ភ្នំពេញ៖ នាពេលបច្ចុប្បន្ន វិស័យកីឡា នៅប្រទេសកម្ពុជា ហាក់មានការរីកចំរើន គួរឲ្យកត់សំគាល់ បើធៀបទៅនឹង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ វិស័យប្រដាល់ក្បាច់គុន បុរាណខ្មែរ ដែលមានអាយុកាល រាប់ពាន់ឆ្នាំមកហើយ នៅតែពេញនិយម សំរាប់ប្រជាជនទូទៅ ជាពិសេស អ្នកដែលមានវ័យកណ្តាល និងមនុស្សចាស់។ ដូច្នេះដើម្បីចង់ដឹងពីជីវិត និងការតស៊ូ របស់កីឡាករ ប្រដាល់ក្បាច់គុន បុរាណខ្មែរ ក្រុមការងារ ខ្មែរឡូត បានធ្វើការទាក់ទង ធ្វើកិច្ចសម្ភាសន៍ ជាមួយកីឡាករប្រដាល់ ល្បីឈ្មោះមួយរូប របស់កម្ពុជា គឺកីឡាករ ពេជ្រ សីហា។ 


ពេជ្រ សីហា ក្នុងវ័យកុមារ ជាមួយបងប្រុស ពេជ្រ សុផាន់

ស្របពេលដែលយុវជន ជាច្រើន នៅតាមស្រុកស្រែចំការខ្លះ មករាជធានីភ្នំពេញ ដើម្បីរៀនសូត្របន្ត ខ្លះទៀតមកភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ កីឡាករពេជ្រ សីហា ក្នុងវ័យ ១៥ឆ្នាំ ឯណេះវិញ បានមកភ្នំពេញ តាមបងប្រុសរបស់ខ្លួន ពេជ្រ សុផាន់ ដែលជាកីឡាករ ប្រដាល់ជើងខ្លាំង មួយរូប ដើម្បីហ្វឹកហាត់ ក្បាច់គុនបុរាណខ្មែរ ក្នុងគោលបំណង រួមចំណែក ថែរក្សាកេរ្តិ៍មរតក ក្បាច់គុន របស់ដូនតា និងចង់ក្លាយខ្លួន ជាកីឡាករ ប្រដាល់ ល្បីឈ្មោះម្នាក់។

ប្រវតិ្តរូបសង្ខេប៖

កីឡាករ ពេជ្រ សីហា កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៨៩ បច្ចុប្បន្នមានអាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានកំពស់ ១ ម៉ែត្រ និង ៧២សង់ទីម៉ែត្រ។

ការឈានជើងចូលវិស័យកីឡាប្រដាល់

សីហា កើតនៅក្នុងក្រុមគ្រួសារ ដែលមានឪពុកម្តាយ ជាអ្នកស្រែចំការ ដែលមិនមាន ឈាមជ័រ ជាអ្នកប្រដាល់នោះទេ គឺមានតែបងប្រុស គេតែម្នាក់គត់ ដែលចូលប្រឡូក ក្នុងវិស័យនេះ។ នៅឆ្នាំ ២០០៤ ពោលគឺក្នុងវ័យ១៥ ឆ្នាំ កុមារា ពេជ្រ សីហា បានបោះបង់ការសិក្សា ត្រឹមថ្នាក់ទី ៨ ដើម្បីធ្វើដំណើរ ជាមួយបងប្រុស ពេជ្រ សុផាន់ ដែលមានអាជីព ជាអ្នកប្រដាល់ មកកាន់រាជធានីភ្នំពេញ ដោយជ្រកក្រោមដំបូល ក្លឹបប្រដាល់ កងយុទ្ធពល ខេមរភូមិន្ទ ដែលជា ក្លឹបប្រដាល់ដំបូងបំផុត ក្នុងអាជីពរបស់ខ្លួន។ 

ការចាកចោល ស្រុកកំណើត ចោលល្បែងលេង ចោលការរៀនសូត្រ មិត្តភក្តិ និងក្រុមគ្រួសារ មករៀនរស់ ដោយខ្លួនឯងបែបនេះ បានធ្វើឲ្យ សីហា មានការលំបាក យ៉ាងខ្លាំង ដោយ ២-៣ ខែដំបូង គាត់តែងអង្គុយយំ តែម្នាក់ឯង ព្រោះនឹកស្រុកកំណើត។

