ភ្នំពេញ៖ តារាសម្តែងស្រី សាច់ខ្ចីល្បីឈ្មោះ ដោយសារ រឿងអាស្រូវស្នេហា កញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះបាន សរសេរសារ បង្ហោះលើ ទំព័រសង្គម Facebook ដោយបានបង្ហាញ ពីការព្រួយបារម្ភ លើសុវត្ថិភាពផ្ទាល់ខ្លួន ខណៈមានជន សង្ស័យមួយក្រុម បាននាំគ្នា ទៅអង្គុយចាំ (ឃ្លាំមើល) នៅខាងមុខផ្ទះរបស់នាង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ ។

តាមរយៈសារ ដែលត្រូវបានតារាសម្តែង សម្តីផ្អែម វណ្ណ ម៉ូនីកា សរសេររួចយក ទៅបង្ហោះនោះ បានរៀបរាប់ថា «កាលពីយប់ ម្សិលម្ងៃ (១៨ ឧសភា) ខ្ញុំមានហេតុការណ៍ ដែលខុសប្លែកពី ធម្មតាមួយ គឺនៅមុខផ្ទះរបស់ខ្ញុំ វេលាម៉ោងប្រហែល ១:៣០ នាទីរំលងអធ្រាត្រ មានជនសង្ស័យ ប្រុស៣នាក់ អង្គុយចាំមុខផ្ទះរបស់ខ្ញុំ ពេលខ្ញុំត្រឡប់មក ពីកម្មវិធីជប់លៀង របស់មិត្តភក្តិ របស់ខ្ញុំវិញ...» ។

កញ្ញា វណ្ណ ម៉ូនីកា បានសរសេរបន្តថា «បន្ទាប់ពីឃើញខ្ញុំហើយ ពួកវាមិនព្រម ទៅណាសោះ ដោយមានអារម្មណ៍ ប្លែកក្នុងចិត្ត ភ្លាមៗនោះ ខ្ញុំក៏មិនបានចុះ ពីលើឡានដែរ ព្រោះខ្ញុំមើលទៅដូចជា មិនសូវស្រួលក៏ Call ទៅពូរបស់ខ្ញុំ ហើយឱ្យគាត់ Call ទៅសមត្ថកិច្ចឱ្យ ចុះមកមើល តើពួកវាមានបំណង ចង់ធ្វើអ្វីខ្ញុំ តែពេលពួកវាឃើញខ្ញុំ មិនចុះពីលើឡាន ហើយ Call ទូរស័ព្ទទៀតនោះ ពួកវាក៏ឡើង ម៉ូតូទៅបាត់ទៅ...!» ។

វណ្ណ ម៉ូនីកា បាននិយាយទៀតថា «នេះជាហេតុការណ៍មួយ ដែលគេប៉ុនប៉ង ធ្វើអ្វីខ្ញុំហើយ ព្រោះខ្ញុំគ្មានរឿង ជាមួយអ្នកណា មានតែ មួយក្រុមទេ ដែលតែងតែ ព្យាយាមរករឿងខ្ញុំ... តែទោះយ៉ាងណា ពូរបស់ខ្ញុំបានដាក់ កាមេរ៉ាសុវត្ថិភាព គ្រប់ជ្រុងផ្ទះហើយ ម្យ៉ាងទៀត គាត់បានរាយការណ៍ ដល់ប៉ូលិសសង្កាត់ទៀតផង ដើម្បីការពារដល់ សុវត្ថិភាពខ្ញុំទៅ ថ្ងៃក្រោយ» ។

បន្ថែមពីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នេះតារាសម្តែង វណ្ណ ម៉ូនីកា បានប្រាប់ គេហទំព័រកម្សាន្ត LookingTODAY តាមសារអេឡិចត្រូចនិកថា តាំងពីថ្ងៃនោះមក នាងពិតជាបារម្ភ ពីសុវត្ថិភាពផ្ទាល់ ខ្លាំងណាស់ ព្រោះគិតថា ពេលនេះអាច មានមនុស្ស ដែលមានបំណងអាក្រក់ កំពុងតាមគម្រាមប៉ុនប៉ង ធ្វើបាបខ្លួននាង ។ ប៉ុន្តែយ៉ាងណាមិញ នាង និងពូ ក៏បានរាយការណ៍ប្រាប់ ទៅដល់អាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចហើយ ដែរអំពីរឿងនេះ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]