៃម៉ូតរបស់ សហរដ្ឋអាមេរិក បានបង្កើត នូវទូរស័ព្ទ បែបសាមញ្ញា និងថ្មីស្រឡាង មួយប្រភេទ មានឈ្មោះថា Light Phone ដើម្បីធ្វើការ ប្រកួតប្រជែង ជាមួយនឹង ពពួកទូរស័ព្ទ smartphone ជាច្រើនប្រភេទទៀត។


រូបរាងរបស់ ទូរស័ព្ទប្រភេទថ្មី Light Phone

ក្នុងនោះក៏ មានការបញ្ជាក់ ផងដែរថា ទូរស័ព្ទប្រភេទ ថ្មីស្រឡាងនេះ គឺមានមុខងារ សាមញ្ញដោយ មិនមានបំពាក់ នូវបច្ចេកវិទ្យា ខ្ពស់ៗដូចជា ពពួកទូរស័ព្ទ smartphone ឡើយដែលនេះ ជាចំណុចពិសេស របស់វា ព្រោះថាវា ត្រូវបានធ្វើឡើង ដើម្បីកុំឲ្យ អ្នកប្រើប្រាស់ មានការងប់ងុល និងរវល់ ចុចឬឆែកមើល ទូរស័ព្ទ ញឹកញាប់ ហួសហេតុពេក។ សម្រាប់ ទូរស័ព្ទប្រភេទ នេះគឺមានរាង ជ្រុងទ្រវែង ដូចជា ប័ណ្ណឥណទាន (Credit Card) មួយអញ្ចឹងដែរ ដោយមានទំហំ ៣.៤អ៊ីញ x ២អ៊ីញ និងមានរាងស្តើង ហើយស្រាល ដែលទម្ងន់របស់វា ត្រឹម៣៦.៥ក្រាម តែប៉ុណ្ណោះ ដែលមើលទៅ ពិតជាគួរ ឲ្យទាក់ទាញ ផងដែរ។

បន្ថែមពីនេះទៀត ចំពោះអេក្រង់បង្ហាញ រូបភាពរបស់វា នោះគឺមាន លក្ខណៈបែបជា dot matrix LED និងមានអង្គចងចាំ មកជាមួយ ផងដែរ ដើម្បីជួយ ជម្រុញឲ្យ មានការហៅ ទូរស័ព្ទចេញ យ៉ាងរហ័ស។ សម្រាប់ថាមពលថ្ម គឺវាអាច ទ្រទ្រង់ការនិយាយ បានដល់ទៅ ៥០០នាទី ហើយបើយើង ទុកចោលនោះ អាចប្រើបាន រហូតដល់ទៅ ២០ថ្ងៃ។ ម្យ៉ាងវិញទៀត យើងក៏អាច ប្រើវាសម្រាប់ ធ្វើជាពិល បំភ្លឺបាន ផងដែរ។


សមាសធាតុ សំខាន់ៗរបស់ ទូរស័ព្ទ Light Phone

ចំពោះតម្លៃ របស់ទូរស័ព្ទនេះ ត្រូវបានគេ ដឹងថាអាច មានតម្លៃ ប្រហែលជា ១០០ដុល្លារ ហើយវាអាចនឹង មានការចេញលក់ នៅខែឧសភា ឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា ការបង្កើត ទូរស័ព្ទសាមញ្ញ មួយនេះឡើង គឺដើម្បីប្រជែង ជាមួយនឹង ប្រភេទទូរស័ព្ទ smartphones ក៏ដូចជា ដើម្បីកាត់បន្ថយ នៃការងប់ងុល របស់មនុស្ស មួយចំនួនធំ ទៅលើការ ប្រើប្រាស់ទូរស័ព្ទ smartphones របស់ពួកគេ៕


ការប្រើប្រាស់ ទូរស័ព្ទ Light Phone នៅទីងងឹត

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]