ភ្នំពេញ៖ ក្រោយពីគេហទំព័រកម្សាន្ត LookingTODAY បានធ្វើការចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា «ឃិត សំម៉ាលីស ចង់ល្បីខ្លាំងពេក យកអាវវ៉ែនតា មកពាក់ខាងក្រៅ» ខណៈដែលព័ត៌មាននេះ ទើបតែចេញផ្សាយបាន២ថ្ងៃ ស្រាប់តែម្ចាស់សាម៉ីខ្លួន នាង ឃិត សំម៉ាលីស បានចេញមុខបកស្រាយ និងប្រាប់ពីម៉ូដអាវថ្មីរបស់នាង ដែលយកអាវវ៉ែនតា មកពាក់ សម្ញែងកណ្តាលវាលថា ជាម៉ូដថ្មី ដែលនាងកុម្ម៉ង់មកពីប្រទេសចិន ។

នៅក្នុងសារខ្លីមួយរបស់តារាចម្រៀងប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បានសរសេរបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា «ជាការពិតណាស់ រយៈពេល២ថ្ងៃមុន នាងខ្ញុំបានឃើញ ព័ត៌មានមួយ ដែលបងប្អូនបាន Share តៗគ្នា ពីសម្លៀកបំពាក់របស់នាងខ្ញុំ ក្នុងការសម្តែងនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEA-TV) ក្នុងកម្មវិធីមួយផងដែរ ហើយក្នុងនោះ នាងខ្ញុំក៏បានឃើញនូវមតិរិះគន់មួយចំនួន ។ ថ្ងៃនេះ នាងខ្ញុំ សូមធ្វើការបកស្រាយ ពីសម្លៀកបំពាក់នោះ ជាសម្លៀកបំពាក់ម៉ូដថ្មី ដែលនាងខ្ញុំទើបតែកុម្ម៉ង់ មកពីប្រទេសចិន បានចំនួន១សប្តាហ៍គត់» ។

តារាចម្រៀងដែលពើបប្រទះ រឿងអាស្រូវច្រើនគួរសម សម្រាប់ឆ្នាំ ២០១៥ កញ្ញា ឃិត សំម៉ាលីស បានសរសេរទៀតថា «សម្លៀកបំពាក់នោះ គ្រាន់តែជាម៉ូដសម័យថ្មីតែប៉ុណ្ណោះ ប៉ុន្តែប្រសិនជា ការស្លៀកពាក់ របស់នាងខ្ញុំ មិនសមរម្យ ឬបងប្អូនគិតថា មិនល្អ នាងខ្ញុំសុំអភ័យទោសផង ។ បញ្ហានេះផងដែរ ក៏មិនមានការពាក់ព័ន្ធ ឬក៏មានការ បង្គាប់បញ្ជាឲ្យនាងខ្ញុំ ស្លៀកពាក់សម្លៀកបំពាក់បែបនេះ ពីស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍នោះទេ» ។

ជាមួយគ្នានោះដែរ តារាចម្រៀងបែបយុវវ័យ ឃិត សំម៉ាលីស ក៏បាននិយាយបញ្ជាក់ទៀតថា «ទូរទស្សន៍អាស៊ីអាគ្នេយ៍ គ្រាន់តែអ្នកអញ្ជើញនាងខ្ញុំ ឲ្យឡើងសម្តែងតែប៉ុណ្ណោះ ហើយមុន ការសម្តែងពួកគាត់ ក៏បានឯកភាព និងយល់ព្រម ឲ្យនាងខ្ញុំស្លៀក សម្លៀកបំពាក់នោះផងដែរ ដោយសារសម្លៀកបំពាក់នោះ មិនបានបញ្ចេញភាពសិចស៊ី ឬសាច់នោះទេ គ្រាន់តែជាម៉ូដថ្មីតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបងប្អូន គិតថាមិនស័ក្តិសម ឬមិនល្អនាងខ្ញុំ ឃិត សំម៉ាលីស សូមអភ័យទោស ដល់បងប្អូនគ្រប់ៗគ្នា...» ។

ទស្សនិកជន បានសង្កេតឃើញថា សម្រាប់តារាចម្រៀង ដែលឡើងសម្ដែង និងច្រៀង នៅតាមកញ្ចាក់ទូរទស្សន៍ មានចំនួនច្រើនដួងមកហើយ តែងតែប្រព្រឹត្តខុសឆ្គង ក្នុងការស្លៀកពាក់ ឬច្រៀងចាក់ឌីសជាដើម ហើយទទួលរងនូវការរិះគន់យ៉ាង ចាស់ដៃ ពីសំណាក់មហាជន រហូតមានតារាខ្លះត្រូវបានស្ថានីទូរទស្សន៍ លែងហៅឡើងច្រៀងក៏មាន ព្រោះតែភាពសិចស៊ី និងការលេងម៉ូដ បែបខុសទំនងនេះឯង ។ ជាការសំខាន់បំផុតអ្នកសិល្បៈ គួរពិចារណាឲ្យបានវែងឆ្ងាយ មុននឹងធ្វើអ្វីមួយ នៅលើឆាកទូរទស្សន៍ ព្រោះត្រូវគិតថា មានមនុស្សរាប់ម៉ឺន រាប់លាននាក់ កំពុងទស្សនា ហើយជៀសវាង ការរិះគន់ណាមួយ ដែលអាចកើតឡើង ជាយថាហេតុមកលើខ្លួន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]