ការក្លាយខ្លួនជាកីឡាករល្បីឈ្មោះ

នៅក្នុងក្លឹបប្រដាល់ ក្រសួងការពារជាតិ (អតីត ខ.ភ.ម) ពេជ្រ សីហា ព្រោះតែដើម្បី អនាគត និងការចង់ សំរេចបំណង របស់ខ្លួន ដើម្បីកសាង កេរ្តិ៍ឈ្មោះ រូបគេបានខិតខំ ហ្វឹកហាត់ រហូតមានឈ្មោះ បោះសំលេង និងត្រូវបានប្រិយមិត្ត អ្នកស្នេហា វិស័យប្រដាល់ ចាត់ទុករូបគេជា កីឡាករជើងខ្លាំង មួយរូបរបស់កម្ពុជា។

ក្នុងរយៈពេលជាង ១១ ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់ កីឡាករ ពេជ្រ សីហា ធ្លាប់ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិបាន ៩៨ ដង ឈ្នះ ៧៦ ដង ចាញ់ ១៦ ដង និងស្មើ ៦ ដង។ នៅការប្រកួតថ្នាក់ជាតិ សីហា ធ្លាប់ឈ្នះជើងឯក ទូទាំងប្រទេស និងរងជើងឯក ជាច្រើនដង ផ្សេងទៀត រីឯការប្រកួត អន្តរជាតិវិញ រូបគេធ្លាប់យកឈ្នះ កីឡាករបរទេសជាច្រើន ថែមទាំងធ្លាប់ធ្វើដំណើរ ទៅប្រកួតនៅក្រៅប្រទេស ជាច្រើនដង ដូចជា ធ្លាប់តំណាងឲ្យកម្ពុជា ទៅប្រកួតប្រដាល់ដ៏ធំ THAI FIGHT នៅប្រទេសថៃ និងប្រកួតអន្តរជាតិ នៅឥណ្ឌូនេស៊ី ហើយបានឈ្នះខ្សែក្រវ៉ាត់ ប្រដាល់ ក្បាច់គុនបុរាណខ្មែរ ពីប្រទេសអូស្រ្តាលី ថែមទៀតផង។


ពេជ្រ សីហា ក្នុងការប្រកួតប្រដាល់ដ៏ធំ THAI FIGHT នៅប្រទេសថៃ

បើទោះជាមានបងប្រុស ជាអ្នកប្រដាល់ ក៏ពិតមែន តែ ពេជ្រ សីហា បានយក អធិរាជ ជង្គង់ទិព្វ កែងឆេះ អេ ភូថង គឺជានិមិត្តរូបរបស់ខ្លួន។ ក្រៅពីកីឡាប្រដាល់ សីហា ចូលចិត្តកីឡាបាល់ទាត់ ដោយរូបគេផ្ទាល់ គឺជាអ្នកគាំទ្រ ដ៏ផ្គាប់មុខម្នាក់ របស់ក្លឹប Manchester United នៃប្រទេសអង់គ្លេស។

ចំពោះជីវិតស្នេហាវិញ ពេជ្រ សីហា នៅមិនទាន់គិតគូរ នៅឡើយទេ ប៉ុន្តែកីឡាករជើងខ្លាំង រូបនេះ បានបង្ហើបឲ្យដឹងថា គេធ្លាប់មានសង្សារ ម្តង ពីរដង ដែរ តែក្រោយមក ក៏បែកគ្នាវិញ។ ក្រៅពីអាជីពជាកីឡាករ ប្រដាល់ ពេជ្រ សីហា មិនទាន់គិត ពីការប្រកបរបរ អ្វីផ្សេងទៀតនោះទេ ហើយគោលដៅ សំរាប់ពេលនេះ គឺរូបគេកំពុងត្រៀមខ្លួន ហ្វឹកហាត់ ដើម្បីប្រកួតប្រដាល់ ដណ្តើមជើងឯក ខារ៉ាបាវ ដែលមានទឹកប្រាក់ ចំនួន ៥០០០ ពាន់ដុល្លារអាមេរិក៕

កម្រងរូបភាពបង្ហាញពីការប្រកួត និងការឈ្នះជើងឯករបស់ កីឡាករ ពេជ្រ សីហា នាពេលកន្លងទៅ៖ 







ដោយ៖ រ័ត្ន & ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង