រាជធានីភ្នំពេញ ៖ មេប៉ុស្តិ៍នគរបាលផ្សារថ្មី១ ត្រូវរថយន្តវីហ្គោគ្មានស្លាកលេខបើកដេញបំបុកពីកែងផ្លូវលេខ៥៣ និង១៣៦ ហើយអូសម៉ូតូ និងមនុស្សរហូតដល់មុខច្រកទ្វារចូលខាងកើតផ្សារធំថ្មីជាង ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៧ កក្កដា ២០១២ បណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរបច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុគេឃើញលោកមេប៉ុស្តិ៍នគរបាលផ្សារថ្មី១-ឈ្មោះនូ ពន្ធុល ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់់ស្លាកលេខនគរបាលម្នាក់ឯងល្បាតតាមផ្លូវលេខ១៣៦ (ខាងត្បូងផ្សារធំថ្មី) ឆ្ពោះទៅទិសខាងកើត លុះមកដល់កែងផ្លូវលេខ៥៣ ស្រាប់តែមានរថយន្តម៉ាកវីហ្គោពណ៌គ្មានស្លាកលេខបើកលើកំណាត់ ផ្លូវលេខ៥៣ ទៅទិសខាងជើងក្នុងល្បឿងយឺតៗ ។ ខណៈពេលឃើញមេប៉ុស្តិ៍នគរបាលផ្សារថ្មី១ជិះម៉ូតូមកដល់ក៏បើក រថយន្តបំបុកពីក្រោយ ហើយម៉ូតូ និងមនុស្សជាប់កាងមុខរួចបន្ថែមល្បឿនអូសរហូតជាង១០០ម៉ែត្រ លុះដល់មុខច្រកទ្វារខាងកើតចូលផ្សារធំថ្មីរថយន្តនោះដាក់លេខ ថយក្រោយទើបរបូតម៉ូតូ និងមេប៉ុស្តិ៍ ។ រថយន្តបង្កមិនបានឈប់ឡើយ បែរជាបន្ថែមល្បឿនបើកគេចតាមផ្លូវលេខ៥៣ ឆ្ពោះទៅទិសខាងជើងបាត់ស្រមោល ចំណែកមេប៉ុស្តិ៍នគរបាលផ្សារថ្មី១ ត្រូវបានកូនចៅដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]