ឡុងដុងដ៍ៈ ប្រភពព័ត៌មានពីគេហទំព័រ អូឡាំពិកអន្តរជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវ ក្តៅ(Summer Olympics Game) ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ត្រូវបានគេបង្កើតឡើងដំបូងនាឆ្នាំ១៨៩៦ ក្នុងទីក្រុងអាតែន(Athens)ប្រទេសក្រិក ដែលជាទីក្រុងកំណើត នៃព្រឹត្តិការណ៍ដ៏ធំ លំដាប់ពិភពលោកមួយនេះ ។

កាលនោះព្រឹត្តិការណ៍នេះ ត្រូវបានគេឱ្យឈ្មោះថា “Games of the I Olympiad” ដែលបានចាប់ផ្តើមនាថ្ងៃ ទី៦-១៥ ខែមេសា ១៨៩៦ ដោយក្នុងនោះមានសមាជិក របស់អូឡាំពិកត្រឹមតែ ១៤ប្រទេសប៉ុណ្ណោះដែល បានចូលរួមប្រកួតជាមួយនឹង ៩ប្រភេទកីឡា ចែកចេញជា ៤៣វិញ្ញាសា មានអត្តពលិកសរុបចំនួន ២៤១ នាក់ ។

ក្នុងពិធីបើកសម្ពោធស្តេច ក្រិកដែលមានព្រះនាម George I ជាអ្នកចួលរួមបើកដែលបាន ធ្វើឡើងនៅឯពហុ កីឡដ្ឋាន Panthinaiko ប្រទេសក្រិក ។ សូមបញ្ជាក់ថា ទីក្រុងអាតែន ជាទីក្រុងមួយវ័យ ចំណាស់របស់ក្រិក ដែលសំបូរទៅដោយប្រភេទកីឡា បុរាណជាច្រើនដែលមានជា យូរលង់ណាស់មកហើយ ។
ការទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះនេះ បន្ទាប់ពីបញ្ចប់សមាជនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ២៣ មិថុនា ឆ្នាំ១៨៩៤ ដែលត្រូវបានរៀបចំ ឡើងដោយលោក Pierre de Coubertin ដែលជាសាស្ត្រាចារ្យ និងអ្នកប្រវត្តិសាស្រ្តផងដែរ ហើយក្នុងសមាជនោះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (The International Olympic Committee, IOC) ក៏បានបង្កើតឡើង នាពេលនោះដែរ ។

រហូតមកទល់នឹងពេលនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ មានអាយុកាល១១៨ឆ្នាំហើយ ចាប់ តាំងពីឆ្នាំ១៨៩៤មក ដែលមានទីស្នាក់កណ្តាល (Headquarters) ស្ថិតក្នុងទីក្រុង Lausanne ប្រទេសស្វីស មានលោក Jacques Count Rogge ជនជាតិប៊ែលហ្ស៊ិក វ័យ៧០ឆ្នាំ ជាប្រធាន ។
ព្រឹត្តិការណ៍នេះមានការអាកខាន ចំនួន ៣សម័យកាលគឺនៅឆ្នាំ ១៩១៦ ដោយសារសង្រ្គាម លោកលើកទី១ (World War I) ហើយឆ្នាំ១៩៤០ និង ១៩៤៤ សង្រ្គាមលោកលើកទី២ (World War II) ។

រហូតមកទល់នឹង ពេលនេះ IOC មាន២០៥ប្រទេសជាសមាជិក ហើយអូឡាំពិកលើកទី៣១ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់ គ្លេសគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២៧ កក្កដា និងបញ្ចប់ទៅវិញនាថ្ងៃទី១២ សីហា ឆ្នាំ២០១២ មាន២០៤ ប្រទេសចូលរួមប្រកួត និងមាន២៦ប្រភេទកីឡា ចែកចេញជា៣០២វិញ្ញាសា ក្នុងនោះមានអត្តពលិកសរុប ចំនួន ១០.៥០០នាក់ ៕

Photo by DAP-News

Photo by DAP-News

ដោយ៖ ធី ធេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]