រាជធានីភ្នំពេញ ៖ បន្ទាប់ពីរើទ្រនំផ្លាស់ ចូលផលិតកម្មថោនមក សុគន្ធ នីសា នៅតែរក្សាប្រជាប្រិយភាពខ្ពស់ដដែល ។ ស្របតាមសន្ទុះនៃការគាំទ្រ តារាចម្រៀងរូបនេះស្នើអ្នករៀបចំ កម្មវិធីឱ្យដំឡើងថ្លៃខ្លួននាង ឱ្យកាន់តែខ្ពស់ជាងមុន ។

ដើមឆ្នាំ២០១៥នេះ ផលិតកម្មថោនបានប្រកាសផ្តល់ ឱកាសឱ្យតារាស្រីស្រគត់ស្រគំសុគន្ធ នីសា សម្តែងភាពយន្ត ច្រើនរឿងវិញម្តងតាម រយៈ គម្រោងផលិតខ្សែភាពយន្ត របស់ផលិតកម្ម ។ ក្នុងគោលការណ៍លើក មុខមាត់តារាចម្រៀងនីសា ផលិតកម្មគ្រោងនឹង ផ្តល់តំណែងតួឯកសម្រាប់នាង ។

ខ្សែភាពយន្តរឿង «ចងចាំ» ដែល នីសា គ្រងតំណែងតួឯករួមជាមួយ តារាចម្រៀងករុណា ពេជ្រ នៅមិនទាន់ដាក់ បញ្ចាំងនៅឡើយទេ ខណៈអ្នកគាំទ្រទន្ទឹងរង់ចាំ ទស្សនាការសម្តែងខ្សែភាពយន្ តជាលើកដំបូងរបស់នាង ។ ក្រោយស្ងប់ស្ងាត់ចេញ បទចម្រៀងមួយរយៈពេលខ្លី សុគន្ធ នីសា បានបំបែកភាពស្ងប់ស្ងាត់ នោះជាមួយវ៉ុលចម្រៀង «ព្រះអាទិត្យទារជួបព្រះចន្ទ» ដែលជាប្រភេទបទចម្រៀង និងសាច់រឿងបែបកំប្លែង ហើយរំពឹងថា អាចនឹងទទួលបានការ គាំទ្រពីទស្សនិកជន ។

អ្នករៀបចំកម្មវិធីប្រគំតន្ត្រីម្នាក់ កាលពីពេល ថ្មីៗនេះលើកឡើងថា ការស្ទាបស្ទង់តម្លៃសម្រាប់តារាចម្រៀង ក្នុងស្រុកចាប់ផ្តើមជាថ្មី ហើយក្នុងនោះតារាចម្រៀង ភាគច្រើនគឺរក្សាតម្លៃខ្លួននៅដដែល អាចប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះលើលក្ខខណ្ឌ ប៉ុន្តែមានតែតារាចម្រៀង សុគន្ធ នីសា ម្នាក់ប៉ុណ្ណោះដែលទាមទារ តម្លៃខ្លួនខ្ពស់ជាងពេលមុខច្រើន ។ សុគន្ធ នីសាមានតម្លៃចេញច្រៀង ពីមុនត្រឹមតែ១.២០០ដុល្លារប៉ុណ្ណោះសម្រាប់កម្មវិធីប្រគំតន្ត្រីមួយ ដែលត្រូវច្រៀងពី៣ទៅ៤បទ ប៉ុន្តែពេលនេះនាងទារឡើងថ្លៃខ្លួនរហូត ដល់ប្រមាណ២.០០០ដុល្លារ ដែលតម្លៃនេះមិនទាបជាង មាស សុខសោភា និងសុខ ពិសី ឡើយ ។

អ្នកផលិតកម្មវិធីរូបនោះបញ្ជាក់ថា សុគន្ធ នីសា ទាមទារតម្លៃខ្ពស់ជាងមុនក្រោមហេតុផល ទៅលើការចំណាយកាន់តែច្រើន ជាមួយសំលៀកបំពាក់ ពិសេសការបង្កើតក្រុមរាំ ផ្ទាល់ខ្លួនរបស់នាង ។ ទោះជាយ៉ាងណាក្តី តម្លៃខ្លួនរបស់សុគន្ធ នីសា ស្ថិតនៅក្រោមតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នៅឡើយ គឺខុសគ្នាប្រមាណ ៥០០ដុល្លារប៉ុណ្ណោះ ។

អ្នកដឹកនាំការផលិតឈុតផ្សព្វផ្សាយ ពាណិជ្ជកម្មម្នាក់លើកឡើងថា តម្លៃខ្លួនរបស់សុគន្ធ នីសា នៅមិនទាន់ហក់ឡើងនៅឡើយ សម្រាប់ការសម្តែង ព្រោះបើសិនជាហក់ឡើង ខ្ពស់ជាងធម្មតាអាចនឹងធ្វើឱ្យម្ចាស់ ផលិតផលជ្រើសរើសតារាស្រីក្មេង មួយចំនួនផ្សេងពីនាង ។

ក្រៅពីអាជីពកំពុងតែហក់ឡើង ចំពោះរឿងស្នេហារបស់ តារាចម្រៀងសុគន្ធ នីសា វិញ ត្រូវអ្នកក្នុងចង្កោមសិល្បៈ លើកឡើងថា នាងកំពុងភ្ជាប់ចំណងស្នេហ៍ជាមួយ បុរសជាអាណិកជនខ្មែររស់នៅ សហរដ្ឋអាមេរិក ប៉ុន្តែវាមិនទាន់ប្រាកដប្រជា ឬនៅមិនទាន់មានដំណឹង ចូលរោងការនៅឡើយ ។

ក្រោយបែកសង្សារជាអ្នកនិពន្ធបទចម្រៀង នៅផលិតកម្មហង្សមាសមក សុគន្ធ នីសា អាចរក្សាប្រជាប្រិយភាពខ្ពស់ដដែល ។ នីសា មានរថយន្ត ទំនើបៗពីរគ្រឿងជិះឆ្លាស់គ្នា រួមទាំងផ្ទះតម្លៃប្រមាណ ១០ម៉ឺនដុល្លារសម្រាប់ស្នាក់នៅ ។ ក្រៅពីការងារសិល្បៈ នីសា បានបោះទុនរួមគ្នាជាមួយមិត្តភក្តិ បើកដំណើរការហាងលក់អាហារ គ្រឿងសមុទ្រឈ្មោះ «៨ មីនា» ពីរកន្លែង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា