ភ្នំពេញ៖ តារាសម្តែងស្រីរូបស្រស់កញ្ញា សុខ មុន្នីរក្សា ក្រោយពីបណ្តែតខ្លួនចូល វិស័យសិល្បៈ អស់រយៈកាលប៉ុន្មានឆ្នាំមកនេះ បច្ចុប្បន្ន ត្រូវបាន មហាជន អ្នកគាំទ្រមើលឃើញថា ទីផ្សារសម្តែង ក្នុងស្រុករបស់នាង ហាក់មានភាពលេចធ្លោឡើងគួរសម ស្របពេលដែល ឆ្នាំ២០១៥នេះ ជាឆ្នាំហុងស៊ុយ នាំលាភសំណាងឲ្យនាង ។

ទន្ទឹមនឹងភាពរីកចម្រើន ទៅមុខក្នុងអាជីពសិល្បៈ ក្នុងពេលនេះដែរ តារាសម្តែងចង្ការស្រួចកញ្ញា មុន្នីរក្សា ក៏កំពុងតែត្រូវបាន សាយភាយ មកព្រមៗគ្នា នៅដំណឹងតាមចោមរោមស្នេហ៍ ពីសំណាក់ក្រុមបុរសៗ អ្នកមានទ្រព្យស្តុក ទាំងក្នុងស្រុក និងអាណិកជនខ្មែរក្រៅស្រុក តែពុំទាន់មាន ប្រភពណា បញ្ជាក់ច្បាស់ នៅឡើយទេ ថាបេះដូងរបស់នាង រកឃើញម្ចាស់ហើយ ឬនៅ?

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះកញ្ញា សុខ មុន្នីរក្សា បាននិយាយប្រាប់ដោយ អារម្មណ៍ រីករាយថា សម្រាប់ការាងារសិល្បៈសម្តែងរបស់នាងសព្វថ្ងៃនេះ គឺមានការមមាញឹកខ្លាំង ចាប់តាំងពីដើមឆ្នាំ ២០១៥ មកម្ល៉េះ ។

តារាសម្តែងកញ្ញា សុខ មុន្នីរក្សា បាននិយាយបញ្ជាក់ថា «ការងារសម្តែងរបស់ខ្ញុំ គឺមានការរវល់ខ្លាំង ព្រោះរាល់ថ្ងៃនេះមាន ផលិតកម្ម ជាច្រើន គេបានទាក់ទងមកហៅខ្ញុំ ឲ្យទៅថតសម្តែងទាំងខ្សែភាពយន្ត និងឈុតកាយវិការខារ៉ាអូខេជាដើម ។ ម្យ៉ាងទៀតដោយសារ ខ្ញុំពេញចិត្តលើ ការងារសិល្បៈនេះផង ទើបរាល់ការហៅ ចេញថតសម្តែង ខ្ញុំតែងតែទទួលយក ដោយពុំមានការបដិសេធន៍មិនថា ផលិតកម្ម ណាមួយ នោះឡើយ ទើបបានជាមួយរយៈនេះ ខ្ញុំមានការរវល់បែបនេះ...» ។

កញ្ញា មុន្នីរក្សា បានបន្ថែមថា បើទោះបីជាបច្ចុប្បន្ននាង គឺជាតារាសម្តែងប្រចាំនៅផលិតកម្មថោនមែន តែរាល់ផលិតកម្មផ្សេងៗ ហៅ សម្តែងក៏អាចចេញថត បានដែរព្រោះថា នាងជាអ្នកសិល្បៈ គឺត្រូវការទីផ្សារ ឲ្យបានច្រើន និងទូលំទូលាយបន្ថែមជាងនេះ ។

ដោយឡែកសម្រាប់រឿងរ៉ាវជីវិតស្នេហាឯកជនផ្ទាល់ខ្លួនវិញ ត្រូវបានតារាស្រីកញ្ញា សុខ មុន្នីរក្សា និយាយដោយទទួលស្គាល់ថា វាជារឿង ធម្មតា យើងជាអ្នកសិល្បៈ ភាគច្រើន គឺតែងមាន គេតាមស្រឡាញ់ច្រើន ។ ប៉ុន្តែបើឲ្យនិយាយប្រាកដ ជាក់លាក់សម្រេចជ្រើស យកគូស្នេហ៍ណាមួយ នោះ គឺអត់ទាន់ មានទេបង ព្រោះចង់នៅគិតគូរពីរឿងការងារសិន ។

តារាសម្តែងវ័យ២៥ឆ្នាំកញ្ញា សុខ មុន្នីរក្សា បាននិយាយបន្ថែមទៀតថា នាងធ្លាប់បាននិយាយ ហើយថា ទាន់ការងារសិល្បៈជោគជ័យសិន ទើបគិត គូរពីរឿងស្នេហានេះម្តង ។ ម្យ៉ាងពេលនេះ ការងារសិល្បៈ របស់នាងកំពុង ដើរទៅមុខ ហើយបើឲ្យយកអារម្មណ៍ ទៅគិតគូរជាមួយ រឿងនេះខ្លាចវា មានភាព ច្របូកច្របល់ ការងារលែងដើរទៅមុខ ។ ដូច្នេះទើបមិនទាន់គិតទេ ពេលនេះគ្រាន់តែ មើលទុកសិន ថាអារម្មណ៍ខ្ញុំ គួរជ្រើសរើស និងស្រឡាញ់ មនុស្សរបៀបណានោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]